កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​វគ្គ​ផ្តាច់ព្រ័ត្រ​

433
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ហើយ​ជា​លើក​ទី​ពីរ​ដែលមាន​កញ្ញាឯក​ដ៏​ស្រស់ស្អាត​ចំនួន​៣០​រូប​មកពី​ជុំវិញ​ពិភពលោក​នឹង​ប្រកួតប្រជែង​គ្នា​នៅក្នុង​កម្មវិធី​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ណាហ្គា​វើ​លដ៍​ក្នុង​រាជធានី​ភ្នំពេញ​។​
​កម្មវិធី​ប្រកួត​កញ្ញាឯក​ដ៏​ល្បីល្បាញ​ប្រចាំឆ្នាំ​លើក​ទី​១៣​នេះ​នឹងត្រូវ​រៀបចំ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ខ្លួន​នៅ​សាល​មហោស្រព​NABA​នៅ​ណាហ្គា​វើ​លដ៍​ទី​២​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​ខណៈ​ឆ្នាំមុន​អ្នក​គ្រង​មកុដ​បាន​ទៅលើ​កញ្ញា Sarah Chebet Pkyach មកពី​ប្រទេស​កេ​ន​យ៉ា​។​

​សេចក្តីប្រកាស​ពត៌មាន​របស់​ណាហ្គា​វើ​លដ៍​បានឱ្យដឹងថា​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​នេះ​ផ្តល់ឱកាស​ដល់​កញ្ញាឯក​មកពី​គ្រប់​តំបន់​ទូទាំង​ពិភពលោក​អាច​ចែករំលែក​ផ្តោះ​ប្តូរ​និង​រៀន​ពីបទ​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។​កម្មវិធី​នេះ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួងទេសចរណ៍​កម្ពុជា​និង​ជា​វេទិកា​ដើម្បី​បង្ហាញ​“​ព្រះរាជាណាចក្រ​អច្ឆរិយៈ​”​វិស័យ​ទេសចរណ៍​និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​និង​ថ្លៃថ្នូរ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្បាស់​។​

​បន្ទាប់ពី​ការរៀបចំ​ការប្រកួត​ក​ញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​ប្រកបដោយ​ជោគជ័យ​កាលពី​ឆ្នាំ​២០១៦ ដែលជា​ឆ្នាំ​ទី​ដំបូង​ដែល​កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​នៅក្រៅ​ប្រទេស​ម៉ាឡេស៊ី​មណ្ឌល​កម្សាន្ត​ចម្រុះ​ដែល​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ណាហ្គា​វើ​លដ៍​គឺជា​ទីតាំង​ផ្លូវការ​សម្រាប់​កម្មវិធី​នេះ​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ជាថ្មី​ម្តងទៀត​។​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កញ្ញាឯក​ទាំងអស់​នឹងចូលរួម​ប្រកួត “​ឈុត​សម្លៀកបំពាក់​ប្រពៃណី​” នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១ នៅ​ថ្ងៃទី​១០ ខែធ្នូ​នេះ​។ កញ្ញា​កំពូល​សម្រស់​ទាំងអស់​ក៏​នឹងចូលរួម​ក្នុង​សកម្មភាព​លើកកម្ពស់​វប្បធម៌​ខ្មែរ​និង​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ជុំវិញ​រាជធានី​ភ្នំពេញ​ផងដែរ​រួមទាំង​ការ​ទស្សនកិច្ច​ទៅ​កន្លែង​ទេសចរណ៍​សំខាន់ៗ​ទៀតផង​។

​សូមជម្រាបថាៈ​វគ្គ​ផ្តាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ នៅ​សាល​មហោស្រព NABA ណាហ្គា​វើ​លដ៍​ទី​២ ដែល​បេ​ក្ខ​នារី​ម្នាក់​នឹងត្រូវ​គ្រង​មកុដ​ជា​កញ្ញាឯក និង​លេខ​ពីរ​ចំនួន ៤ រូប ខណៈ​ពានរង្វាន់​ពិសេស​នឹងត្រូវ​ប្រគល់​ផងដែរ​ដល់​កញ្ញា​ដែល​“​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​ប្រពៃណី​” “​មាន​ទេពកោសល្យ​ជាងគេ​” “​ប្រជាប្រិយ​ជាងគេ​” និង “​ថតរូប​ស្អាត​ជាងគេ​”​។​

​ទាក់ទង​នឹង​ប្រវត្តិ​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​នេះ​សហគ្រិន​ជនជាតិ​ម៉ាឡេស៊ី​លោក Tan SriDatukDannyOoi​បាន​បង្កើត​កម្មវិធី​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​នេះ​ឡើង​ក្នុង​ខែធ្នូ​ឆ្នាំ​២០០៧​ជាមួយ​គោលបំណង​បង្កើត​ឱកាស​អភិវឌ្ឍ​អាជីព​និង​ជំនាញ​ច្រើនជាង​មុន​ដល់​សុភាពនារី​ទូទាំង​ពិភពលោក​។​

ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​វគ្គ​ផ្តាច់ព្រ័ត្រ​តែងតែ​ត្រូវបាន​ធ្វើឡើង​ក្នុង​ទីក្រុង​កួ​ឡា​ឡាំ​ពួរ​រៀងរាល់ឆ្នាំ​លើកលែង​ក្នុង​ឆ្នាំ​២០១៦​ដែល​កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ណាហ្គា​វើ​លដ៍​ក្នុង​រាជធានី​ភ្នំពេញ​។​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​ដំបូង​បាន​ទៅលើ​កញ្ញាឯក​SorinaNeacsu​មកពី​ប្រទេស​រ៉ូ​ម៉ា​នី​ខណៈ​កញ្ញាឯក​អូស្ត្រាលី​បាន​គ្រង​មកុដ ៣ ដង​ក្នុងចំណោម ១២ លើក​ដែល​ត្រូវ​បានរៀបចំ​កន្លងមក​។

​រៀបចំ​ដោយ​ក្រុមហ៊ុន​D’TouchInternational​កម្មវិធី​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​នេះ​ត្រូវបាន​ទិញ​សិទ្ធិ​ពាណិជ្ជកម្ម​(franchise)​នៅ​៨០​ប្រទេស​ទូទាំង​ពិភពលោក​។​តាមដាន​សកម្មភាព​ថ្មីៗ​នៃ​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​នៅលើ ៖​ទំព័រ​ហ្វេ​ស​ប៊ុ​ក ៖ Miss Tourism Metropolitan International
​គេហទំព័រ​ផ្លូវការ ៖ http://www.mtmi.com.my/ ៕S/​