ជាថ្មី​ម្តងទៀត គីម ជុង​អ៊ុន​ជិះ​សេះស​ឡើងលើ​កំពូលភ្នំ​ពិសិដ្ឋ ខណៈ​ដែល​ជិត​ដល់​ពេល​កំណត់​អំពី​ជំនួប​ចរចារ​នុយក្លេអ៊ែរ​

4778
ចែករម្លែក

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​ធ្នូ​បាន​រាយការណ៍​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ជិះ​សេះស​ឡើង​លើ​ភ្នំ​ដ៏​ពិសិដ្ឋ​មួយ​នៅក្នុង​​ការធ្វើដំណើរ​ជា​និមិត្តរូប​លើក​ទី​២ របស់​លោក​នៅ​ទីនោះ ខណៈ​ប្រទេស​របស់​លោក​កំពុង​គំរាមកំហែង​បង្កហេតុ ប្រសិនបើ​សហរដ្ឋ​អាម៉េរិក បដិសេធ​មិន​ធ្វើ​សម្បទាន​ក្នុង​​ការទូត​នុយក្លេអ៊ែរ​នៅ​ចុងឆ្នាំ​នេះ​។​

​សារព័ត៌មាន​កូរ៉េ​KCNA​បាន​ចេញផ្សាយ​រូបថត​ជាច្រើន​ដែល​បង្ហាញ​ថា លោក គីម ជុង​អ៊ុន ជិះសេះ​ទៅ​ភ្នំ​ពែ​ក​ទូ​(Paektu) ដែល​គ្របដណ្តប់​ដោយ​ព្រិល​ទឹកកក​រួមជាមួយ​​ភរិយា និង​ក្រុមមន្ត្រី​កំពូល​ផ្សេងៗ​ទៀត​។

​លោក​គីម ជុង​អ៊ុន​ក៏​បាន​ជិះសេះ​ឡើង​លើ​ភ្នំ​នោះ​ផង​ដែរ ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​ឧបទ្វីប​កូរ៉េ កាលពី​ពាក់កណ្តាល​ខែ​តុលា​។​

​ភ្នំ​ពែ​ក​ទូ និង​សេះស​គឺជា​និមិត្តរូប​ដែល​ជាប់ទាក់ទង​នឹង​ការដឹកនាំ​របស់​ក្រុមគ្រួសារ​ត្រកូល​គីម​។ លោក គីម ជុង​អ៊ុន បាន​ទៅ​កាន់​នៅ​ទីនោះ​ជាច្រើនលើក​កាលពីមុន នៅ​​មុនពេល​ធ្វើ​ការសម្រេច​ចិត្ត​សំខាន់ៗ​។​

​យោង​តាម​សារព័ត៌មាន​KCNA បានឱ្យដឹងថា លោក គីម ជុង​អ៊ុន បាន​និយាយថា “​យើង​គួរតែ​រស់នៅ​និង​ធ្វើការ​ក្នុង​ស្មារតី​វាយលុក​នៃ​ភ្នំ​ពែ​ក​ទូ ។​ពួក​ចក្រពត្តិនិយម​និង​​សត្រូវ​វណ្ណៈ បង្កើត​កិច្ច​ខិតខំ​ប្រកប​ដោយ​ចេតនា​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​ជំហរ​មនោគមវិជ្ជា បដិវត្ត និង​វណ្ណៈ របស់​បក្ស​របស់​យើង​” ។​

​ការធ្វើដំណើរ​ចុងក្រោយ​បំផុត​នេះ​បាន​ធ្វើឡើង ខណៈ​ពេល​កំណត់​ចុងឆ្នាំ​ដែល​បាន​កំណត់​ដោយ​លោក គីម ជុង​អ៊ុន សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្លាស់ប្តូរ​ជំហរ​ចរចា​​ដើម្បី​សង្គ្រោះ​ការទូត​នុយក្លេអ៊ែរ កំពុង​ខិត​ជិត​មក​ដល់​។​

​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា​វា​អាស្រ័យ​ទាំងស្រុង​លើ​សហរដ្ឋ​អាម៉េរិក​ក្នុង​ការជ្រើសរើស​អ្វី​ដែល​ជា​”​អំណោយ​បុណ្យ​ណូអែល​”​ដែល​ខ្លួន​ទទួលបាន​​ពី​កូរ៉េខាងជើង​។ មន្ត្រី​កូរ៉េខាងជើង​ធ្លាប់បាន​និយាយ​ថា កូរ៉េ​ខាងជើង​នឹង​ផ្អាក​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​វា​អាស្រ័យ​លើ​សកម្ម​​ភាព​អ្វី​ដែល​សហរដ្ឋ​អាម៉េរិក​ធ្វើ​។​

​កាលពី​សប្តាហ៍​មុន​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ចេញ​ពី​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ជា​ប្រពន្ធ​បាញ់​គ្រាប់​រ៉ុក្កែត ដែល​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយថា​បាន​ធ្លាក់​នៅ​​ដែនទឹក​នៅ​ឯនាយ​ឆ្នេរសមុទ្រ​របស់​កូរ៉េខាងជើង​៕​ប្រែ​សម្រួល​៖​សុខា​

លោក គីម ជុង​អ៊ុន ជិះសេះ​ទៅ​ភ្នំ​ពែ​ក​ទូ​ដែល​គ្របដណ្តប់​ដោយ​ព្រិល​ទឹកកក​រួម​ជាមួយ​ភរិយា និង​ក្រុមមន្ត្រី​កំពូល​ផ្សេងៗ​ទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម