ស្ទាក់ស្ទើរ​, សម្លឹង​, សន្តិ​, គម្រប់​, គគុក​, ស្និទ្ធ​, សិទ្ធិ

4262
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្ទាក់ស្ទើរ ( កិ​. ) ទើ​សទាក់ស្ទើរ​ដំណើរ : នាំ​ឲ្យ​ស្ទាក់ស្ទើរ​ដំណើរ ។ គុ​. ស្ទើរ​នៅ​ស្ទើរ​ទៅ​, រារែក​, អល់អែក : ចិត្ត​ស្ទាក់ស្ទើរ​, ដំណើរ​ស្ទាក់ស្ទើរ ។

​សម្លឹង សំ​-​ល៉ឹ​ង ( កិ​. ) មើល​ស្លឹង​, មើល​ដោយ​ធ្វើ​ភ្នែក​ស្លឹង​ឆ្ពោះ​ត្រង់​មិន​ងាក : ងើយ​សម្លឹង មើល​ផ្កាយ ។ សម្លឹងប្រយោជន៍ រំពឹងគិត​ចំពោះ​ប្រយោជន៍ ។ សម្លឹងពុត មើលពុត ។ សម្លឹងមុខ បើកភ្នែក​ធំ​មើល​ចំ​មុខ​អ្នកដទៃ ។​សម្លឹងអារម្មណ៍ ពិនិត្យ​អារម្មណ៍​ឲ្យ​ឃើញ​ជាក់​តាម​ការណ៍​ពិត ។​ល​។

​សន្តិ សន់​-​តិ បា​.; សំ​. ( ន​. ) (​សន្តិ​; ឝា​ន្តិ​) សេចក្ដី​ស្ងប់​; សេចក្ដី​សាន្តត្រាណ​; សេចក្ដី​រាបទាប : ស្រុក​មាន​សន្តិ ។ ព្រះ​និ​ញ្វ​ន ។ សន្តិករ ឬ សន្តិការកៈ អ្នកធ្វើ​សន្តិភាព (​បើ​ស្ត្រី​ជា សន្តិការិកា​) ។ សន្តិកាល ពេល​, សម័យ​ប្រកបដោយ​សេចក្ដី​សាន្តត្រាណ​, កាល​នៃ​ស្រុកទេស​, ដែល​ឋិត​នៅ ក្នុង​សេចក្ដីសុខ​ស្ងប់ ។ សន្តិភាព ភាព​ឬ​ដំណើរ​ស្ងប់​, សាន្តត្រាណ​, រាបទាប​; ដំណើរ​សះជា នឹង​គ្នា​: មាន​សន្តិភាព​, ធ្វើ​សន្តិភាព ។​

​គម្រប់ ( កិ​. ) ធ្វើ​ឲ្យ​គ្រប់​, បង្គ្រប់​, បំពេញ​ឲ្យ​គ្រប់ : មាន ៣ ហើយ​ត្រូវ​ថែម ២ មកទៀត​គម្រប់​ជា ៥ ។ ច្រើន​ប្រើ បង្គ្រប់ ជាង ។ ( បូ​. សំ​. ឬ គុ​. ) ដែល​ជាទី​បង្គ្រប់​ចំនួន : គម្រប់ ២, គម្រប់ ៣, គម្រប់ ៤, គឺ​ទី ២, ទី ៣, ទី ៤; ប៉ុន្ដែ​កុំ​ប្រើ គម្រប់ ១ ព្រោះ​មួយ​ជា​បូរណសំខ្យា​ទោល​ឯកឯង​, ត្រូវ​ប្រើ​ជា ទី ១ ឬ​ជាបឋម​, ជា​ប្រថម​, ជាដំបូង (​ធ្លាប់​សរសេរ គំរប់ ប៉ុន្តែ​ត្រូវ​ប្រើ គម្រប់ វិញ មានន័យ​ទៀងទាត់​តាម​លក្ខណៈ​វេយ្យាករណ៍​ខ្មែរ​) ។

​គគុក ( គុ​. ) ដែល​នៅ​ក្ដៅ​ងំ : ក្ដៅគគុក ។ ឧ​. ឬ កិ​. វិ​. ដែល​ហូរ​, ដែល​បក់​, ដែល​ទៅមក​បន្ត គ្នា​ឥតអាក់ : ទឹក​ហូរ​គគុក​, ខ្យល់​បក់​គគុក​, មនុស្ស​ដើរ​គគុក ។

​ស្និទ្ធ ស្និត សំ​. និង បា​. ( គុ​. ) (​រួមគ្នា​ម្ខាង​មួយ​តួ​; ស្និ​គ្ធ​; សិនិទ្ធ​) ដែលជា​ទីស្រឡាញ់​, ជាទី​ពេញចិត្ត​; ស្អិត​; ខាប់​; ឆ្ងាញ់​; ល្អ​; ល្អិតល្អ (​ម​. ព​. សិនិទ្ធ ផង​) ។ ខ្មែរ​ប្រើ​ជា កិ​. , កិ​. វិ​. ឬ គុ​. ស្រឡាញ់​ស៊ប់​, ស្រឡាញ់​អស់ពី​ចិត្ត​, ស៊ប់ចិត្ត​ឥត​រង្កៀស​, ទុកចិត្ត​ស៊ប់​; ជិតដិត​, ទំនុក​ទុកចិត្ត​, ឥត​រង្កៀស : ខ្ញុំ​មិនសូវ​ស្និទ្ធ​នឹង​គេ​ទេ​; បរិភោគ​ស្និទ្ធ​; មនុស្ស​ស្និទ្ធ​នឹង​គ្នា​, មិត្រ​ស្និទ្ធ ។ ជិតស្លុង : ឈើ​សាច់​ស្និទ្ធ​; ដៃ​ជាង​នេះ​បញ្ចុះដំណាប់​ស្និទ្ធ​ល្អ​ណាស់ ។ ស្និទ្ធជិត ជិតដិត​ណាស់​; ជិតស្លុង ឥតមាន​ស្នាម ។ ស្និទ្ធស្នាល (​ម​. ព​. ស្នាល​) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទី​ស្រឡាញ់ ស៊ប់​ជាប់ចិត្ត (​ព​. កា​.) ។ ស្និទ្ធស្នេហា ស្នេហា​ស៊ប់ចិត្ត​, ស្នេហ៍ស្និទ្ធ ។​ល​។

​សិទ្ធិ សិត​-​ធិ ឬ សិត សំ​. បា​. ( ន​. ) សេចក្ដីសម្រេច​; សេចក្ដីសម្រេច​ផល ឬ​ផល​សម្រេច​, ការសម្រេច​ប្រយោជន៍​; ការ​ដាច់ស្រេច​; ការ​សមប្រកប​, ការ​សម​តាម​បំណង​; សេចក្ដីសុខ​; សេចក្ដី​ស​ម្រើ​ន​; សេចក្ដី​ស័ក្ដិសិទ្ធិ​; សេចក្ដី​ខ្លាំងពូកែ​; សេចក្ដី​សម្បូណ៌​; សេចក្ដីសម្រេច​តាម អំណាចច្បាប់​; អំណាច​, សេចក្ដី​អង់អាច​; មុខ​ការដែល​ត្រូវ​សម្រេច​លើ​ខ្លួន (​ម​. ព​. សិទ្ធ ផង​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា