មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ធ្វើការ​បំភ្លឺ​អំពី​ករណី​សិស្ស​ដួលសន្លប់​រហូតដល់ ២៥​នាក់

536
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ លោក​ប្រធាន​ប្រតិបត្តិ នៃ​មន្ទីរពេទ្យបង្អែក ស្រុក​សំពៅ​លូន បានធ្វើការ​បំភ្លឺ​អំពី​ករណី​សិស្ស​ដួលសន្លប់ រហូតដល់ ២៥​នាក់ កាលពី​ថ្ងៃទី​២​ខែធ្នូ​នៅ​ចំណុច ក្នុង​បរិវេណ​វិទ្យាល័យ​សំពៅ​លូន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​ព្រឹក នៅ​ចំណុច​ក្នុង​បរិវេណ​វិទ្យាល័យ​សំពៅ​លូន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​សិស្ស​ចំនួន ២៥​នាក់ ក្នុងនោះ ស្រី ២៤​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅក្នុង​សាលា​ដោយ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​។​

​យោងតាម​សភាព​ជាក់ស្តែង​ដែល​លោកគ្រូ អ្នកគ្រូ បាន​សង្កេតឃើញ គឺ​ដំបូង​មាន​សិស្ស​ខ្លះ​ចាប់ផ្តើម​មាន​អាកា​រៈ​វិលមុខ​ថប់ដង្ហើម ហើយក៏​ចាប់ផ្ដើម​ទន់ដៃទន់ជើង​ដួលសន្លប់​ជា​បន្តបន្ទាប់​រហូត​មាន​ចំនួន ២៥​នាក់ ហើយ​នាយក​សាលា​បាន​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ដើម្បី​សង្គ្រោះ​បឋម​សិន​។ ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ មាន​សិស្សស្រី​បួន​នាក់​បាន​ធូរស្រាល ហើយក៏​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។ ចំណែក​២១​នាក់​ទៀត​បន្ត​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។​

​លោក​វេជ្ជបណ្ឌិត ចក់ សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន បានឱ្យដឹងថា ការដួលសន្លប់​ជា​បន្តបន្ទាប់​របស់​សិស្ស​វិទ្យាល័យ​សំពៅ​លូន​ទាំង​២៥​នាក់​នេះ បណ្តាលមកពី​មូលហេតុ​ច្រើនយ៉ាង ដូច​ជាការ​ទទួលទាន​អាហារ​មិនសូវ​គ្រប់គ្រាន់ ការ​សម្រាក​មិន​គ្រប់​ម៉ោង ដោយសារតែ​ខំប្រឹង​រៀន ដើម្បី​ត្រៀមប្រឡង អ្នកខ្លះ​គិតតែ​លេង​ហ្វែ​ស​ប៊ុ​ក​សម្រាក​បាន​តិច ទើប​ធ្វើឱ្យ​ជាតិ​កាល់ស្យូម​ថយចុះ និង​កត្តា​សំខាន់បំផុត​គឺ​កត្តា​ផ្លូវចិត្ត​។​

​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្តថា យោងទៅលើ​មូលហេតុ​ខាងលើនេះ ទើប​មាន​សិស្ស​ចំនួន​២៥​នាក់​ទន់ដៃទន់ជើង ងងឹតមុខ​ដួលសន្លប់​ជា​បន្ត​បន្តា​ប់ ដោយ​ឃើញ​ម្នាក់​ដួល​ហើយ​ភ័យ​ក៏​ដួល​តាម​គ្នា​តែម្តង​។ លោក​ប្រធាន​មន្ទីរពេទ្យ​បានបញ្ជាក់​ថា រហូតដល់​ល្ងាច​ថ្ងៃទី​៣​ខែធ្នូ​នេះ សិស្ស​ដែល​នៅសល់​២១​នាក់​បាន​ធូរស្រាល ហើយ​ចេញទៅ​លំនៅដ្ឋាន​វិញ​ជិត​អស់ហើយ គ្មាន​អ្នកណាម្នាក់​គ្រោះថ្នាក់​ដល់​ស្លាប់​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម