អភិបាល​រាជធានី​បង្ហាញ AIMF​ថា​ ៖​ក្នុង​រយៈពេល​៤០​ឆ្នាំនេះ​ការគ្រប់​គ្រង​ទីក្រុង​ភ្នំពេញ​ មាន​ការវិវឌ្ឍ​ចំនួន​៥​ដំណាក់កាល​ធំៗ​

271
ចែករម្លែក

ដោយ​:រ៉ា​ម៉ន​/​ភ្នំពេញ ​៖ រាជធានី​ភ្នំពេញ​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មហា​សន្តិ​បាត​លើក​ទី​៣៩ របស់​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ដែលមាន​អភិបាលក្រុង​ចំនួន​៤០៤​ទីក្រុង មកពី​៤១​ប្រទេស លើកឡើង​ពី ការ​ស្តារឡើងវិញ និង​ការអភិវឌ្ឍ​ទីក្រុង​។

កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ នេះ​នៅ​សណ្ឋាគារ​សុខា​រេ​ស៊ី​ដង់​ភ្នំពេញ មហា​សន្តិ​បាត​លើក​ទី​៣៩ របស់​សមាគម​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​បើក​ដំណើរការ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​អ​ចិន្ត្រី​យ៍​សមាគម​អន្តរជាតិ​នៃ​អភិបាល​ប្រើប្រាស់​ភាសា​បារាំង បាន​ថ្លែងថា “​មហាសន្និបាត​លើក​ទី​៣៩ របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​គឺជា​ព្រឹ​ត្ត​ការណ៍ ប្រវត្តិសាស្ត្រ​សម្រាប់​សមាគម AIMF និង ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ឈានទៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ និង​ទូលំទូលាយ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទីក្រុង​ជាមួយ​សមាគម​និង ទីក្រុង​ជាមួយ​ទីក្រុង ដែលជា​សមាជិកសមាគម អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​”​។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) ដែលជា​គំរូ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​គាំទ្រ​យន្តការ​ស្ថាប័ន បាន​ចូលរួម​បង្កលក្ខណៈ និង​ផ្ដល់ឱកាស​ដល់​អភិបាល នៃ​បណ្តា​ទីក្រុង និង​សមាគម​ជា​សមាជិក​ទាំងអស់ បាន​ជួបពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​ព័ត៌មាន​ល្អ​១ នៃ​ការអភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​នីមួយៗ ក្នុង​ក្របខណ្ឌ​ហ្វ្រ​ង់​កូ​ហ្វូ​នី​យ៉ាងណាមិញ​។​

ក្នុងនោះ​លោក ឃួ​ង ស្រេង បាន​បង្ហាញថា​៖ រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤០​ឆ្នាំនេះ​ការគ្រប់គ្រង​ទីក្រុង​ភ្នំពេញ មាន​ការវិវឌ្ឍ​ចំនួន​៥ ដំណាក់កាល​ធំៗ​គឺ ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩៣ ការគ្រប់គ្រង​ទីក្រុង​ភ្នំពេញ ដើរតួនាទី​អនុវត្ត​ដើម្បី មូលហេតុ​សន្តិភាព​, ទទួលយក​ការធ្វើ​មាតុភូមិនិវត្តន៍​និង​ប្រឆាំង​ការវិលត្រឡប់​នូវ​របប​ប្រល័យពូជសាសន៍​។ ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០០ ការគ្រប់គ្រង​ទីក្រុង​ភ្នំពេញ ដើរតួនាទី​អនុវត្ត​ដើម្បី មូលហេតុ​រក្សា​ស្ថិរភាព​នយោបាយ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ទីក្រុង​ឡើងវិញ​។ ឆ្នាំ​២000 ដល់​ឆ្នាំ​២០០៨ ការគ្រប់គ្រង​ទីក្រុង​ភ្នំពេញ ដើរតួនាទី​អនុវត្ត​ដើម្បី បុព្វហេតុ​សន្តិសុខ​ផ្ទៃក្នុង បន្ត​ស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ទីក្រុង​។ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣៖ ការគ្រប់គ្រង​រាជធានី​ភ្នំពេញ​ដើរតួនាទី​អនុវត្ត​ដើម្បី បុព្វហេតុ​ពង្រឹង​សន្តិសុខ​-​សណ្ដាប់ធ្នាប់​សាធារណៈ​, បន្ត​ស្ដារ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ទីក្រុង​និង​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​។​ពី​ឆ្នាំ​២០១៣ រហូតដល់​សព្វថ្ងៃនេះ គឺ​ការគ្រប់គ្រង​រាជធានី​ភ្នំពេញ​ដើរតួនាទី​អនុវត្ត​ដើម្បី បុព្វហេតុ​កំណែទម្រង់​, អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ជា​អនាគត​ទីក្រុង​វៃឆ្លាត (Smart City)​។​

ក្នុងឱកាស​នោះ​លោក ព្យែ​រ ប៊ៃ​យ៉េ លេខាធិការដ្ឋាន​សមាគម​អន្តរជាតិ​នៃ​អភិបាល​ប្រើប្រាស់​ភាសា​បារាំង ថ្លែងថា “​ការស្ថាបនា​ទីក្រុង​ឡើងវិញ តោងទាម ទារ​សមត្ថភាព​របស់​ប្រជាជន និង​សមត្ថភាព​របស់​មន្ត្រី​ដឹកនាំ ដើម្បី​ជំនះ​នឹង​ផលប៉ះពាល់​ដែល​ផុស​ចេញពី​ការប្រែប្រួល​ផ្លាស់ប្តូរ​របស់​ទីក្រុង និ​ស្ថានភាព​តក់ស្លុត​ណាមួយ​។ ប៉ុន្តែ​សមត្ថភាព​ធន់​នឹង​ស្ថានការណ៍​ទាំងនេះ មិនមែនជា​របស់​កើតឡើង​ឯកឯង​ទេ ពោលគឺ វា​កកើត​និង​ធំធាត់​ឡើង ដោយមាន​ជំនួយ​ពី​គោលនយោបាយ​សាធារណៈ ពី​កម្មវិធី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ឬ​សកម្មភាព​មហាជន​ជាដើម ។ គំនិត​ផ្តួចផ្តើម​ទាំងនោះ នាំឱ្យ​អាច​បន្ថយ​បាន​នូវ​ការបាក់​បែក​ក្នុងសង្គម និង​ឆ្លើយតប​ចំៗ ទៅនឹង​ការរង់ចាំ​របស់​ប្រជាជន ដែល​ទន់ខ្សោយ​បំផុត​។ ការដាក់ឱ្យ​មានការ​អភិវឌ្ឍ​ទីក្រុង​មួយ​ប្រកបដោយ​សមធម៌ ដោយមាន​ការចូលរួម​ពី​ប្រជាជន​គឺជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​សម្រាប់​ធានាឱ្យមាន​ការស្ថាបនា​ទី​ក្រុង​ឡើងវិញ​ប្រកបដោយ​ចីរភាព​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម