ក្រសួងការងារកំណត់គោលការណ៍​​ឱ្យគិលានដ្ឋានតាមសហគ្រាស គ្រឹះ​​ស្ថាន ត្រូវប្រកបការងារដោយវិជ្ជា​ជីវៈ

421
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ដើម្បីជំរុញប្រសិទ្ធភាពការងារក៏ដូចជាការប្រការងារដោយបំពេញបាននូវមុខវិជា្ជជីវៈត្រឹមត្រូវនោះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានដាក់កំហិតឱ្យ គ្រប់គិលានដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវធានាថាដំណើរការបានល្អ មានសម្ភារៈបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។

ការថ្លែងបែបនេះរបស់ លោក អ៊ិត សំហេង បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី ការៀបចំគិលានដ្ឋាន សហគ្រាស គ្រឹះស្ថាននៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

ជាមួយការបញ្ជាក់បែបនេះនិងព្រមទាំងដើម្បីធានានូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស លោក អ៊ិត សំហេង បានកំណត់នូវគោលការណ៍ចំនួន៧ចំណុចដូចខាងក្រោម៖
ចំពោះនិយោជក៖
១. រៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានឱ្យបានសមស្រប និងត្រឹមត្រូវតាមវិធាន និងបទប្បញ្ញតិ្តដែលបានកំណត់ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសប្រកាសរួមលេខ៣៣០ និង ១៣៩។
២. ធានាថាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់។
៣. ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឱ្យមានអនាម័យ និងសុវត្ថិភាព។
៤. រៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធានការការពារប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទាំងឡាយ។
៥. ធានាថាកម្មករនិយោជិតទទួលបាន និងប្រើប្រាស់សម្ភារៈ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និងណែនាំឱ្យគាត់ថែរក្សាទុកដាក់សម្ភារឧបករណ៍ទាំងនោះឱ្យបានល្អ។
៦. ត្រូវអប់រំ និងពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែលទាក់ទងនឹងសុវត្ថិភាព និងសុខភាព ការងាររបស់កម្មករនិយោជិត។
៧. ជូនដំណឹងពីជំងឺ និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត ទៅបេឡាជាតិរបបសន្តិសុខសង្គមឱ្យបានទាន់ពេលវេលា និងធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័សតាមបែបបទ និងនីតិវិធីរបស់បេឡាជាតិរបបសន្តិសុខសង្គម។
ដោយឡែក ចំពោះកម្មករនិយោជិត ត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយនូវវិធាន និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយការកំណត់នូវទិសដៅខាងលើនេះដែរលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត នៅបានស្នើភាគីនិយោជកចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការរៀបចំគិលានដ្ឋាន និងសេវាសុខភាព និងសុវត្ថិភាព ដែលជាសេចក្តីត្រូវការរបស់កម្មករនិយោជិតនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម