ជិត​៥០.០០០​នាក់​ចុះហត្ថលេខា​ប្រឆាំង​ការកាត់ក្តី​បែប​លម្អៀង​ចំពោះ​ការរំលោភ​អ្នកបំរើ​

3808
ចែករម្លែក

ក្នុង​រយៈពេល​តែ​បី​ថ្ងៃ​ ​មនុស្ស​ជាង​៤០.០០០​នាក់​បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដែល​អំពាវនាវ​អោយ​អនុវត្ត​យុត្តិធម៌​ស្មើគ្នា​សម្រាប់​អ្នកមាន​និង​អ្នកក្រ​ក្រោយ​ស្ត្រី​ម្នាក់​រួចផុត​ពី​ការជាប់គុក​ដោយសារ​កា​រ​រំលោភ​អ្នកបំរើ​របស់ខ្លួន​នៅ​ម៉ាឡេស៊ី​។​

​កាលពី​ថ្ងៃ​១៥​មីនា នាង​Rozita Mohamad Ali ត្រូវបាន​កាត់ទោស​អោយ​ប្រព្រឹត្ត​ល្អ​រយៈពេល​៥​ឆ្នាំ​ដោយ​មិនចាំបាច់​ជាប់គុក​ទេ​បន្ទា​​ប់​ពី​រកឃើញថា​មាន​កំហុស​ចំពោះ​ការរំលោភបំពាន​លើ​អ្នកបំរើ​ឥណ្ឌូនេស៊ី​វ័យ​១៩​ឆ្នាំ​កាលពី​ឆ្នាំ​២០១៦​ដោយ​ប្រើ​កាំបិត ដំបង ប្រដាប់​ព្យួរ​​ខោអាវ​និង​ឆត្រ​ជាហេតុ​នាំអោយ​នាងរង​របួស​ក្បាល ជើង​និង​គ្រឿងក្នុង​។​

Rozita​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​សព្វាវុធ​គ្រោះថ្នាក់​ដើម្បី​បង្ក​របួសស្នាម ជា​ទោស​ដែល​អាច​ជាប់គុក​១០​ឆ្នាំ​ឡើង នៅក្រោម​ច្បាប់​​ម៉ាឡេស៊ី​។​

​ញត្តិ​សរសេរថា​«​បទឧក្រិដ្ឋ​ប្រព្រឹត្តឡើង​ដោយ​Rozita Mohamad Ali​ចំពោះ​អ្នកបំរើ​របស់ខ្លួន​វា​ខ្លាំងក្លា​ណាស់ អមនុស្សធម៌​និង​ច្បាស់​​ណាស់​គួរ​ទទួល​ការដាក់ទោស​ធ្ងន់​ជាង​ការបង្គាប់​អោយ​ប្រព្រឹត្ត​ល្អ​»​។​

​ញត្តិ​បន្ថែមថា​«​ទោះជា​នាង​Rozita​មានទ្រព្យ​ធន​និង​មាន​ទំនាក់ទំនង​ក្នុងសង្គម​» វា​ក៏​មិន​អនុញ្ញាតអោយ​នាង​នូវ​សិទ្ធិ​ប្រព្រឹត្ត​អាក្រក់​​លើ​អ្នកដទៃ​ដូចនេះ​ដែរ​។​តើ​វា​ជា​ការបញ្ជូនសារ​ទៅកាន់​ប្រជាជន​និង​កូនៗ​របស់​យើង​ដូច​ម្តេចទៅ​?​ម៉ាឡេស៊ី​ត្រូវ​សម្លឹង​ទៅកាន់​បញ្ហា​សិទ្ធិ​​មនុស្ស​របស់​យើង​»​។​

​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​ទី​១៩​មីនា ញត្តិ​ទទួលបាន​ហត្ថលេខា​៤៩.០៨២​។​

​កាសែត​The Star​បាន​រាយការណ៍​ថា មេធាវី​របស់ Rozita​បានស្នើ​សុំទោស​ត្រឹម​ការបង្គាប់​អោយ​ប្រព្រឹត្ត​ល្អ​នេះ​និង​អះអាងថា​កូន​​ក្តី​របស់ខ្លួន​មានការ​ស្តាយក្រោយ​។​

​ទោះជា​យ៉ាងណា ពួក​រដ្ឋអាជ្ញា​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ក្តី​នេះ​៕​ដោយ​៖​វាសនា​

នាង​Rozita Mohamad Ali និងមេធាវី

អ្នកបំរើត្រូវវាយពោរមុខ ជាំភ្នែកអស់ តែជនបង្កនៅក្រៅឃុំ

 

ទីតាំងផ្សាយពាណិជ្ជកម្ម