​បន្ទាប់ពី​បាត់​មុខ ជិត​មួយឆ្នាំ អ្នក​ប្រដាល់​ថៃ ប្រា វីត លេចមុខ​មកវិញ​

416
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ជើងចាស់​ថៃ ប្រា វីត (Pra Wit) ដែល​បាត់​មុខ ពីស​ង្វៀន​ស្រុក​ខ្មែរ ស្ទើរតែ​មួយឆ្នាំ ទៅហើយនោះ បាន​លេខ​មុខ​មកវិញ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​កម្ពុជា ឌុ​ម កែវ​ដា លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​៧ ធ្នូ ខាងមុខនេះ ។​

​សូមបញ្ជា្ក​ក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់បាន​ផ្ដួល​អ្នក​ប្រដាល់​ខ្លាំងៗ របស់​កម្ពុជា មិនតិច​នាក់​នោះទេ​។ គេ​ជា​អ្នក​ប្រដាល់ វ័យ​ចំណាស់ ដែលមាន​ផ្លែ​វ៉ៃ មិន​អន់​នោះទេ មិនតែប៉ុណ្ណោះ កម្លាំង​របស់គេ មិន​ចាញ់​កម្លាំង​ក្មេង​ឡើយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​ចាញ់ នៅលើ​ទឹកដី​របស់​កម្ពុ​ជា មិនតិច​ដែរ ។​

ឌុ​ម កែវ​ដា និង ប្រា វីត​

​ចំពោះ កែវ​ដា វិញ មួយរយៈ​នេះ គេ​ហាក់ដូចជា​ស្រុតចុះ​បន្តិច តែ​កលល្បិច​វ៉ៃ​របស់គេ មិន​អន់​នោះទេ គ្រាន់តែ​កម្លាំង​របស់គេ ឆាប់​ធ្លាក់ចុះ ដោយសារតែ ការហ្វឹកហាត់ មិនបាន​ដិតដល់ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ខ្សោយ​ខាង​ការពារ ហើយ​គេ​ចូលចិត្ត​ប្រើ​កែង និង​ជង្គង់ វាយប្រហារ លើ​គូប្រកួត​ណាស់ តែ​កែង​របស់គេ វ៉ៃ​ចេញ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ១១៥​ដង ឈ្នះ​៩៥​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ប្រា​វីត​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៨​ដង ឈ្នះ​៨២​សង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ សម្រាប់​អ្នក​ប្រដាល់ ទាំង​២​រូបនេះ នឹង​ប្រកួត​គ្នា ៥ ទឹក​មិនខានឡើយ តែ​រឿង​ឈ្នះ ចាញ់ មិនអាច​និយាយបាន មុន​ឡើយ ។​

សុខ សុវណ្ណ និង ឃុ​ម ផា​យ៉ាក់​

​សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុ​ម ផា​យ៉ាក់ (Khum Phayak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឃុ​ម ផា​យ៉ាក់ ក៏​ជា​អ្នក​ប្រដាល់​មួយរូប មិន​ស្រួល​បង្ក្រាប​ដែរ ឯ សុខ សុវណ្ណ ក៏​ធ្លាប់ជា​ជើង​ខ្លាំង​មួយរូប​ដែរ តែមួយ​រយៈ​នេះ គេ​ហាក់ដូចជា​ស្រុតចុះ ពិសេស​កម្លាំង​របស់គេ បន្ទាប់ពី​ឆ្លង​ផុត​ទឹក​ទី​៣ ចាប់ផ្ដើម​ធ្លាក់​តែម្ដង ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ចូលចិត្ត​វ៉ៃ​ប្ដូរ ទោះបី​មួយ​ចាន​ទឹក មួយ​ចាន់​គោក ក៏ដោយ​។​

​សុវណ្ណ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៥​ដង ឈ្នះ​៧៥​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ ចំពោះ ឃុ​ម ផា​យ៉ាក់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦១​ដង ឈ្នះ​៥០​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនដឹងថា នរណា ជួប​សំណាងល្អ​នោះឡើយ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ឈុន ប្រាក់​កាក់ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ផុន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ​។ អ្នក​ប្រដាល់​វ័យក្មេង​ទាំង ២ រូបនេះ ចូលចិត្ត​វ៉ៃ​ប្ដូរ​ដូចគ្នា ហើយ​បើ​គូប្រកួត ហ៊ាន​ធ្វើ​ឲ្យ​គេ ឈឺ​សាច់​នោះ ទោះបី​មួយ​ចាន់​ទឹក មួយ​ចាន​គោក ក៏​គេ​ត្រូវតែ​តាម​សង​វិញ​ដែរ ទោះបីជា​បានសម្រេច ឬ​មិន​សម្រេច​ក៏ដោយ ។ មិនដឹងថា នរណា ជា​អ្នកឈ្នះ​នោះឡើយ ។​

​អេ​លី​ត វិចិត្រ ក្លិប​ប៉ែន កាក់​គុន​ខ្មែរ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់ កំពែង ខ្មៅ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ធី​ម ទាន់ ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ មុត ខ្លឹម​ខ្មៅ ក្លិប​ម្កុដ​រាជសីហ៍ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម