ម៉ែន សំអនៈ ការអប់រំដែលមាន តម្លៃពិតប្រាកដ គឺរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ ទេ

592
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីប្រគេន និង ប្រគល់សញ្ញាបត្រដល់សមណនិស្សិត និង និស្សិតចំនួន ១.១០៦ អង្គ នាក់ នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅឯវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានសរសើរដល់ពុទ្ធិកសកលវិទ្យាល័យមួយនេះថា “ ការបណ្តុះបណ្តាលយុវជនឱ្យមានគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ការច្នៃប្រឌិត និង នវានុវត្តន៍ មានគុណធម៌ សីលធម៌ ស្មារតីទទួលខុសត្រូវ និង មនសិការស្នេហាជាតិ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជា សក្តានុពលក្នុងការប្រកួតប្រជែងជាអន្តរជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត។ ទូលព្រះបង្គុំ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មបណ្តុះបណ្តាល និងផលិតចេញនូវធនធានមនុស្សប្រកបដោយគុណភាព គុណធម៌ សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ និង មនសិការវិជ្ជាជីវៈ “ ។

លោកជំទាវ ម៉ែន សំអន បានបន្ថែមថា ការអប់រំបណ្ដុះបណ្ដាលដែលធ្វើឱ្យមនុស្សមានតម្លៃ និងមានសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ គឺការអប់រំប្រកបដោយគុណភាព ពោលគឺ ត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ ទេ ។

ក្នុងន័យនេះ អ្នកដែល បញ្ចប់ការសិក្សា ត្រូវមានសមត្ថភាព អាចបំពេញការងារក្នុងជំនាញរបស់ខ្លួនបានល្អ និងមានការពេញចិត្តពីនិយោជក ពីស្ថាប័ន ដែលខ្លួនបម្រើការងារ ហើយលោកស្រី ម៉ែន សំអន មានជំនឿថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពិតជាមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងជឿទុកចិត្តបាន ក្នុងការបណ្តុះបណ្តាលយុវជនដែលជាកម្លាំងចលកររបស់ជាតិ ឱ្យក្លាយជាធនធានបញ្ញាប្រកបដោយគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់សង្គមជាតិទាំងមូល។

ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និង មានកិត្តិនាមជាងគេនៅកម្ពុជា ដើមឡើយ គឺជាសាលាសម្រាប់ព្រះសង្ឃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើកំណែទម្រង់ ក៏មាននិស្សិតជាគ្រហស្ថប្រុសស្រីមិនតិចជាង ៥០ ភាគរយសិក្សានៅទីនោះ ។

ទន្ទឹមនឹងភាពជឿជាក់នោះ លោកស្រី ម៉ែន សំអន បានផ្តល់អនុសាសន៍ ៥ ចំណុចដល់សកលវិទ្យាល័យព្រះសីហនុរាជ គឺៈ
១. បន្តបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌រស់នៅល្អ ការទទួលខុសត្រូវ និងមនសិការស្នេហាជាតិ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេស។
២. បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈ ការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឱ្យការផ្ទេរចំណេះដឹងដល់ព្រះសង្ឃ យុវជនជំនាន់ក្រោយ ប្រកបដោយគុណភាព។
៣.បន្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យមានលក្ខណៈទំនើប និងធ្វើអន្តរជាតិនីយកម្មលើកម្មវិធីអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងមុខរបរ ស្របតាមបរិបទថ្មីនៃកម្ពុជា ដែលកំពុងស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន និងពិភពលោក។
៤. បន្តពង្រឹង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ សម្ភារៈសិក្សាគ្រប់ប្រភេទ សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព ។
៥. បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីរក្សា កិត្យានុភាព ឧត្ដមភាព និងនិរន្តរភាព របស់ពុទ្ធិកសាកលវិទ្យាល័យ ទាំងពេលបច្ចុប្បន្ន និងអនាគត។

ព្រះភិក្ខុបណ្ឌិត ឃី សុវណ្ណរតនា សកលវិទ្យាធិការរង នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ តែងតែមានព្រះថេរដីកាជាញឹកញាប់ថា គុណភាព គឺជាកត្តាដ៏សំខាន់ ក៏ពិតមែនហើយ ប៉ុន្តែគុណធម៌ សីលធម៌ និង ចរិយាធម៌ គឺជាគោលការណ៍ដ៏សំខាន់បំផុតផ្សេងទៀត ក្នុងការអប់រំ នៃ ពុទ្ធិកសិកលវិទ្យាល័យព្រះសីហនុរាជ ។

គប្បីរំឭកផងដែរថា ក្រសួងធម្មការបានប្រគល់ទីតាំង និង អាគារទាំងស្រុង ទៅឱ្យពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ កាលពីខែ មិថុនា កន្លងទៅ ហើយបច្ចុប្បន្ន អាគារចំនួន ៥ កំពុងត្រូវបានជួសជុលកែសម្រួលជាច្រើនអន្លើក្នុងពេលជាមួយគ្នា បំពាក់ឧបករណ៍បន្ថែមក្នុងការឆ្ពោះទៅធ្វើទំនើបកម្ម និង កសាងកិត្តិនាមឱ្យបានទទួលស្គាល់គុណភាព មិនត្រឹមតែថ្នាក់ជាតិឡើយ គឺថែមទាំងថ្នាក់តំបន់ និង អន្តរជាតិទៀតផង ។ បច្ចុប្បន្ននេះ ពុទ្ធិកសិកលវិទ្យាល័យព្រះសហនុរាជ បាន និង កំពុងត្រៀមខ្លួនសម្រាប់បើកបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅក្នុង ឆ្នាំ ២០២០ ខាងមុខនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម