នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាប​ហ្គេម​បាញ់​ត្រី​មួយកន្លែង ដកហូត​សម្ភារ​មួយចំនួន​

366
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​៤ ខែធ្នូ នគរបាល​ខណ្ឌ​សែន​សុខ បាន​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ស្ថិតនៅក្នុង​បន្ទប់​ជួល​ជាន់​ផ្ទាល់​ដី សណ្ឋាគារ វិ​ន​សិន​នេស ផ្លូវ​ណត​ប្រ៊ី​ត ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប៉ុន្តែ​ការបង្ក្រាប​នេះ ថៅកែ​ជា​ជនជាតិ​ចិន​បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចុះបង្ក្រាប ដោយ​ឃាត់​បានតែ​អ្នកលេង​ជនជាតិ​ចិន​ម្នាក់​ប៉ុណ្ណោះ​។

​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង ថ្លែងថា ម្ចាស់​ទីតាំង​នេះ មានឈ្មោះ វ័ន ឈាន​វិ​ន បាន​បើក​លេង​ហ្គេម​បាញ់​ត្រី​និង​លេងបៀ​ចិន​។

​លោក​អធិការ​ខណ្ឌ​សែន​សុខ បន្តថា សមត្ថកិច្ច​បាន​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី ៣​គ្រឿង , បៀចិន​៤​ឈុត , តុ​ចំនួន​៣ មក​រក្សាទុក​នៅ​សាលាខណ្ឌ​សែន​សុខ​។

​បច្ចុប្បន្ន ជនសង្ស័យ​ដែលជា​អ្នកលេង​ជនជាតិ​ចិន កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម