ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជ​រដ្ឋាភិបាល​កម្ពុជាសោកស្តាយ នូវការ​បាត់បង់អាយុជីវិតមនុស្ស ដោយសារ​បាក់រលំសំណង់ ឧបដ្ឋានសាលាវត្ត​ប្រាសាទ គោកចក

332
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប រួមជាមួយ ប្រតិភូអមដំណើរជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តសៀមរាប និងវត្តមានតំណាងរាស្ត្រមណ្ឌលសៀមរាប គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញពិនិត្យ គំនរបាក់បែកនៃទីតាំងការដ្ឋានសំណង់ឧបដ្ឋានសាលាឆាន់ ស្ថិតក្នុងវត្តប្រាសាទ គោកចក សង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដួលរលំ នៅអំឡុងម៉ោង ១៤និង១៥នាទី នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឧបទ្ទវហេតុនោះដែលបានបណ្តាលឲ្យមនុស្សរងរបួស១៦នាក់ ស្លាប់៣នាក់ និង របួសធ្ងន់ស្រាល ១៣នាក់ ត្រូវបាន អភិបាលនៃគណៈអភិបាលខេត្ត ជាគណៈបញ្ជាការឯក​ភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចាត់វិធានការទាន់ពេលវេលា​ជួយសង្គ្រោះជនរងគ្រោះដែលនៅមាន​ជីវិតយកទៅកាន់មន្ទីរពេទ្យ។

ក្នុងដំណើរចុះពិនិត្យទីតាំងសំណង់បាក់រលំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដោយចៃដន្យនេះ សំខាន់សម្តែង​ការសោកស្តាយជាទីបំផុតដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានមានប្រសាសន៍ស្នើដល់សមត្ថកិច្ចគ្រប់​ផ្នែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រឹង​ប្រែង​ទប់​​ស្កាត់ បង្ការ និងបញ្ចៀសឲ្យផុតនូវបញ្ហាដែលមិនគួរកើតឡើង តែបែរជា​កើតមានឡើង ជាក់ស្តែងដូចក្នុងករណីឧបទ្ទវហេតុនេះ កុំឲ្យកើតមាន​នៅពេលអនាគតទៀត ដែលវាជះឥទ្ឋិពលមិនល្អដល់ការអភិវឌ្ឍប្រទេសជាតិ​យើង និងនាំមកនូវទុក្ខលំបាកដល់អ្នករងគ្រោះ និងគ្រួសារអ្នករងគ្រោះ ។

សម្តេចពិជ័យសេនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានតាមដាន​យ៉ាងយកចិត្តទុក ដាក់ និង ក្តុកក្តួលជាទីបំផុត ចំពោះហេតុការណ៍​ដែលកើតឡើងនេះ ។

សំណង់នេះជាសំណង់តាមបែបព្រះពុទ្ឋសាសនាសម្រាប់ជាកន្លែងទីសក្ការៈ​ គោរព​បូជារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ហេតុនេះត្រូវការ ការត្រួតពិនិត្យ ស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីឈានទៅវាយតម្លៃ និងសន្និដ្ឋាន កំហុស​ដែលកើតឡើងដោយប្រការណាមួយនឹងមានការគិតគូរនៅពេលក្រោយទៀត ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានមានវិធានការ ចេញនូវសារាចរ សេចក្តីណែនាំ ផ្សេងៗ ដើម្បីត្រួតពិនិត្យលើសំណង់ រហូតដល់​សំណង់ខុសច្បាប់មួយចំនួនត្រូវផ្អាកមិនឲ្យសាងសង់ និងកន្លែងខ្លះឈានទៅ​វាយកម្ទេចចោលផងដែរ ។

សំណង់ទាំងនោះជាសំណង់ទូទៅ ខុសពីសំណង់ឧបដ្ឋានសាលាវត្តប្រាសាទ​គោកចក ក្នុងខេត្តសៀមរាបនេះ ដែលជាសំណង់ស្ថិតក្នុងទីអារាម និងកសាង​ឡើង​សម្រាប់បម្រើដល់វិស័យព្រះពុទ្ឋសាសនា និង ការទទួលខុសត្រូវក៏មាន​មួយកម្រិតណាដែរ ។

នារសៀលថ្ងៃដដែលសម្តេចពិជ័យសេនា ទៀ បាញ់ និង ប្រតិភូអមដំណើរ បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខដល់អ្នករបួសស្រាលធ្ងន់ ដែលកំពុង​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបាននាំយក​នូវថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ ។

ជាមួយគ្នាសម្តេចពិជ័យសេនា បានណែនាំដល់គ្រួសារ និង ជនរងគ្រោះ​ត្រូវលេបនិងប្រើប្រាស់ថ្នាំសង្កូវ ជូតលាងមុខរបួស ទៅតាមវេជ្ជបញ្ជា​និងការណែនាំរបស់គ្រូពេទ្យ និង ខំថែទាំសុខភាពឲ្យបានឆាប់ជាសះស្បើយ និង ចេញទៅប្រកបរបររកទទួលទានចិញ្ចឹមក្រុមគ្រួសារឡើងវិញ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម