កូរ៉េខាងជើង​ព្រមាន ដូ​ណា​ល់ ត្រាំ ថា​ខ្លួន​នឹង​ប្រើ​កម្លាំង​ប្រហែល​គ្នា ប្រសិនបើ​ខ្លួន​ត្រូវ​បាន​វាយប្រហារ​

761
ចែករម្លែក

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ បាន​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​ប្រើ​កម្លាំងយោធា​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ខ្លួន​នឹង​ចាត់វិធានការ​បន្ទាន់ ដោយ​ប្រើ​កម្លាំង​​ប្រហែល​គ្នា​នៅក្នុង​កម្រិត​ណាមួយ​ដើម្បី​ឆ្លើយតប​នឹង​ការ អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​។​

​ការចរចា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​ជាប់គាំង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​មួយនៅ​ទីក្រុង​ហាណូយ​​បាន​បរាជ័យ កាលពី​ខែ​កុម្ភៈ​ ហើយ​ការគំរាមកំហែង​ជាថ្មី កើត​ឡើង​ស្រប​ពេល​ថ្ងៃ​កំណត់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សម្រាប់​ឲ្យ​អាម៉េរិកធ្វ​សម្បទាន​ថ្មី កាន់តែ​​ខិត​ជិត​មក​ដល់​។​

​កាលពី​ថ្ងៃ​អង្គារ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា ​សកម្មភាព​យោធា នៅតែ​អាច​ធ្វើទៅបាន​នៅពេលដែល​លោក​ត្រូវ​បាន​សួរ​អំពី​កូរ៉េខាងជើង នៅក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការ​NATO​នៅ​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​។​

​ដោយ​និយាយ​អំពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ​ លោក ដូ​ណាល់ ត្រាំ បាន​និយាយថា ” គាត់​ពិតជា​ចូល​ចិត្ត​បាញ់​គ្រាប់​រ៉ុក្កែត មែន​ទេ​? នោះ​ហើយ​ជា​មូល​​ហេតុ​ដែល​ខ្ញុំ​ហៅ​គាត់​ថា​”​បុរស​រ៉ុក្កែត “​។​

​លោក​ត្រាំ បាន​បន្ថែមថា ” យើង​មាន​យោធា​ដែល​មាន​ឥទ្ធិពល​បំផុត តាម​តែ​យើង​ធ្លាប់​មាន​ពី​មុន​មក ហើយ​យើង​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​ ហើយ​​សង្ឃឹម​ថា​យើង​មិនចាំបាច់​ប្រើ​វា​ទេ ​ប៉ុន្តែ​ប្រសិនបើ​យើង​ត្រូវការ​ចាំបាច់​នោះ យើង​នឹង​ប្រើ​វា “​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ KCNA បាន​និយ​យាថា​ ដោយ​ឆ្លើយតប កាលពី​ថ្ងៃ​ពុធ លោក​ប៉ាក ចុង ចុន អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​បាន​និយាយថា​លោក​មាន​​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការអត្ថាធិប្បាយ​របស់​លោក ដូ​ណា​ល់​ត្រាំ​។​

​លោក​បាន​បន្ថែមថា​” ការប្រើប្រាស់​កម្លាំង​ទ័ព​មិនមែនជា​ឯកសិទ្ធិ​របស់​សហរដ្ឋ​អាម៉េរិក​តែ​ម្នាក់ឯ​ងនោះ​ទេ​។​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​ប្រើ​កម្លាំង​ទ័ព​ណាមួយ​ប្រឆាំង​​កូរ៉េខាងជើង​ យើង​នឹង​ចាត់​វិធាន​ដំណាលគ្នា​នៅក្នុង​កម្រិត​ណាមួយ​នោះ​”៕​ដោយ​៖​សុខា​/sn/Ha

កូរ៉េខាងជើង​ឆ្លើយតប​ចំពោះ​ការធ្វើ​អត្ថាធិប្បាយដោយ លោក ដូ​ណា​ល់ ត្រាំ នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​អង្គការ​NATO នៅ​អង់គ្លេស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ