ត្រាំ​ពិចារណា​បង្កើន​កងទ័ព​នៅ​មជ្ឈិមបូព៌ា​ទ្វេ​ដង​និង​បញ្ជូន​នាវា​រាប់​សិប​គ្រឿង​បន្ថែម​ទៀត ដោយសារ​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​

447
ចែករម្លែក

​កាសែត Wall Street Journal​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ថា សហរដ្ឋ​អាម៉េរិក​កំពុង​ថ្លឹងថ្លែង​ក្នុង​ការបញ្ជូន​កងទ័ព​បន្ថែម​ចំនួន​១៤.០០០​នាក់​ទៅ​កាន់​តំបន់​​មជ្ឈិមបូព៌ា​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​។​

​ដោយ​ដកស្រង់​សម្តី​ពី​ក្រុមមន្ត្រី​អាម៉េរិក​នោះ កាសែត Wall Street Journal​បាន​និយាយថា​ការ​ដាក់​ពង្រាយ​កងទ័ព​នេះ​នឹង​រួម​បញ្ជូ​លទាំង​នាវា​រាប់​សិប​គ្រឿង​បន្ថែមទៀត​​និង​ចំនួន​កងទ័ព​ទ្វេ​ដង​ដែល​បាន​បន្ថែម​ទៅលើ​ចំនួន​កងទ័ព​អាម៉េរិក​ដែល​មាន​ស្រាប់​នៅក្នុង​តំបន់​នោះ ចាប់តាំងពី​ដើមឆ្នាំ​នេះ​។​

​កាសែត​នេះ​បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​អាច​ធ្វើ​ការសម្រេចចិត្ត​អំពី​ការបង្កើន​ចំនួន​កងទ័ព​នេះ​នៅ​ដើមខែ​នេះ​។​

​ចំណាត់ការ​នេះ​កើត​ឡើង​បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​ទៅ​លើ​នាវា​ដឹក​ទំនិញ​និង​ការវាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​និង​មី​ស៊ី​ល​ទៅ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​​អា​រ៉ាប៊ីសាអូឌីត កាលពី​ខែ​កញ្ញា ហើយ អ៊ីរ៉ង់​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ទាំងនេះ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​នៃ​តំបន់​នោះ​ហើយ​បាន​ពង្រីក​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់ ដោយ​នាំ​ឱ្យ​មាន​​ភាព​តានតឹង​នៅ​ទូទាំង​តំបន់​នោះ​។​

​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក Abraham Lincoln បាន​ធ្វើដំណើរ​តាម​ច្រក​សមុទ្រ​Hormuz​ដើម្បី​ជា​ការបង្ហាញ​កម្លាំង​និង​ធានា​ដល់​ក្រុម​ប្រទេស​​សម្ពន្ធមិត្ត​ដែល​ព្រួយបារម្ភ​អំពី​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​៕​ដោយៈ​សុខា​/sn

នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក Abraham Lincoln ជាមួយនឹង​កង​នាវា​ប្រយុទ្ធ​ច្រើន​គ្រឿង​របស់​ខ្លួន បើក​កាត់​ចក្រ​សមុទ្រ​Hormuz កាលពី​ខែ​មុន​

ទីតាំងផ្សាយពាណិជ្ជកម្ម