សីតុណ្ហភាព​បាន​ចុះ​ដល់​១៥​អង្សា​សេ​នៅ​រតនគីរី​-​សីតុណ្ហភាព​នឹង​ងើប​ឡើងវិញ​ក្រោយ​ថ្ងៃទី​៩​ធ្នូ​

992
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ធាតុអាកាស​ត្រជាក់​ស្រឹប​គឺ​ត្រជាក់​ខ្លាំង​ជាង​ម៉ាស៊ីនត្រជាក់​បន្ទាប់​ពីសី​តុ​ណ្ហ​ភាព​អប្បបរមា​បាន​ចុះ​ដល់​រង្វង់​កម្រិត​១៥​អង្សា​សេ នៅ​ខេត្ត​រតនគីរី​និង​១៦​អង្សា​សេ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​នៅ​ថ្ងៃទី​៥​ខែធ្នូ​ក្រោយពី​ព្យុះ​ទី​២៨​បាន​រលាយ​ក្នុងពេល​ជ្រលង​សម្ពាធ​ខ្ពស់​និង​ខ្យល់មូសុង​ឦសាន​មាន​ឥទ្ធិពល​កាន់តែខ្លាំង​តែ​សីតុណ្ហភាព​ចុះ​ត្រជាក់​លើក​ទី​១​នេះ​នឹង​ចាប់​កើនឡើង​មកវិញ​នៅក្រោយ​ថ្ងៃទី​៩ ខែធ្នូ​។​
​លោក​ចាន់​ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រតនគីរី​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​ថា​ធាតុអាកាស​នៅ​ខេត្ត​រតនគីរី​នា​ព្រឹក​ថ្ងៃនេះ​(៥​ធ្នូ​)​ត្រជាក់​ខ្លាំងណាស់​បន្ទាប់ពី​សីតុណ្ហភាព​អប្បបរមា​បាន​ចុះ​ដល់ កម្រិត ១៥​អង្សា​សេ គឺ​ចុះ​ទាប​ជាង​កាលពី​ថ្ងៃ​ម្សិលមិញ​ទៅទៀត​។​

ប្រធាន​មន្ទីរ​បាន​និយាយ​ឱ្យដឹងទៀតថា​ម៉ាស៊ីនត្រជាក់​ទាប​បំផុត​មាន​ត្រឹម​១៦​អង្សា​សេ​តែ​អាកាសធាតុ​ទូទៅ​នៅពេលនេះ​មាន​កម្រិត​ក្នុង​រង្វង់​១៥​អង្សា​សេ​គឺ​ពិតជា​ត្រជាក់​ខ្លាំង​នាំឱ្យ​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការរស់នៅ​និង​ប្រកប របរ​ផ្សេងៗ​។​

​លោក​ញឹក​កួន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៥​ខែធ្នូ​ថា​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​តែ​ពលរដ្ឋ​មិន​លំបាក​ដូច​កាលពីមុន​ទេ​។​ដោយសារ​ពេលនេះ​គាត់​មានផ្ទះ​រស់នៅ​សមរម្យ​និង​មាន​សំលៀកបំពាក់​ក្រាស់ៗ​(​ខោអាវ​រងារ​)​សម្រាប់​ប្រើប្រាស់​។​ឯ​កងទ័ព​ក៏​ដូចគ្នា​ដែរ​គឺមាន​អាវ​ការពារ​មិនសូវមាន​អ្នកណា​អង្គុយ​អាំងភ្លើង​ដូច​មុន​ឡើយ​។​សីតុណ្ហភាព​អប្បបរមា​នៅ​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ចុះ​ដល់​រង្វង់​កម្រិត​១៦.៥​អង្សា​សេ​និង​នៅ​ប្រាសាទ​តា​ក្របី​១៦​អង្សា​សេ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៥​ខែធ្នូ​ថា ធាតុអាកាស​ត្រជាក់ បា ន គ្រប់​ដណ្តប់​ខ្លាំង​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ភាគ​ឦសាន​និង​តំបន់​វាលទំនាប​ភាគ​ពាយព្យ​ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​និង​ខ្យល់មូសុង​និរតី​ខ្លាំង​នៅ ក្រោយពេល​ព្យុះ​ទី​២៨​បាន​រលាយ​ទៅវិញ​នៅ​កណ្តាល​សមុទ្រ​ចិន​ខាងត្បូង​។​

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា​សីតុណ្ហភាព​អប្បបរមា​នៅ​ទីប្រជុំជន​ខ្លះ​អាច​នៅ​បន្ត​ចុះ​ទាប​ថែម​បន្តិចទៀត​តែ​នៅ​តំបន់ភ្នំ​ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រះវិហារ​បាន​ចុះ​ដល់​កម្រិត​ទាប​បំផុត​ហើយ គឺ លែង​ចុះ បន្តទៀត​មានតែ​កើន​ឡើងវិញ​នៅក្រោយ​ថ្ងៃទី​៩​ខែធ្នូ ។

​នៅ​ខេត្ត​រតនគីរី សី តុ​ណ្ហ​ភាព​បាន​ចុះ​ដល់​១៥​អង្សា​សេ មណ្ឌល​គី​រី​១៥.៧​អង្សា​សេ នៅ​ខេត្ត​ឧ​ត្ត​រ មានជ័យ​១៦​អង្សា​សេ​(​ប្រា​តា​ក្របី​)​។​សីតុណ្ហភាព​អប្បបរមា​ចុះ​ទាប​ជា​លើក​ទី​១​ដល់​កម្រិត​១៥​អង្សា​សេ​នៅ​ខេត្ត​ខ្លះ​នេះ និង ចាប់ផ្តើម​កើនឡើង​បន្តិច​មកវិញ​នៅ បន្ទាប់ ពីថ្ងៃ​ទី​៩​ខែធ្នូ​។​

​ក្រ​សូង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ជូនដំណឹង​ថា​បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង តាមដាន​លើ​ស្ថានភាព​អាកាសធាតុ ជា ប្រចាំ ទាំង​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា​ដោយសារ ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង​បាននិងកំពុង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មកលើ​កម្ពុ​ជា ។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោ​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សរសេរ​ទៀតថា​ស្ថានភាព​អាកាសធាតុ​បែបនេះ​នឹងធ្វើ​ឲ្យ​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ត្រជាក់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​៥​ដល់​៩​ខែធ្នូ​ឆ្នាំ​២០១៩​។​ដោយនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រះវិហារ​ប៉ៃលិន​ស្ទឹងត្រែង​រតនគិរី​និង​មណ្ឌលគិរី​សីតុណ្ហភាព​អប្បបរមា​អាចមាន​ពី​១៦​ទៅ​១៨​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មា ន​ពី ២៥​ទៅ​២៧ អង្សា​សេ​។​

​នៅ​ខេត្តពោធិ៍សាត់​បាត់ដំបង​បន្ទាយមានជ័យ​សៀមរាប​កំពង់ធំ​ក្រចេះ​និង​ខេត្តកោះកុង​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៨-២០​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៦២៨​អង្សា​សេ​។​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​កំពង់ស្ពឺ​កំពង់ឆ្នាំង​កំពង់ចាម​ត្បូងឃ្មុំ​ព្រៃវែង​និង​ខេត្តស្វាយរៀង​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨​អង្សា​សេ​។​

​នៅ​ខេត្តតាកែវ​កែវ​កំពត​និង​ខេត្ត​ព្រះសីហនុ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២=២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧២៩​អង្សា​សេ​។​ក្នុង​សេចក្តី​ខាងលើ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​វីរៈ​កងទ័ព​ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​សូមមេត្តា​ប្រុងប្រយ័ត្ន​បង្ការ​និង​ថែរក្សា​សុខភាព​ពី​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​៕S/

​អាកាសធាតុ​នៅ​តំបន់ភ្នំ​ចុះ​ត្រជាក់​ខ្លាំង​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៩​ធ្នូ​


ទីតាំងផ្សាយពាណិជ្ជកម្ម