រកឃើញ​ងៀត​ត្រី​ផ្ទោង​៤០​គីឡូក្រាម​ និង​ប័​រ​២០​កំប៉ុង ខូចគុណភាព​នៅ​​ផ្សារ​វាល​យន្ត​!​កាំកុងត្រូល​ខេត្តស្វាយ​រៀង ដកហូត​យកទៅ​ដុត​កំទិច​​ចោល​

234
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ដើម្បី​ធានា​ឱ្យបាន​សុវត្ថិភាព ចំណីអាហារ ជូន​ប្រជាពលរដ្ឋ​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ​ឆ្នាំ​២០១៩​នេះ បាន​សហការ​ជាមួយ​​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ នៅក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេត​ប្រើប្រាស់ ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​មួយ​នេះ​។​

​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បានឱ្យដឹងថា ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួមគ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់គ្នា​ជា​អ្នកប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​របស់​មនុស្ស​។​

​លោក​បាន​បញ្ជាក់ថា ក្រោយ​ធ្វើការ​ពិនិត្យ​មុខទំនិញ​ចំនួន​ជាច្រើន​មុខ ក្នុង​ផ្សារ​វាល​យន្ត​នេះ បាន​រកឃើញ​ទំនិញ​ខូចគុណភាព ក្នុងនោះ​មាន​ប័​រ​២០​កំប៉ុង និង​ងៀត​ត្រី​ផ្ទោង​៤០​គីឡូក្រាម ចំណែក​អ្នកលក់​ក៏បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់ទំនិញ​ដែល​ខូចគុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់គ្នា បាន​យល់ដឹង​នូវ​ផលប៉ះពាល់​ដល់ សុខភាព​របស់​ពលរ​ដ្ឋ​។​

​លោក ផឹង និល បានធ្វើការ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ ឱ្យបាន​ច្បាស់លាស់ មុននឹង​ទិញយក​ទៅ​បរិភោគ​។ ជាពិសេស​ចំណីអាហារ​ក្មេងៗ​និយម​បរិភោគ ត្រូវ​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់ សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ នៅតាម​ផ្សារ​នានា នៅក្នុង​ខេត្តស្វាយរៀង ឱ្យ​បានជា​បន្តបន្ទាប់​ប​ន្ថែ​ម​ទៀត​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម