បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជនជាតិ​វៀតណាម​៤​នាក់ ដកហូត​ថ្នាំញៀន​ជិត​១០០​គីឡូក្រាម​

1024
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: មនុស្ស​ប្រុស​ស្រី​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​ជិត​១០០​គីឡូក្រាម ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កែឆ្នៃ​ផលិត នឹង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន សហ ការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និង​នគរបាល​ខណ្ឌ​ច្បារអំពៅ កាលពី​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យ ដឹង កាល​វេលា​ម៉ោង​១១៖៥០​នាទី​យប់​ថ្ងៃទី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ជំនាញ​(​ក​៣) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រុ​ញ សាន អនុប្រធាន​មន្ទីរ​មន្ទីរ​គ្រឿងញៀន នឹង​លោក​វរៈសេនីយ៍ទោ សួស សាវុធ នាយរង​ការិយាល័យ សហការ​ជាមួយ​ប៉ុស្តិ៍​នគ របាល​រដ្ឋបាល​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ចុះទៅ​ឆែកឆេរ​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ប្រុស​២​នាក់ នឹង ស្រី​២​នាក់​ជា​ជនជាតិ​វៀតណាម​។ ជនសង្ស័យ​៤​នាក់​នោះ ១.​ឈ្មោះ ទួន អា​ញ់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ២.​ឈ្មោះ ហ័ង វៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣.​ឈ្មោះ ធី ង៉ុ​ក ភេទ​ស្រី អាយុ​២១​ឆ្នាំ និង ៤.​ឈ្មោះ ធី ងី​ន ភេទ​ស្រី អាយុ ៣០​ឆ្នាំ​។ ពួកគេ​ស្នាក់នៅ​ផ្ទះជួល​គ្មាន លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
លោក ឡឹ​ក វណ្ណៈ បន្តថា ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤ នាក់ ទើប​ពួកគេ​បាន​សារភាព​បង្ហាញ​ពី​ទីតាំង​កែឆ្នៃ ផលិត និង​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លទ្ធផល​សមត្ថកិច្ច​ចាប់យក​វត្ថុតាង មាន​៖១.​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​១០​គីឡូក្រាម ។​
២.​សារធាតុ​ញៀន “​អិ​ច​ស្តា​ស៊ី​” ទម្ងន់​២២ គីឡូក្រាម​
៣.​សារធាតុ​ញៀន “​អិ​ច​ស្តា​ស៊ី​” រាវ ពាក់កណ្ដាល​សម្រេច​ចំនួន ៥៤ គីឡូ ៤៦៤ ក្រាម​
៤.​សម្ភារៈ​សំរាប់​កែឆ្នៃ​(​ផលិត​)​មួយចំនួនធំ​ទៀត ។​ចំណែក​មេខ្លោង​ឈ្មោះ វ៉ូ ង៉ុ​ក​ទូ (VO NGOC TU) ជនជាតិ​វៀតណាម គេចខ្លួនបាត់ ។​

​ក្រោយ​កិច្ច​បង្ក្រាប​នេះ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ គណៈកម្មការ​រួម​ក្រោម​ការដឹកនាំ​ដោយ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បិទ​(​ប្លុម​បេ​)​ទីតាំង​ផលិត​គ្រឿងញៀន ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ស្ថិតនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​ការស៊ើបអង្កេត​លើ​ករណី​កែឆ្នៃ ផលិត នឹង​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​នេះ​។ ​រីឯ​ជនសង្ស័យ​៤​នាក់ នឹង​វត្ថុតាង សម​ត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម