​មន្ត្រី​!​បើក​លើស​ល្បឿន​ជា​មូល​ហ​តុ​ឱ្យ​រងគ្រោះ​ដល់​ស្លាប់​ខាត​៤០០​លាន​ដុល្លារ​

439
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​លោក​គង់​រតនៈ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បានលើកឡើង​អំពី​មូលហេតុ​ចម្បង​នាំឱ្យមាន​គ្រោះ​ថា្នក់​ចរាចរណ៍​ថា​“​ការបើកបរ​ក្នុង​ល្បឿន​លើស​ច្បាប់​កំណត់​គឺជា​មូលហេតុ​ទី​១​ដែល​ធ្វើឱ្យ​អ្នករងគ្រោះ​ដល់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​។​

​ពលរដ្ឋ​ជាច្រើន​តែងតែ​ដាក់បន្ទុក​ទៅលើ​មន្ត្រីនគរបាល​ចរាចរ​នៅ​គ្រប់​បញ្ហា​ចរាចរ​ដែល​កើតមានឡើង​។​ប៉ុន្តែ​ពួកគេ​មិនបាន​គិត​ទេ​ថា​បញ្ហា​ចរាចរណ៍​គឺជា​រឿង​របស់​ទាំងអស់គ្នា​ដែល​ត្រូវ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ទាំងអស់គ្នា​គឺ​សមត្ថកិច្ច​មិនមែនជា​ភាគី​ផ្ដាច់​មុខតែ​ម្នាក់​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នោះទេ ។

គ្រោះថ្នាក់​ចរាចរណ៍​បានរួម​ចំណែក​ធ្វើឱ្យ​ខ្ជះខ្ជាយ​នូវ​សេដ្ឋកិច្ចជាតិ ដោយ​យោងតាម​តួលេខ​កាលពី ២០១៤​កម្ពុជា​បាន​ខាតបង់​សេដ្ឋកិច្ច​ក្នុង​ទំហំ​៣៣៩​លាន​ដុល្លារ​អាមេរិក​ហើយ​ឆ្នាំ​២០១៩​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​យ៉ាងតិច​ក្នុង​ទំហំ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​ដែរ​។​

​លោក គង់ រតនៈ​លើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​បទ​បង្ហាញ​របស់​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរ ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​និង​ការគ្រប់គ្រង​កាកសំណល់​សំរាម​នៅ​រាជធានី​ភ្នំពេញ​។​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​អគារ​ឥន្ទ្រ​ទេវី នៃ រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​គង់​រតនៈ​បាន​ចោទសួរ​អំពី​ការ​រឹតបន្តឹង​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​គុណភាព​នៃ​ដំណើរការ​ផ្ដល់​បណ្ណ​បើកបរ​សព្វថ្ងៃ​ជាដើម​។​លោក​ក៏បាន​លើក​ឡើងជា​យោបល់​ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ពិចារណា​អំពី​សុពលភាព​នៃ​បណ្ណ​បើកបរ​នៅ​កម្ពុជា​ដែលមាន​រហូតដល់​រយៈ​ពេល​១០​ឆ្នាំ​ដោយ​លោក​លើកឡើងថា​តើ​គួរតែមាន​ការកែសម្រួល​ដោយ​បន្ថយ​រយៈពេល​មកវិញ​ដែរឬទេ​ដើម្បី​ធានាបាន​នូវ​ការត្រួតពិនិត្យ​ស្ថានភាព​លក្ខណៈសម្បត្តិ​និង​សុខភាព​នៃ​អ្នក​កាន់​បណ្ណ​បើកបរ​។​

​លោក​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ផងដែរ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ចិត្ត​ដក​ការកំណត់​ដែល​តម្រូវឱ្យ​អ្នកបើកបរ​ម៉ូតូ​កម្លាំង​ក្រោម​125cc​ត្រូវមាន​បណ្ណ​បើកបរ​ខណៈដែល​មាន​ជនរងគ្រោះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់ ៨៥ ភាគរយ គឺជា​អ្នកបើកបរ​ម៉ូតូ ហើយ​បើតាម​លោក​អះអាង បច្ចុប្បន្ន ម៉ូតូ​ដែល​ត្រូវបាន​ប្រើប្រាស់​ជាង ៩០ ភាគរយ ជា​ម៉ូតូ​ដែលមាន​កម្លាំង​ក្រោម 125cc​។​

​សម្រាប់​អនុសាសន៍​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​លោក​បាន​លើកឡើងថា​គួរតែបង្កើត​នូវ​ចំណត​ឱ្យបាន​កាន់តែច្រើន​និង​បង្កើន​នូវ​ទីតាំង​ផ្សារ​សម្រាប់​ផ្ដល់ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ប្រកប​អាជីវកម្ម​ងាយស្រួល​ចៀសវាង​ការយក​ផ្លូវ​សាធារណៈ​ធ្វើជា​ទីតាំង​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន ។​

​សូមជម្រាបថា បច្ចុប្បន្ននេះ គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតករ​លេខ ១ នៅ​កម្ពុជា ដោយ​ក្នុង ១​ថ្ងៃ​គិត​ជា​មធ្យ​វា​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ពី ៣ ទៅ ៥ នាក់ និង របួស​ពី ១០​ទៅ​១៨​នាក់ ។ នេះ​មិនទាន់​គិតដល់​ផល​អវិជ្ជមាន​នានា​។​ជាពិសេស​ពិការភាព​ជាដើម​ផង​ទេ​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​ទទួលស្គាល់ថា​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែលនាំឱ្យ​ធ្លាក់ខ្លួន​ពិការ​ដែរ​ហើយ​ពិការភាព​នេះ​ទៀតសោត​នឹង​ធ្វើឱ្យប៉ះពាល់​រយៈពេល​វែង​ឆ្ងាយ​ដល់​គុណភាព​ជីវិត​និង​ផលិតភាព​របស់​បុគ្គល​ហើយក៏​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ ៕S/

  • ចំណងជើង​រូបៈ លោក គង់ រតនៈ ពេលធ្វើ​បទ​បង្ហាញ​អំពី​គ្រោះថ្នាក់​និង​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក ។