ចិន​វាយប្រហារ​រិះគន់​អាម៉េរិក ប្រឆាំង​នឹង​ច្បាប់​​ស្តីពី​ជនជាតិ​អ៊ុយ​ហ្គួ​រ​

3848
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​បាន​ឆ្លើយតប​ជាមួយ​នឹង​ការ​ថ្កោលទោស ក្រោយ​ពី​សភា​អាម៉េរិក​បានអនុម័ត​ពង្រាង​ច្បាប់​មួយ​ក្នុងស​ម្លេង​ភាគច្រើន​លើសលប់​ដោយ​សំដៅលើ​អ្វីដែល​​អាម៉េរិក​ចោទប្រកាន់ថា​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​ចិន​លើ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​នៅ​ខេត្ត​បះបោរ​ស៊ីន​ជាំ​ង​។​

​គណៈកម្មការ​កិច្ចការបរទេស​នៃ​សភា​ចិន​បាន​និយាយថា​«​វា​គួរ​អោយ​សោកស្តាយ​ដែល​សភា​អាម៉េរិក​មិន​ត្រឹមតែ​មិន​បើកភ្នែក​មើល​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​តំបន់​ស៊ីន​ជាំ​ង​​ក្នុង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​និង​ការពារ​សិទ្ធិមនុស្ស​ស្របតាម​ច្បាប់​ប្រទេស តែ​ក៏​ធ្វើ​មិនដឹងមិនឮ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ស្ថេរភាព​សង្គម​ការបង្រួបបង្រួម​ជាតិ​និង​ភាព​សុខ​​ដុម​ខាង​សាសនា​នាពេល​បច្ចុប្បន្ន​នៅ​ស៊ី​ជាំ​ង​»​។​

​ក្នុងពេល​ជាមួយគ្នា នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការបរទេស​ចិន​បាន​ហៅ​ពង្រាង​ច្បាប់​នេះ​ថា​ជា​ការ​វាយប្រហារ​លើ​ចិន​និង​ជា​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃ​​ក្នុង​របស់​ចិន​ធ្ងន់ធ្ងរ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​«​យើង​ទទូច​ដល់​អាម៉េរិក​អោយ​កែ​កំហុស​របស់​ខ្លួន​ជាបន្ទាន់ ឈប់​ជំរុញ​ពង្រាង​ច្បាប់​ស្តីពី​ស៊ីន​ជាំ​ង​អោយក្លាយ​ទៅ​ជា​ច្បាប់ ឈប់​ប្រើប្រាស់​ស៊ីន​​ជាំ​ង​ជា​មធ្យោបាយ​សំរាប់​ជ្រៀតជ្រែក​កិច្ចការ​របស់​ចិន​»​។​

​ចំណាត់ការ​របស់​សភា​អាម៉េរិក មុខ​ជា​ធ្វើអោយ​ទំនាក់ទំនង​រវាង​មហាអំណាច​ផុត​លេខ​ទាំង​ពីរ​កាន់តែ​អាក្រក់​ទៅ​ក្រោយ​ពី​លោក​ដូណាល់ ត្រាំ កាលពី​សប្តាហ៍​មុន​បាន​ចុះហត្ថលេខា​​លើ​ពង្រាង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​ហុងកុង​ដែល​ចិន​ចាត់ទុកថា​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

ចិន​អះអាងថា អាម៉េរិកធ្វើ​មិនដឹងមិនឮ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ស្ថេរភាព​សង្គម​ការបង្រួបបង្រួម​ជាតិ​និង​ភាព​សុខ​​ដុម​ខាង​សាសនា​នាពេល​បច្ចុប្បន្ន​នៅ​ស៊ី​នជាំ​ង

​ចិន​តែងតែ​បដិសេធ​ការប្រព្រឹត្ត​ដោយ​រំលោភ​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ និង​ថា​វា​មិនមែន​ជា​ការចាប់​ឃុំខ្លួន​ទេ​តែ​ជា​ការប្រមូលផ្តុំ​ជនជាតិភាគតិច​អ៊ីស្លាម​ដែល​មាន​គំនិត​បះបោរ​​ផ្តាច់​ទឹកដី និង​មនោគមវិជ្ជា​ជ្រុលនិយម​អោយ​ពួកគេ​រៀនសូត្រ​អំពី​ច្បាប់​ប្រទេស​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា​ការបង្កើត​ជំរំ​ដាក់​ពួកគេ​ជា​បណ្តោះអាសន្ន​នេះ​ជា​វិធានការ​ចាំបាច់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​និង​កម្ចាត់​ចោល​ភាពជ្រុលនិយម​ខាង​​សាសនា​។​

«​ច្បាប់​គោល​នយោបាយ​សិទ្ធិមនុស្ស​អ៊ុយ​ហ្គួ​រ » ថ្កោលទោស​ការចាប់​ឃុំ​ជនជាតិភាគតិច​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ ជនជាតិ​អ៊ីស្លាម​កា​ហ្សាក់ និង​ជនជាតិ​ដៃ​ទៃទៀត​ប្រមាណ​១​លាន​នាក់​នៅ​​តំបន់​ចុង​ខាងលិច​ស៊ីន​ជាំ​ង​របស់​ចិន ដែល​ជា​ជម្រក​នៃ​បណ្តា​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​។​

​ពង្រាង​ច្បាប់​ដែល​ត្រូវបាន​អនុម័ត​ក្នុង​សម្លេងគាំទ្រ​៤០៧​ទល់​១ ​តំរូវអោយ​ក្រសួងការបរទេស​អាម៉េរិក​វាយ​តំលៃ​ជា​ប្រចាំ​ថា​តើ​ពួក​មន្ត្រី​ចិន​បំពេញ​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ​សំរាប់​​ទទួល​ទណ្ឌកម្ម​អាម៉េរិក​ដែរ​ឬទេ​ចំពោះ​តួ​កនា​ទី​របស់​គេ​ក្នុង​ការអនុវត្ត​គោលនយោបាយ​គាបសង្កត់​។​វា​តំរូវ​អោយ​ប្រធានាធិបតី​អាម៉េរិក​ថ្កោលទោស​ការរំលោភ​លើ​ជន​អ៊ីស្លាម​និង​អំពាវនាវ​អោយ​បិទ​ជំរំ​ឃុំឃាំង​ធំៗ​នៅ​ស៊ីន​ជាំ​ង​។​

​វា​ត្រូវ​ឆ្លងកាត់​ការអនុម័ត​របស់​ព្រឹទ្ធសភា​មួយ​ជាន់​ទៀត មុន​ត្រូវ​បញ្ជូន​អោយ​លោក​ត្រាំ​ចុះហត្ថលេខា​អោយក្លាយ​ទៅ​ជា​ច្បាប់​៕​ដោយ​៖​វាសនា​

បុគ្គលិក​សន្តិសុខ​ល្បាត​នៅ​ជិត​ព្រះវិហារ​អ៊ីស្លាម​នៅ​តំបន់​ស៊ីន​ជាំ​ង​របស់​ចិន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ