ក្រុមហ៊ុន​ជប៉ុន​ផលិត​ម៉ាស​ស្បែក​ស្តើង​សម្រាប់​បាញ់​លាប​លើ​ផ្ទៃមុខ​ការពារ​ស្បែក​

4650
ចែករម្លែក

ក្រុមហ៊ុន​គ្រឿងសម្អាង​ជប៉ុន​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​បានបង្ហាញ​នូវ​អ្វីដែល​ខ្លួន​និយាយថា​ជា​ស្បែក​ស្ព្រា​យ​បាញ់​ដំបូងបង្អស់​លើ​ពិភពលោក ដែលជា​របាំងមុខ​មាន​សំណើម​ធ្វើ​ពី​សរសៃ​ហ្វៃ​បឺ មាន​កម្រាស់ ១/១០០ នៃ​សរសៃសក់​របស់​មនុស្ស​។​

​បន្ទាប់ពី​លាប​ឡេ​រួច អ្នកប្រើប្រាស់​ត្រូវ​បាញ់​សរសៃ​ហ្វៃ​បឺ​ទៅលើ​ផ្ទៃមុខ​របស់​ពួកគេ ហើយ​បន្ទះ​ស្បែក​ស្តើង​នឹង​បង្កើតឡើង​យ៉ាង​ឆាប់រហ័ស ដែល​ដើរតួ​ជា “​ផ្ទះ​កញ្ចក់​” សម្រាប់​ស្បែ​កពិត​នៅ​ខាងក្រោម​ដើម្បី​ត្រាំ​នៅក្នុង​សំណើម ហើយ​នៅតែ​អាច​ដកដង្ហើម​បាន​។​

“​ស្បែក​ទី​ពីរ​” អាច​រលាត់​ទៅវិញ​ពេញ​មួយ​យប់​ឬ​អាច​របក​ចេញ​បាន​បន្ទាប់ពី​រយៈពេល​ប្រហែល​មួយ​នាទី​។​

​លោក ម៉ាសា​យូគី អ៊ូ​ឈី​យ៉ាម៉ា អ្នកស្រាវជ្រាវ​ផ្នែក​ថែរក្សា​ស្បែ​កនៅ​ក្រុមហ៊ុន Kao ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ការបង្កើត​ថ្មី​នេះ​បានឱ្យដឹងថា “​នេះ​គឺជា​ផលិតផល​គ្រឿងសម្អាង​ដំបូង​គេ​នៅលើ​ពិភពលោក​ដែល​ប្រើ​បច្ចេកវិជ្ជា​បែបនេះ​”​។​

​លោក​អ៊ូ​ឈី​យ៉ាម៉ា​បាន​និយាយថា ឧបករណ៍​បាញ់​ស្ព្រា​យ​កាន់​ដៃ​បាន​នេះ​ត្រូវ​ប្រើពេល ១០ ឆ្នាំ​ក្នុង​ការផលិត ដោយ​គាត់​សារភាពថា “​យើង​ជួប​ការលំបាក​ក្នុង​ការផលិត​ឧបករណ៍​នេះ​ឱ្យមាន​ទំហំ​តូច​”​។​

​លោក​បាន​និយាយថា​ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Kao ដំបូង​មិនបាន​គិត​អំពី​ការប្រើប្រាស់​បច្ចេកវិជ្ជា​សរសៃ​ហ្វៃ​បឺ​ស្តើង​ដើម្បី​បង្កើត​ស្រទាប់​នៅលើ​ស្បែក​ទេ​។ លោក​បាន​បន្ថែមថា​វត្ថុ​ធាតុ​ដើម​ដែល​ត្រូវបាន​ផលិត​គឺជា​អាថ៌កំបាំង មិនអាច​ប្រាប់ឱ្យដឹង​បានទេ​។​

​ទោះយ៉ាងណា បច្ចេកវិជ្ជា​ខ្ពស់​បែបនេះ​មិនមាន​តម្លៃថោក​នោះទេ ជាមួយ​បំពង់​បាញ់​ស្ព្រា​យ​នីមួយៗ​មានតម្លៃ ៥០.០០០ យ៉េន ឬ ៤៦០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស