សម្តេច​ក្រឡាហោម​សខេងៈ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព​

252
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៤=២០១៨​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៩=២០២៣​ព្រមទាំង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១​និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៧​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​។​

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កម្ពុ​ជាការ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​នេះ​ឡើង គឺ​ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម​កើតឡើង​ដោយសារ​សង្គ្រាម​ជាពិសេស​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​រួមមាន​៖​ស្ត្រី​មេម៉ាយ​កុមារកំព្រា​ជន​មាន​ពិការភាព​ព្រមទាំង​បន្សល់​នូវ​គ្រាប់មីន​និង​កាកសំណល់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​រាប់សែន​តោន។ នេះ​ជា​សោកនាទកម្ម​មួយ​របស់​កម្ពុជា​ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​ទទួលរង​ពី​ការទម្លាក់​គ្រាប់បែក​រាប់លាន​តោន​ហើយ​ធ្វើឱ្យ​របួស​ពិការ​ស្លាប់​រាប់លាន​នាក់​ដោយ​គ្មាន​ការទទួលខុសត្រូវ​ហើយ​បន្ទុក​បាន​ធ្លាក់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​សម័យនេះ​។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា​ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​១០​ឆ្នាំ​នៃ​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​ជន​មាន​ពិការភាព​និង​សកម្មភាព​ទាំងឡាយណា ដែល​ទាក់ទង​នឹង​ពិការភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៤=២០១៨​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៤​ដែល​ផែនការ​នេះ​ត្រូវបាន​ចាត់ទុកជា​ឧបករណ៍​គោលនយោបាយ​ជា​ថាមវន្ត​ដែល​បានទាមទារ​ឱ្យមាន​ការតាមដាន​ការត្រួតពិនិត្យ​ការវាយតម្លៃ​និង​កែលម្អ​ជាប្រចាំ​ឆ្លើយតប​ទៅនឹង​សកម្មភាព​ជាក់ស្តែង​នៃ​វិស័យ​ពិការភាព​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​។

​ការដោះស្រាយ​ជាក់លាក់​និង​បទពិសោធ​ល្អៗ​សម្រាប់​រួមចំណែក​ដល់​ការកសាង​សមត្ថភាព​នៃ​ការអនុវត្ត​វិស័យ​ពិការភាព​នៅ​កម្ពុជា​បាន​ក្លាយជា​ជំហាន​មួយ​ឆ្ពោះទៅរក​ការលុបបំបាត់​ឧបសគ្គ​នានា​និង​ផ្ដល់ឱកាស​ដល់​ជន​មាន​ពិការភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ប្រែក្លាយ​សង្គម​មួយ​ដើម្បី​យើងទាំងអស់គ្នា​។​

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤=២០១៨​នាពេល​កន្លងមក​បាន​ប្រើប្រាស់​អភិក្រម​ផ្អែកលើ​កម្មវិធី​នានា​ដែល​ធានាឱ្យមាន​ការសម្របសម្រួល​ជា​យុទ្ធសាស្ត្រ​និង​ជំរុញ​ដល់​ការពង្រឹង​បន្ថែម​នូវ​កាលានុវត្តភាព​នានា​ក៏ដូចជា​ការពង្រីក​នូវ​អត្ថប្រយោជន៍​និង​ផលចំណេញ​ដល់​ជន​មាន​ពិការភាព​។​

​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​រស់រានមានជីវិត​សិទ្ធិ​ទទួលបាន​ការការពារ​សិទ្ធិ​ក្នុងការ​អភិវឌ្ឍ​និង​សិទ្ធិ​ក្នុងការ​ចូលរួម​ពិសេស​ការបញ្ចូល​ជន​មាន​ពិការភាព​ទៅក្នុង​កិច្ច​អភិវឌ្ឍ​សម្រាប់​សង្គមជាតិ និង​ពិភពលោក​ទាំងមូល​។​

​សម្តេច​ក្រឡាហោម​បានបញ្ជាក់​ទៀតថា​រាជរដ្ឋាភិបាល​បានផ្តល់​សេវា​គាំទ្រ​ដល់​ការរស់នៅ​ផ្តល់​កន្លែង​ស្នាក់អាស្រ័យ​និង​សេវា​សហគមន៍​ផ្សេងៗ​ទៀត​ដល់​ជន​មាន​ពិការភាព​និង​អតីតយុទ្ធជន​មាន​ពិការភាព​ដើម្បី​ជួយ​ឱ្យ​ពួកគេ​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​រួមបញ្ចូល​ទាំង​ការចូលរួម​យ៉ាង​ពេញលេញ​នៅ​សហគមន៍​។​

សិទ្ធិ​ទទួលបាន​ការងារ​និង​ឱកាស​ចិញ្ចឹមជីវិត​ឈរលើ​ទីផ្សារការងារ​ព្រមទាំង​បរិយាកាស​ការងារ​បើក​ទូលាយ​សម្រាប់​ជន​មាន​ពិការភាព​ត្រូវបាន​ទទួលស្គាល់​និង​យកចិត្តទុកដាក់​ព្រមទាំង​មានការ​ជំរុញ​ពី​សំណាក់​រាជរដ្ឋាភិបាល​ដោយ​ហាមឃាត់​ដាច់ខាត​ចំពោះ​ការរើសអើង​ពិការភាព​លើ​គ្រប់​ទម្រង់​នៃ​ការងារ​រួមទាំង​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ការជួល​ការបម្រើ​ការងារ​ការបន្ត​ការងារ​ការអភិវឌ្ឍ​មុខរបរ​និង​លក្ខខណ្ឌ​ការងារ​ដែលមាន​សុវត្ថិភាព​និង​ផាសុកភាព​។​ការអភិវឌ្ឍ​មុខរបរ​និង​លក្ខខណ្ឌ​ការងារ​ដែលមាន​សុវត្ថិភាព​និង​ផាសុកភាព​។​

​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព​ការលើកកម្ពស់​ការងារ ព្រមទាំង​មុខរបរ​ស​មរ​ម្យ ត្រូវបាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ទន្ទឹមនឹង​នេះ​ការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ពីរ​ដ្ឋ​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ តាមរយៈ​ការផ្តល់​របប​គោលនយោបាយ​។ ក្រៅពីនេះ សប្បុរសជន និង​សង្គម​ស៊ីវិល ព្រមទាំង​ដៃគូ​អភិវឌ្ឍ​ក៏បាន​ចូលរួមចំណែក​ទាំង​ធនធាន​ថវិកា​និង​ធនធានមនុស្ស​ដើម្បី​សម្រេចបាន​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម