ជុំ លី​ណូ បញ្ចេញ​បទ​ថ្មី​អត្ថន័យ​និយាយ​ពី​ក្រដាស​ប្រាក់រៀល​

728
ចែករម្លែក

ភ្នំពេញ​៖ តារាចម្រៀង​លោក ជុំ លី​ណូ ស្ងាត់ៗ​បាន​ផលិត​នូវ​បទ​ថ្មី​សម្រាប់​ខ្លួន​ដែល មាន​អត្ថន័យ ដោត​ទៅលើ​ក្រដាស់​ប្រាក់រៀល​យើង ធ្វើឱ្យ​មហាជន​និង​ជាពិសេស​លើ​បណ្តាញ​សង្គម​ពេញ ចិត្តនឹង​បទ “​ប្រាក់រៀល​ចិត្ត​ស្មោះ​”​នេះ​។

​លោក ជុំ លី​ណូ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹង​ក្រោយ​ចប់​កម្មវិធី​ទិវា​ពិការភាព​នៅ​ម​ហោ ស្រព​កោះ​ពេជ្រ​កាលពី​ថ្ងៃ​០៣ ខែធ្នូ ឆ្នាំ​២០១៩​ថា មួយរយៈ​នេះ លោក​ក៏​រវល់​ខ្លាំង​គួរសម​តាម កម្មវិធី ប្រគំ​តន្ត្រី ប៉ុន្តែ​លោក​មិន​ភ្លេច​ធ្វើ​មួយ​រឿង​ឡើយ​គឺ​បន្ត​ផលិតបទ​ថ្មី​ទាំង​បទ​និពន្ធ​ថ្មី​និង​បទ ចាស់​ឡើងវិញ​។ ហើយ​ថ្មីៗ​នេះ​លោក​បាន​បញ្ចេញ​នូវ​បទ​ថ្មី​មាន​ចំណងជើង​ថា “​ប្រាក់រៀល​ចិត្ត ស្មោះ​” ដែល​ទោះ​បង្ហោះ​ឱ្យ​មហាជន​ស្តាប់​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​មកដល់ ពេល​ទទួល​ការគាំទ្រ​ពេញចិត្ត​រាប់សែន​នាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​និង​ជាពិសេស Youtube​។

​តារាចម្រៀង​ប្រុស​រូបនេះ​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ផលិតផល​បទ​នេះ​ឡើង ដើម្បី​ឱ្យមានការលើកស្ទួយ​ប្រាក់រៀល​ខ្មែរ​យើង ហើយក៏​ដូចជា​សារ​ដាស់តឿន​ដល់​មហាជន​ឬ​អ្នក​ចូលចិត្ត ចាយ​ដុល្លារ សូម​គាំទ្រ​លុយ​ខ្មែរ​ឱ្យ​ច្រើន​ឡើងលើ​ការជួយ​ដូរ​គ្រប់មុខ​ទំនិញ​ជាជាង​ប្រើប្រាស់ ក្រដាសប្រាក់​បរទេស​។ ការប្រើប្រាស់​ជួញដូរ​ប្រាក់រៀល​ច្រើន ឡើង​បាន​គ្រប់គ្នា ជា​រឿង​ល្អ ហើយក៏​ជួយ​ដល់​អ្នក​ប្រកបមុខរបរ​តូចៗ​។

​លោក​ក៏​ថ្លែងអំណរគុណ​ដល់​មហាជន​ដែល​ពេញចិត្ត​ចំពោះ​ស្នាដៃ​ថ្មី​នេះហើយ​លោក​នឹង​បន្ត​ផលិត ស្នាដៃ​ថ្មី​ទៀត ជាពិសេស​ផលិត​បទ​ដែល​សារ​អប់រំ​ដល់​មហាជន​និង​យុវវ័យ​។

​សូមបញ្ជាក់ថា បទ​ថ្មី​របស់លោក ជុំ លី​ណូ ដែលមាន​ចំណងជើង​ថា “​ប្រាក់រៀល​ចិត្ត​ស្មោះ​” បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក និង លើ​យូ​ធូប​(Youtube) Chum Lino Cambodia ។

​លោក ជុំ លី​ណូ បាន​ចូលប្រឡូក​សិល្បៈ​តាំង​ឆ្នាំ​២០០៨​មកម្ល៉េះ ប៉ុន្តែ​មិនមែន​កើត ចេញពី​កម្មវិធី ប្រឡង​ចម្រៀង​ណាមួយ​ឡើយ ដោយ​កាលនោះ​លោក​ទៅ​កន្លែង​ថត​សំលេង​ចង់​ថត​ទុក​បទ​ខ្លួន សំនៀង​យ៉ាងម៉េច ហើយ​ក្រោយ​ក៏​ទទួល​ការសរសើរ​ម្ចាស់​ទីតាំង​រហូត​លឺ​ដល់​ផលិតកម្ម​សាន់​ដេ ទើប​ជាប់​ចូល​តារាចម្រៀង​ពី​ពេល​នោះមក​។ លោក​បាន​នៅ​ទ្រនំ​ផលិតកម្ម​សាន់​អស់​រយៈពេល ៦​ឆ្នាំ បាន​ច្រៀង​ចម្រៀង​មាន​ជាង​២០០​បទ ហើយ​បទ​ដែល​មហាជន​ស្គាល់​និង​ចង់ចាំ​លោក​គឺ​បទ “​អ្នក​ប៉ះ​កង់​ចង់​មាន​ស្នេហ៍​”​។

​លោក ជុំ លី​ណូ មានឈ្មោះ​ពិត ជុំ ទី​ណូ ជា​ខេត្តកំពង់ឆ្នាំង​ហើយ​ស្ថានភាព​គ្រួសារ​មិនមែន​ចេញ ពី​គ្រួសារ​អ្នកមាន​អ្វី​ទេ​គឺ គ្រាន់តែ​ឪពុក​របស់លោក​ជា​មន្ត្រី​ក្រុមប្រឹក្សា​ភូមិ តែ​បានទទួល​មរណៈភាព នៅសល់តែ​ម្តាយ​ជា​កសិករ​ធម្មតា​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម