លោក​ម៉ាស​និយាយ​ការពារ​ពាក្យ “​បុរស​រំលោភ​កុមារ​” នៅក្នុង​អង្គជំនុំជម្រះ​ពីបទ​បរិហារកេរ្តិ៍​

4946
ចែករម្លែក

​សហ​ស្ថាបនិក​ក្រុមហ៊ុន Tesla លោក អេ​ឡុ​ន ម៉ាស បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ​ថា​លោក​មិនមាន​ចេតនា​ហៅ​អ្នក​មុជទឹក​ក្នុង​ល្អាង​ភ្នំ​ជនជាតិ​អង់គ្លេស​ម្នាក់​ថា​ជា​បុរស​រំលោភ​កុមារ​នោះទេ​ក្នុងអំឡុងពេល​ផ្ទុះ​ជម្លោះ​ដ៏​ល្បី​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​ប្រាប់​តុលាការ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​ថា គាត់​គ្រាន់តែ​និយាយ​ការពារ​ខ្លួន​គាត់​ពី​ការប្រមាថ​ប៉ុណ្ណោះ​។​

​មហាសេដ្ឋី​បច្ចេកវិជ្ជា​រូបនេះ​បាន​ប្រាប់​គណៈវិនិច្ឆ័យ​ជំនុំជម្រះ​ពីបទ​បរិហារកេរ្តិ៍​ថា គាត់ “​ខឹង​ចិត្ត​” នៅពេល​គាត់​ពណ៌នា​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​ឈ្មោះ វើ​មុន អាន់​ស្វត ដែល​បាន​ជួយសង្គ្រោះ​កីឡាករ​បាល់ទាត់​យុវជន​ជាប់​នៅក្នុង​ល្អាង​ភ្នំ​ក្នុងប្រទេស​ថៃ ថា “​បុរស​រំលោភ​កុមារ​” នៅក្នុង​សារ Twitter មួយ​។​

​ក្នុងអំឡុង​ជម្លោះ​កាលពី​ខែកក្កដា​ឆ្នាំ ២០១៨ លោក​អាន់​ស្វត​បាន​ពណ៌នា​សំណើ​របស់​សហគ្រិន​វ័យ ៤៨ ឆ្នាំ​រូបនេះ​ដើម្បី​សាងសង់​នាវាមុជទឹក​ខ្នាតតូច​ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​ទាំងនោះ​ថា​ជា “​ល្បិច​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​”​។​

​លោក​ម៉ាស ស្លៀកពាក់​ឈុតខ្មៅ​និង​ក្រវ៉ា​ត់ក​ខ្មៅ បាន​ប្រាប់​តុលាការ​ថា “​វា​គឺជា​ការវាយប្រហារ​ឥត​ចាំបាច់​ចំពោះ​ការប៉ុនប៉ង​ជួយសង្គ្រោះ​កុមារ​។ ខ្ញុំ​ខឹង​ចិត្ត​ណាស់​។ វា​ជាការ​ខុសឆ្គង​និង​ជាការ​ប្រមាថ ហើយ​ដូច្នេះ​ខ្ញុំ​ត្រូវតែ​ប្រមាថ​គាត់​វិញ​”​។​

​លោក​ម៉ាស​ត្រូវបាន​សាកសួរ​ដោយ​មេធាវី​របស់លោក​អាន់​ស្វត​គឺ​លោក លីន វូដ អំពី​ការអធិប្បាយ​របស់​អ្នក​មុជទឹក​រូបនោះ ដែល​និយាយថា ឧបករណ៍​សង់​ឡើង​របស់លោក​ម៉ាស (​កូន​នាវាមុជទឹក​) មិនត្រូវ​ជាមួយ​ល្អាង​នោះទេ ហើយ​បាន​លើកឡើងថា លោក​ម៉ាស “​គួរតែ​យក​នាវាមុជទឹក​របស់​គាត់​ទៅ​ដា​ក់នៅ​កន្លែង​ណា ដែល​សម​ទំនង​”​។​

​លោក​ម៉ា​សបាន​ឆ្លើយតប​វិញ​ថា “​វា​ជា​ពាក្យ​ក្រៀម​ទេ ខ្ញុំ​មិនមែន​ចង់​បានន័យថា​គាត់​ជា​ជន​រំលោភ​កុមារ​ទេ​”​។​

​លោក អា​ឡិច ស្ពី​រ៉ូ មេធាវី​របស់លោក​ម៉ាស​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា គណៈវិនិច្ឆ័យ​ដែលមាន​ស្ត្រី ៦ នាក់​និង​បុរស ២ នាក់​បាន​និយាយថា កូនក្តី​របស់គាត់​មិន​បង្ក​អន្តរាយ​អ្វី​ទេ នៅពេល​គាត់​វាយបក​ទៅលើ​លោក​អាន់​ស្វត ហើយ​ថា​ពាក្យសម្តី​របស់គាត់​ធ្វើឡើង​ដោយ​កំហឹង​។​

​លោក​ស្ពី​រ៉ូ​បាន​ប្រាប់​តុលាការ​ថា “​សារ Twitter ទាំងនោះ​មិនមែនជា​បទឧក្រិដ្ឋ​អី​នោះទេ​។ ពួកវា​ជា​សារ​លេងសើច​និង​តិះដៀល​នៅក្នុង​ជម្លោះ​រវាង​បុរស​ពីរ​នាក់​”​។​

​គាត់​បាន​កត់សម្គាល់ថា លោក​ម៉ា​សបាន​សុំ​អភ័យទោស​ចំពោះ​ការសរសេរ​លើ Twitter ថា “​បុរស​រំលោភ​កុមារ​” ហើយ​ដក​សារ​នោះ​ចេញពី Twitter របស់គាត់​វិញ ដោយនិយាយ​ម្តង​ទៀតថា ពាក្យសម្តី​របស់​កូនក្តី​របស់គាត់​គឺ​ពាក្យ​ជេរ​ទូទៅ​នៅ​អាហ្វ្រិក​ខាងត្បូង កន្លែង​ដែល​លោក​ម៉ាស​ធំធាត់​។​

​លោក​ស្ពី​រ៉ូ​បាន​បញ្ជាក់ថា “​បុរស​រំលោភ​កុមារ មានន័យថា បុរស​ចំណាស់​ឆ្កួត​លីលា​” នៅ​អាហ្វ្រិក​ខាងត្បូង​៕ ដោយ៖កញ្ញាដាលីស

លោក​អេ​ឡុ​ន ម៉ាស ថា “​បុរស​រំលោភ​កុមារ​” ជា​ពាក្យ​ក្រៀម​ប្រើ​ទូទៅ​នៅ​អាហ្វ្រិក​ខាងត្បូង មានន័យថា បុរស​ចំណាស់​ឆ្កួត​លីលា

ទីតាំងផ្សាយពាណិជ្ជកម្ម