បារាំង​នឹង​សងសឹក​ប្រសិនបើ​អាម៉េរិក​ដំឡើង​ពន្ធ​លើ​ស្រា​សាំ​ប៉ា​ញ​និង​ឈី​ស​

404
ចែករម្លែក

បារាំង​កំពុង​ប្រឈម​នឹង​ការ​គំរាម​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងការ​ដំឡើង​ពន្ធ ១០០ ភាគរយ​លើ​ឈី​ស​ស្រា​សំប៉ាញ​និង​ផលិតផល​ផ្សេងទៀត​របស់​បារាំង ជាមួយ​មេដឹកនាំ​បារាំង​បាន​ប្រាប់​ទៅ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ​ថា ចំណាត់ការ​នេះ​នឹង​មានន័យ​ស្មើនឹង​ការវាយប្រហារ​ទៅលើ​អឺរ៉ុប​ទាំងមូល​។​

​អ្នកតំណាង​ពាណិជ្ជកម្ម​អាម៉េរិក​បានស្នើ​ដំឡើង​ពន្ធ​១០០​ភាគរយ​លើ​ទំនិញ​បារាំង​តម្លៃ ២,៤ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​សងសឹក​ចំពោះ​ពន្ធ​បារាំង​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​រួមមាន Google, Amazon និង Facebook ។​

​ប្រតិកម្ម​របស់​បារាំង​មាន​ភាព​រហ័ស​និង​ស្វាហាប់ ជាមួយ​ប្រធានាធិបតី​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់លោក​បាន​ព្រមាន​អំពី​ការឆ្លើយតប​ដ៏​ឆ្លាត​វៃ​របស់​អឺរ៉ុប ប្រសិនបើ​វិធានការ​របស់​អាម៉េរិក​ត្រូវបាន​អនុវត្ត​។​

​លោក​ម៉ា​ក្រុង​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​លោក​ត្រាំ​នៅក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ​នៅ​ទីក្រុង​ឡុង​ដ៍​ថា “​យើង​នឹង​ឃើញថា​តើ​ការពិភាក្សា​នឹង​ទៅដល់​ទីណា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ប៉ុន្តែ​វា​នឹង​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់​អឺរ៉ុប​។ ពីព្រោះ​ជាក់ស្តែង​វា​មិនមែនជា​ប្រទេស​បារាំង​ទេ​ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​ឬ​វាយប្រហារ ប៉ុន្តែ​ជា​អឺរ៉ុប​ទាំងមូល​”​។​

​លោក​ម៉ា​ក្រុង​និយាយថា​វា​មិន​យុត្តិធម៌​ទេ​ដែល​ប្រាក់ចំណូល​ឌីជីថល​ត្រូវបាន​យកពន្ធ​តិចជាង​ប្រាក់ចំណូល​មើលឃើញ​ជាក់ស្តែង​។ លោក​បាន​និយាយថា​ប្រទេស​បារាំង​មិនគួរ​ត្រូវគេ​យកមក​សងសឹក​តែម្នាក់ឯង​ដោយសារតែ​ចង់​កែប្រែ​អតុល្យភាព​ជាមួយនឹង​ពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នោះទេ​។​

​លោក​ម៉ា​ក្រុង​បាន​សួរថា “​សំណួរ​ដំបូង​របស់ខ្ញុំ​គឺថា​តើ​នឹងមាន​អ្វី​កើតឡើង​ជាមួយ​ចក្រភព​អង់គ្លេស​ដែល​បានអនុម័ត​ពន្ធ​ដូចគ្នា​? ចំពោះ​អ៊ីតាលី ពន្ធ​ដូចគ្នា​? អូទ្រីស អេ​ស្ប៉ា​ញ​…​។ បើ​យើង​ធ្វើ​មែនទែន​ចឹ​ង ប្រទេស​ទាំងនោះ​ក៏ត្រូវ​ធ្វើ​ដាក់​អ៊ីចឹង​ដូចគ្នា​ដែរ​”​។​

​ចំណាត់ការ​របស់​សហ​រដ្ឋ​អាម៉េរិក​ទំនងជា​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​។ លោក​ត្រាំ​បាន​និយាយថា សហភាព​អឺរ៉ុប​គួរតែ “​កែប្រែ​ឱ្យ​ប្រសើរឡើង បើ​មិន​ដូច្នោះ​ទេ​អ្វីៗ​នឹង​កាន់តែ​តានតឹង​”​។​

​លោក​ត្រាំ​បាន​និយាយ​មុនពេល​ជួប​ជាមួយ​លោក​ម៉ា​ក្រុង​ថា “​ខ្ញុំ​មិន​លង់​ស្នេហ៍​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះទេ ប៉ុន្តែ​ពួកគេ​គឺជា​ក្រុមហ៊ុន​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

ឈី​ស​បារាំង នឹង​ប្រឈម​ការដំឡើង​ពន្ធ​១០០​ភាគរយ​ពី​សហរដ្ឋ​អាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម