សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់​ក្រោយ​ឆក់​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​បានសម្រេច ​រួច​រត់ឡើង​ផ្ទះ​ប្រជាពលរដ្ឋ​

606
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទពី​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​បានសម្រេច រួច​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ក៏បាន​ប្រទះ នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ធ្វើការ​ដេញ​ប៉ផាប់​ប៉ភីង​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​រត់ឡើង​លើផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​នគរបាល​ខ​ណ្ឌ​៧​មករា​ចុះមក​សហការ​ឡើង​ឡោមព័ទ្ធ​នៅវេលា​ម៉ោង ៧​និង ៣០​នាទី​យប់​ថ្ងៃទី ៤ ខែធ្នូ​ឆ្នាំ ២០១៩ ស្ថិតនៅ​ចំណុច​ស្តុ​ប​ដេអិន តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា​ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ស៊េរី ២០២០​ ពណ៌ ទឹកប្រាក់​ពាក់​ផ្លាក​លេខ​ភ្នំពេញ 1IA 2868 បានធ្វើ​កម្ម​ភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ផ្លាក​លេខ​នៅ​ចំណុច​ស្តុ​ប​អូរឫស្សី​។ ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​បានសម្រេច​ហើយក៏​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន ខណៈនោះ​ក៏​ប្រទះ​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ក្រសួងមហាផ្ទៃ បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់ឡើង​លើផ្ទះ​ប្រជាពលរដ្ឋ​បាត់ស្រមោល​។ ខណៈ​នោះដែរ​ក៏មាន​ការ​ផ្អើល​ដល់​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា ចុះមក​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ធ្វើការ​ឡោមព័ទ្ធ​ជនសង្ស័យ​រយៈពេល​ជិត ២ ម៉ោង​នៅតែ​រក​ជនសង្ស័យ​មិនឃើញ​។ ហើយ​កម្លាំង​បាននាំគ្នា​ដកខ្លួន​ចេញពី​កន្លែងកើតហេតុ​ទៅវិញ​។​

​បច្ចុប្បន្ន ម៉ូតូ​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ យកទៅ​រក្សាទុក និង​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​នៅពេល​ក្រោយ​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម