​ក្រុមកីឡា​ប៉េតង់​នារី វិញ្ញាសា​៣​ទល់​៣ ៖ កម្ពុជា ឈ្នះ​ម៉ាឡេស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

426
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមកីឡា​ប៉េតង់​នារី វិញ្ញាសា​៣​ទល់​៣ កម្ពុជា ឈ្នះ​ម៉ាឡេស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA GAMES 2019) លើក​ទី​៣០ នៅ​ទីក្រុង​ក្លាក (Clark) ក្នុងការ​ប្រកួត នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ទទួលបាន​មេដាយមាស ១​គ្រឿង​។​

​លោក សូ​ម៉ៃ សុខ​គា ប្រធាន​ប្រតិភូ និង​ជា​អគ្គលេខាធិការរង នៃ​សហព័ន្ធ បាន​ប្រាប់​ពី​ហ្វីលីពីន​ថា ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា ដណ្តើមបាន​មេដាយមាស ១​គ្រឿង ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន ក្នុង​វិញ្ញាសា ៣​នាក់​ទល់នឹង​៣​នាក់ ឈ្នះ​ក្រុមកីឡា​ការិនី​របស់​ម៉ាឡេស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល​ពិន្ទុ ១៣​ទល់នឹង​៤ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ នេះ​។​

ទិដ្ឋភាព​ប្រកួត​

​នេះ​គឺជា​មេដាយមាស លើក​ទី​២ របស់​កម្ពុជា ដែល​ដណ្តើមបាន នៅ SEA Games លើក​ទី​៣០ ឆ្នាំ​២០១៩ ដែលមាន​ហ្វីលីពីន ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពី​កីឡា​គុន​ល្បុក្កតោ ដណ្តើមបាន​មេដាយមាស ១ គ្រឿង​ដែរ កាលពីដើម​សប្តាហ៍ ដោយពេល​នេះ កម្ពុជា ឈ្នះ​មេដាយ​សរុប​កើន​ដល់ ២២ គ្រឿង ហើយ​រួមមាន មេដាយមាស ២ គ្រឿង ប្រាក់​៣​គ្រឿង និង​សំរិទ្ធ ១៧ គ្រឿង​។​

​លោក​បាន​រំលឹក​ឡើងវិញ​ថា កីឡាការិនី​ប៉េតង់​កម្ពុជា ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម​នេះ​ទទួលបាន​ជ័យជម្នះ​លើ​ឡាវ ខណៈ​ក្រុម​កី​ឡ​ការិនី​ម៉ាឡេស៊ី ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា នៃ​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់​នារី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA GAMES 2019) លើក​ទី​៣០ នៅ​ទីក្រុង​ក្លាក (Clark) ក្នុងការ​ប្រកួត នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​។ សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ក្រុមកីឡា​ការិនី ប៉េតង់​កម្ពុជា រួមមាន កីឡាការិនី អ៊ុន ស្រី​យ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី ឃួន យ៉ា​រី និង កីឡាការិនី ដួង​ឌី​ណា យកឈ្នះ​កីឡាការិនី​ឡាវ លើ​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់​។

ទិដ្ឋភាព​ប្រកួត​

​លោក​បាន​បន្តថា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ យើង​នឹង​ជួប​ជាមួយ ក្រុម​កី​ឡ​ការិនី ម៉ាឡេស៊ី ចំពោះ​ការប្រកួត ក្នុង​ពូ​ល កម្ពុជា​ធ្លាប់​យកឈ្នះ​ក្រុមកីឡា​ការិនី ម៉ាឡេស៊ី ក្នុង​លទ្ធផល ១៣​ទល់​១០​។ ចំណែក​ក្រុម​បុរស កីឡាករ ថោង ឈឿង កីឡាករ តិ​ប ន​រ៉ា កីឡាករ សៀង វណ្ណា និង​កីឡាករ យឹម សុភ​ណ្ឌ បាន​ធ្លាក់​ហើយ​។ ដោយឡែក វិញ្ញាសា​គូ ២​ទល់​២ នារី​វិញ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះ​ម្ចាស់ផ្ទះ ហ្វីលីពីន ដោយ​លទ្ធផល ១៣ ទល់នឹង ២ នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ នេះ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា បាន​យកឈ្នះ​លើ ក្រុម​កី​ឡ​ការិនី ម៉ាឡេស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល​ពិន្ទុ ១៣​ទល់នឹង​៤ ៕v