​សត្វ​រមាំង​នៅ​តំបន់​អាង​ត្រពាំងថ្ម​ជិត​រលាយ​ហើយ​

660
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​ឧ​ត្ត​រ​មានជ័យ​+​បន្ទាយ​មាន​ជ័​យៈ​សត្វ​រមាំង​នៅក្នុង​និង​ជុំវិញ​បរិវេណ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​គេ​បាន​កត់ត្រា​ឃើញថា​មាន​ចំនួន ៧០​ក្បាល​កាលពី​ឆ្នាំ ២០០៣​នោះ មកដល់​ឆ្នាំ​២០១៩​នេះ​មាន​ត្រឹមតែ​ចំនួន ១៧​ក្បាល​ប៉ុណ្ណោះ​។​ចំនួន​ធ្លាក់​ចុះមក​តិច​តូច​បំផុត​។​នេះ​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ផ្សេងទៀត​ត្រូវ​ក្រុមមន្ត្រី​ជំនាញ​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ត្រូវធ្វើ​ការការពារ​យ៉ាង​មុតមាំ​ទាំង​នៅក្នុង​តំបន់​ជំរក​បន្ត​ពូជ​,​កន្លែង​រក​ចំណី​និង​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​។​

​លោក​ស្រ៊ុន​ដា​រិ​ទ្ធិ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នាឱកាស​ការផ្សព្វផ្សាយ​ស្ដីពី​ការគ្រប់គ្រង​និង​អភិរក្ស​សត្វ​រមាំង​នៅ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​ដល់​កងទ័ព​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៤​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​នៅ​ឃុំ​បេង​ស្រុក​បន្ទាយ​អម្ពិល​ជាប់​ព្រំប្រទល់​តំបន់​ការ​ឫរ​ទេសភាព​អាង​ត្រពាំងថ្ម​ខេត្តបន្ទាយមានជ័យ​)​។​

​កាលពី​ថ្ងៃទី​២​ធ្នូ​កន្លងទៅ​លោក​ស្រ៊ុន​ដា​រិ​ទ្ធិ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖​ក្រសួងបរិស្ថាន​តាមរ​យៈ​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​ដែលជា​ស្ថាប័ន​ជំនាញ​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​កិច្ចការពារ​ធនធានធម្មជាតិ​និង​បរិស្ថាន​។​តាមរយៈ​ការកំណត់​តំបន់​សំខាន់ៗ​មួយចំនួន​ទៅជា​តំបន់ការពារធម្មជាតិ​របៀង​អភិរក្ស​ជីវៈចម្រុះ​និង​តំបន់​ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ​។​នាពេល​ថ្មីៗ​កន្លងមកនេះ​យើង​ក៏​កំពុងដំណើរការ​ដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​មួយចំនួន​ទៅជា​តំបន់​បេតិកភណ្ឌ​អាស៊ាន​ផងដែរ​។​

​លោក​បាន​បន្ថែមថា​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​មាន​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​ដែលមាន​ព្រំប្រទល់​ជាប់​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្នុងការ​ទ្រទ្រង់​ដល់​ការរស់នៅ​និង​បន្ត​ពូជ​របស់គេ​សត្វព្រៃ​សំខាន់​សំខាន់​ជាច្រើន​ប្រភេទ​។​ជាពិសេស​ប្រភេទ​សត្វ​រមាំង​ដែលជា​សត្វ​ម្រឹគ​និង​ជា​ប្រភេទ​ថនិកសត្វ​ជិត​ផុត​ពូជ​លើ​ពិភពលោក​។​

​សត្វ​ទាំងនេះ​មក​រស់នៅ​ចាប់ពី​ខែកក្កដា​ដល់​ខែមករា​ក្នុង​តំបន់​សហគមន៍​ព្រៃឈើ​កូនខ្លែង​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ជាប់​នឹង​ព្រំប្រទល់​ឃុំ​បេង​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​និង​រស់នៅ​បន្ត​ពូជ​នៅក្នុង​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​ចាប់ពី​ខែកុម្ភៈ​ដល់​ខែមិថុនា​ដែលជា​កន្លែង​មាន​ប្រភពទឹក​ចំណីអាហារ​និង​ជាទី​ជម្រក​គ្រប់គ្រាន់​។​

​លោក​ស្រ៊ុន​ដា​រិ​ទ្ធ​បាន​ជំរុញ​ឲ្យ​មានការ​ចូលរួម​ការពា​រ​និង​អភិរក្ស​ធនធានធម្មជាតិ​ជាពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ​។​ក្នុងនោះ​កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​សហគមន៍​និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​នៃ​ប្រភេទ​សត្វ​រមាំង​តាមរយៈ​ការ​ប្រមាញ់​ការជួញដូរ​ជាពិសេស​កាន់​លួច​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​ការពារ​ទីជម្រក​និង​ទី​បន្ត​ពូជ​សំខាន់​របស់​សត្វព្រៃ​ជិត​ផុត​ពូជ​នៅលើ​សកលលោក​ទាំងនេះ ៕S/

​រូបថត ៖ សត្វ​រមាំង​នៅ​តំបន់​អាង​ត្រពាំងថ្ម​ជិត​រលាយ​ហើយ , មន្ត្រី​ជំនាញ​បរិស្ថាន​ដាក់​គោលដៅ​ផ្សព្វផ្សាយ​ដល់​កងទ័ព​នៅ​កងពលតូច​អន្តរាគ​ន៍​លេខ​៤ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​មុនគេ​(​រូប​៖ សហការី )​

ទីតាំងផ្សាយពាណិជ្ជកម្ម