ទិវា​ជន​មាន​ពិការភាព អន្តរជាតិ ធ្វើ​នៅ​ថ្ងៃទី​៣ ធ្នូ តាំងពី​ជាង ២០ ឆ្នាំមុន​

4829
ចែករម្លែក

ភ្នំពេញៈ ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ប្រារព្ធ​នៅ​ថ្ងៃទី​៣ ខែធ្នូ ដើមឡើយ មានឈ្មោះ ថា ទិវា​អន្តរជាតិ នៃ​ជន​បាត់បង់​លទ្ធភាព​ពលកម្ម បង្កើតឡើង​ដោយ​អង្គការសហ ប្រជាជាតិ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង អំពី​បញ្ហា​របស់​ជន​មាន​ពិការភាព ពង្រីក​ការគាំទ្រ ដើម្បី​សេចក្តីថ្លៃថ្នូរ សិទ្ធិ និង​សុខុមាលភាព ជន​ដែលមាន​ពិការភាព និង​ស្វែងរក​បង្កើន​ការយល់ដឹង ក្នុង​ការធ្វើសមាហរណកម្ម ជន​ដែលមាន​ពិការភាព ទៅក្នុង​គ្រប់​ទិដ្ឋភាព ដូចជា វិស័យ​នយោបាយ សង្គម សេដ្ឋកិច្ច និង វប្បធម៌​។​

​ឆ្នាំ​១៩៧៦ សភា អង្គការសហប្រជាជាតិ បានប្រកាស​យក ឆ្នាំ​១៩៨១ ថា​ជា​ឆ្នាំ​អន្តរជាតិ នៃ​ជនបាត់បង់​លទ្ធភាព​ពលកម្ម ដោយ​កាលណោះ សភា​នោះ បាន​អំពាវនាវ​ឱ្យមាន​ផែនការ សកម្មភាព នៅ​កម្រិត​ជាតិ តំបន់ និង​អន្តរជាតិ ដោយ​សង្កត់ធ្ងន់ ទៅលើ​ការធ្វើឱ្យ​មានឱកាស​ស្មើភាព​គ្នា ការ​ស្តារនីតិសម្បទា និង ការការពារ​ជន ដែលមាន​ពិការភាព ។​

​ប្រធានបទ​កាលណោះ គឺ “ ការចូលរួម​ពេញលេញ និង​ស្មើភាព​” ត្រូវបាន​ឱ្យនិយម ន័យ​ថា ជា​សិទ្ធិ​របស់​ជន​បាត់បង់​លទ្ធភាព​ពលកម្ម ដើម្បី​ចូលរួម​យ៉ាង​ពេញលេញ ក្នុង​ជីវិត និង​កា​អភិវឌ្ឍ សង្គម​របស់​ពួកគេ ទទួលបាន​នូវ​ជីវភាព​ស្មើភាព​គ្នា​ទៅនឹង​អ្នកដទៃ និង​ទទួលបាន​ផលប្រយោជន៍ ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។​

​ដើម្បី​ផ្តល់នូវ​គម្រោង​ពេលវេលា​មួយ ជា​រយៈ​ពេលដែល​រដ្ឋាភិបាល និង​អង្គការ​ស្ថាប័ន​នានា អាចបំពេញ​នូវ​សកម្មភាព​ទាំងឡាយ ដែល​ត្រូវបាន​ណែនាំ នៅក្នុង​កម្មវិធី​ពិភព លោក​នៃ​សកម្មភាព នោះ សភា​អង្គការសហប្រជាជាតិ បានប្រកាស​ឆ្នាំ​១៩៨៣ -១៩៩២ ថា​ជា ទសវត្សរ៍​នៃ​ជនពិការ របស់​អង្គការសហប្រជាជាតិ ។​

​នៅ​ឆ្នាំ​១៩៩២ អង្គការសហប្រជាជាតិ បានប្រកាស​ឱ្យ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ នៅ​ថ្ងៃទី​៣ ខែធ្នូ ជា​រៀង​រហូតមក ហើយ​រដ្ឋ​ដែលជា​ភាគី នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ របស់​អង្គការសហប្រជាជាតិ គឺជា​អ្នកមាន​កាតព្វកិច្ច​អនុវត្ត​នូវ​ច្បាប់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ នឹង​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ និង សុខុមាលភាព​របស់​ជ​ន​មាន​ពិការភាព ។​

​ប្រធានបទនៃទិវា​ជន​មាន​ពិការភាព​
ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ក្រោម​ប្រធាន បទ ផ្សេងៗ​គ្នា ក្នុងនោះ​មាន​ជាអាទិ៍​សិល្បៈ វប្បធម៌ និង​ការរស់នៅ ដោយ​ឯករាជ្យ និង​កម្ទេច​របាំង​ទាំង ឡាយ បើកទ្វារ​សម្រាប់​សង្គម​មួយ ដែល​គ្មាន​ការរើសអើង និង​អភិវឌ្ឍ​សម្រាប់​មនុស្ស​គ្រប់គ្នា ជាដើម​។​

​នៅក្នុង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ឆ្នាំ​២០១២ រដ្ឋាភិបាល​អង់គ្លេស បាន​ណែនាំ​ការងារ​ដែល មាន​រយៈពេល​កំណត់​សម្រាប់​ជន​មាន​ពិការភាព ដែល​បាន​ទទួលផល​សុខុមាលភាព​ដើម្បី​លើក កម្ពស់​ឱកាស​ជន​មាន​ពិការភាព នៃ​ការទទួលបាន​ការងារ ដែលមាន​រយៈពេល​កំណ​ត់ ។​

​គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា ដែល​រដ្ឋ​ភាគី​មួយ នៃ​អនុសញ្ញា ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព​របស់ អង្គការសហប្រជាជាតិ បាន​ប្រារព្ធ​ទិវា​ជនពិការ ជា​លើក​ទី​២១​ហើយ​ត្រូវ​នឹង​ទិវា​ជន​មាន​ពិការ ភាព​អន្តរជាតិ​លើក​ទី​៣៧​។ ឆ្នាំ ២០១៦ កម្ពុជា​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព ក្រោម​ប្រធានបទ “​ផ្តល់​អាទិភាព និង​សិទ្ធិអំណាច​ដល់​ជន​មាន​ពិការភាព ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន ពិការភាព​“ ។​

​ចំណែក​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​១៩ និង​ទិវា​ជនពិការ​អន្តរជាតិ លើក​ទី​៣៥ គឺ​ឆ្នាំ ២០១៧ ត្រូវបាន​ធ្វើឡើង ក្រោម​ប្រធានបទ ” ធ្វើឱ្យមាន​ភាពរឹងមាំ ស្រប​នឹង​សង្គម​មួយ មាន សន្តិភាព សម្រាប់​ទាំងអស់គ្នា ” ដែល​រៀបចំឡើង ដោយ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​និង​អង្គការ មិនមែន​រដ្ឋាភិបាល​នានា លើ​វិស័យ​ពិការភាព ។​

​ចំណែក​ឆ្នាំ ២០១៨ ទិវា​ជន​មាន​ពិការភាព​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ ” លើកកម្ពស់​សិទ្ធិ​ជន​មាន ពិការភាព ធានា​ដល់​ការធ្វើ​បរិ​យាប​ន្ន និង​សមភាព ” ហើយដោយ​សារ​ស្ថានភាព​ពេលវេលា កម្ពុជា នឹង​លើក​ទិវា​នេះ​ទៅ​ប្រារព្ធ​នៅ​ថ្ងៃទី ៦ ខែ ឈ្នូ វិញ នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២១ ត្រូវ​នឹង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី ៣៧ ពោលគឺ​ឆ្នាំ​២០១៩ នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​លុបបំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការភាព ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យាប​ន្ន “ ។

​សម្រាប់​ឆ្នាំ​២០១៩ នេះ ទិវា​ជន​មាន​ពិការភាព​កម្ពុជា ចាត់ទុកថា​ជា​ឆ្នាំ​ដ៏​ពិសេស​មួយ ដោយសារ សន្និបាត​បូកសរុប​លទ្ធផល ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការ ភាព ២០១៤-២០១៨ និង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ ក៏ត្រូវ​ធ្វើឡើង​ជាមួយគ្នា នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធានកិត្តិយស​ក្រុមការងារ សកម្មភាព​ជនពិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រ​កម្ពុជា និង ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ។​

​ក៏​មិន​ខុសពី​បណ្តា​ឆ្នាំមុនៗ​ដែរ ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សុទ្ធតែ​បានចេញ លិខិត​អបអរសាទរ ចំពោះ​ទិវា​នេះ ដែល​ប្រការនេះ គឺជា​ការ​បញ្ជាក់ថា វិស័យ​ពិការភាព នៅ​កម្ពុជា ត្រូវបាន​យក​ព្រះទ័យ និង​យកចិត្តទុកដាក់​តាំង​ថ្នាក់​ខ្ពស់បំផុត រហូតដល់​ថ្នាក់មូលដ្ឋាន​៕ ដោយៈ មេសា​

​វិស័យ​ពិការភាព​នៅ​កម្ពុជា​ត្រូវបាន​យកចិត្តទុកដាក់​គួរឱ្យកត់សម្គាល់
​វិស័យ​ពិការភាព​នៅ​កម្ពុជា​ត្រូវបាន​យកចិត្តទុកដាក់​គួរឱ្យកត់សម្គាល់

ទីតាំងផ្សាយពាណិជ្ជកម្ម