ឡាន​ហោះ ដែល​គេ​ផលិតឡើង​ទ្រង់ទ្រាយ​ធំ​លើកដំបូង​លើ​ពិភពលោក ត្រៀម​ដាក់តាំង​បង្ហាញ​នៅ​ទីក្រុង​ម៉ៃ​អា​មី

4579
ចែករម្លែក

​ម៉ាស៊ីន​កង់​បី ដែល​គេ​ដាក់ឈ្មោះថា ឡាន​ហោះ​ផ្ទាល់ខ្លួន ឬ PAL-V ពោលគឺ​ឡាន​ហោះ​កៅអី ២ ផលិត​ដោយ​ហូ​ឡង់​កម្លាំង ២៣០ សេះ​ដែលមាន​ការបញ្ជាទិញ​មុន​ចំនួន ៧០ គ្រឿង កំពុងស្ថិត​ក្នុង​ដំណើរ​ការផលិត​ទ្រង់ទ្រាយ​ធំ​យ៉ាងសកម្ម ហើយនឹង​លក់​ក្នុងតម្លៃ ៥៩៩.០០០ ដុល្លារ​។ ទោះយ៉ាងណា អតិថិជន​ត្រូវតែមាន​ទាំង​ប័ណ្ណបើកបរ​រថយន្ត​និង​យន្តហោះ​ដើម្បី​ធ្វើជា​ម្ចាស់​និង​ដំណើរការ​យានជំនិះ​មួយ​នេះ​។​

​លោក រ៉ូបឺត ឌី​ង​ជើ​ម៉ាន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PAL-V បាន​និយាយប្រាប់​វេ​ប​សាយ​ដេលី​មែ​ល​ថា “​ខណៈ​គំនិត​របស់​ក្រុមហ៊ុន​ផលិត​ឡាន​ហោះ​ដទៃទៀត​តម្រូវឱ្យមាន​បទ​ប្បញ្ញត្តិ​ដែល​បាន​កែប្រែ ហើយ​ក្នុងករណី​ជាច្រើន​មិនទាន់មាន​បច្ចេកវិជ្ជា​ដែលមាន​ស្រាប់​នៅឡើយ ក្រុមហ៊ុន PAL-V បានជ្រើសរើស​ធ្វើ​វិស្វកម្ម រចនា និង សាងសង់​ឡាន​ហោះ​ជាមួយ​បច្ចេកវិជ្ជា​ត្រឹមត្រូវ​និង​ស្របតាម​ច្បាប់​ដែលមាន​ស្រាប់​ពេញលេញ​”​។

​យោងតាម​លោក​ឌី​ង​ជើ​ម៉ាន យានជំនិះ​ច្នៃប្រឌិត​ថ្មី​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ជាតិ​សរសៃ​កា​បោ​ន ទី​តានី​ញ៉ូ​ម និង​អាលុយមីញ៉ូម ហើយ​មាន​ទម្ងន់​ត្រឹមតែ ១.៥០០ ផោន (៦០០ គីឡូក្រាម​) ហើយ​ត្រូវការ​ផ្លូវ​រត់​ប្រវែង​តែ ៥៤០ ហ្វី​ត (១៦៤ ម៉ែត្រ​) សម្រាប់​ការហោះហើរ និង ចម្ងាយ​តែ ១០០ ហ្វី​ត (៣០ ម៉ែត្រ​) សម្រាប់​ការចុះ​ចត​។ អ្វី​គួរឱ្យកត់សម្គាល់​គឺថា រថយន្ត PAL-V មាន​ប្រព័ន្ធគ្រប់គ្រង​បញ្ជា​ប្រហាក់ប្រហែល​នឹង​ម៉ូតូ ដែល​ពឹង​ផ្អែកលើ​អ្នកបើក​បរកាច់​ទិស​ដោយ​ប្រើ​ដង​បញ្ជា​ដែល​ដំឡើង​ជាស្រេច​សម្រាប់​បញ្ជា​ទាំង​នៅលើ​ដីគោក​និង​លើ​មេឃ​។​

​ចំណុច​ពិសេស​របស់​ឡាន​ហោះ​នេះ​គឺ​ស្លាបចក្រ​របស់​វា ដែល​យោងតាម​លោក​ឌី​ង​ជើ​ម៉ាន អាច​បត់​ចូលគ្នា​ដាក់​នៅលើ​ដំបូល​ប្រៀប​បីដូច​ស្លាបប្រចៀវ​។ លោក​ឌី​ង​ជើ​ម៉ាន​និយាយថា រថយន្ត​នេះ​អាច​ប្រែកាយ​ពី​ឡាន​ធម្មតា​ទៅជា​យន្តហោះ​ក្នុងពេល​ត្រឹម ១០ នាទី និង អាច​ស្ទុះ​ពី​សូន្យ​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​ត្រឹម​៨​វិនាទី​។

​រថយន្ត PAL-V រំពឹង​ដាក់តាំង​បង្ហាញ​នៅ​យប់​ថ្ងៃ​អង្គារ (​ព្រឹក​ថ្ងៃ​ពុធ​ទី​៤​វិច្ឆិកា​នៅ​កម្ពុជា​) នៅ​ព្រឹត្តិការណ៍​មួយ​ហៅថា “Miami 2020 and Beyond” នៅ​សហរដ្ឋ​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស