យានដ្ឋាន​កែច្នៃ​យានយន្ត​គ្មាន​ច្បាប់ និង​ផ្លាកលេខ​ក្លែងក្លាយ ត្រូវ​លុបបំបាត់នៅ​ឆ្នាំ​២០១៩​នេះ​?

665
ចែករម្លែក

រដ្ឋមន្ដ្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាស​ឲ្យ អាជ្ញាធរ​ត្រូវ​រួមគ្នា​លុបបំបាត់​យានដ្ឋាន​ជួសជុល​និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​គ្មាន​ច្បាប់​នៅតាម​មូលដ្ឋាន​រាជធានី​ខេត្ត​នីមួយៗ​ឲ្យ​អស់​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ បច្ចុប្បន្ន​យានដ្ឋាន​កែច្នៃ យានយន្ដ គ្មាន​ច្បាប់ នៅតែ​បន្ត​កើតមាន ពិសេស​ការកែច្នៃ​ឡាន​កាត់ត​ទំនើបៗ​បាន​ចេញពី ភ្នំពេញ ទៅដល់​តាម​បណ្តា​ខេត្តហើយ​។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ យានយន្ដ ដែល​មិនមាន​ច្បាប់​ត្រឹមត្រូវ នឹង​បង្ក​គ្រោះថ្នាក់ និង​ប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​។ ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​គិតគូរ​បិទ​កន្លែង​យាន ដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ដ​គ្មាន​ច្បាប់ ឱ្យអស់​តែម្ដង នៅក្នុង​ឆ្នាំនេះ ខណៈ​នៅតែមាន​របាយការណ៍ ឬ​រាយការណ៍​មក​ថា នៅតែ​បន្ដ មាន​យានដ្ឋាន​ជួសជុល ឬ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​គ្មាន​ច្បាប់​កើតមានឡើង​ដដែល នោះ​។

​លោក​រដ្ឋមន្ដ្រី ក៏បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០២០​តទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចង់ឃើញ​គ្រប់​យានដ្ឋាន​ជួសជុល ឬ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​ទាំងអស់ គឺមាន​ច្បាប់​ត្រឹមត្រូវ​។

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញថា មក ដល់​ខែធ្នូ ឆ្នាំ​២០១៩ យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ នៅ​ទូទាំងប្រទេស​មាន ចំនួន​ជាង ៣៥០០​កន្លែង​។ ក្នុងនោះ យានដ្ឋាន​មានច្បាប់​អនុញ្ញាត មាន​ចំនួន​ជាង ២៧០០ កន្លែង និង​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៧៦១​កន្លែង​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ធ្វើលិខិត​មួយ​ផ្ញើ ជូនទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ស្នើសុំ​ថវិការដ្ឋ​ប្រមាណ​បី​លាន​ដុល្លារ​សម្រាប់ ចំណាយ​លើ​ការផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ផ្លាក លេខ​ឡាន​ចាស់​គ្មាន​ក្យូ អ​( QR) កូដ មក​ដូរ​យក​ផ្លាកលេខ​ថ្មី ដែលមាន QR កូដ​។

​តាម​ក្រសួង​សាធារណការ​ផ្លាកលេខ​ថ្មី​របស់​រថយន្ត​ដែលមាន QR កូដ ដែល​ត្រូវ​ប្តូរ​ថ្មី​នេះ ត្រូវធ្វើ​បច្ចុប្បន្នភាព ឈ្មោះ អាសយដ្ឋាន និង​កាត់ឈ្មោះ​នៅ​កន្លែង​ណា ជាដើម​។ ការប្តូរ​ផ្លាក លេខ​ថ្មី ដែលមាន QR កូដ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មិន​យកលុយ​ទេ​ដែល រាជរដ្ឋាភិបាល ត្រូវ​ចេញ​ឲ្យ​ប្រហែល​បី​លាន​ដុល្លារ បង់​ឲ្យ​តែ​ក្រុមហ៊ុន KTS​។​

​កាលពីពេល​ថ្មីៗ​នេះ​អាជ្ញាធរ​សមត្ថកិច្ច បាន​រកឃើញ និង​ចាប់បាន​អ្នកធ្វើ​ផ្លាកលេខ​យានយន្ត ក្លែងក្លាយ ចំនួន​ប្រាំពីរ​កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​កន្លែង​ធ្វើ​ស្លាក​លេខ​នគរបាល លេខខ​.​ម លេខ​កងរាជអាវុធហត្ថ ស្លាក​លេខ​នៅ​ភ្នំពេញ និង​ផ្លាកលេខ​ខេត្ដ​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា ដើម្បី​កុំ​ឲ្យ​មាន​ផ្លាកលេខ​សេះ​ហោះ ឬ​ស្លាក​លេខ​ក្លែងក្លាយ ប្រើប្រាស់​បន្ដទៀត នៅក្នុង​ប្រទេស​កម្ពុជា គឺ​ចាំបាច់​ត្រូវ​ប្ដូរ​ផ្លាកលេខ ចាស់​មក​លេខ​ថ្មី​ដែលមាន​QR​កូដ ដើម្បី​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លាកលេខ​ត្រឹមត្រូវ និង​ទទួលបាន​នូវ​ទិន្នន័យ​ច្បាស់លាស់​ល្អ​ទាំងអស់ សម្រាប់​ការ គ្រប់គ្រង​ផ្លាកលេខ​យានយន្ដ​។​

​ដើម្បី​ឲ្យ​សេចក្តីណែនាំ​លុបបំបាត់​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យាន យន្ដ ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ព្រមទាំង​គម្រោង​លុបបំបាត់​ផ្លាកលេខ​ក្លែង ក្លាយ​អាច សម្រេច​ទៅបាន គួរតែ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​យន្តការ​តាមដាន​លើ​មន្ត្រី ជំនាញ​របស់ខ្លួន ព្រោះ​មាន​ពាក្យ​មួយ​ពោលថា «​ភូត​នៅ​ហោ ចោរ​នៅ​ជាង​»​។ បានន័យថា ដូច​ការលើកឡើង​ខាងលើ គឺ​ផ្លាកលេខ​មិន​ត្រឹមត្រូវ​មួយចំនួន​ចេញមក​ពី​មន្ត្រី​ជំនាញ​ខាង ធ្វើ​ផ្លាកលេខ ហើយ​កន្លែង​កែច្នៃ​យានយន្ត ដែល​មិនមាន​ច្បាប់ នៅ​បន្ត​បើក​ដំណើរការ​ក៏​អាច មកពី​អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​មន្ត្រី​ជំនាញ​ខិលខូច​មួយចំនួន ឃុ​ប​ខិត​គ្នា ដើម្បី​ដាក់​ខែ យកលុយ​ពី​ម្ចាស់​យានដ្ឋាន​ទាំងនោះ ក៏​អាច​ថា​បាន​។​

​ប៉ុន្តែ​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ដែល​អាចមាន​គំនិត​ដូច្នេះ គួរតែ​គិតគូរ​ពី​គ្រោះថ្នាក់ កើតចេញពី​ការកែច្នៃ​យានយន្ដ ដែល​មិនមាន​ច្បាប់ទម្លាប់​និង​មិនត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រឹមត្រូវ គឺអាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់ មិន​ត្រឹម​ត្រូវធ្វើ​បើកបរ​អ្នកជិះ​យានយន្ត​កែច្នៃ ទាំង​នោះទេ តែ​ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

​រីឯ​ផ្លាកលេខ​ក្លែងក្លាយ​វិញ ក៏​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ផង និង​មិនអាច​គ្រប់គ្រង​យាន យន្ត ហើយ​ជនខិលខូច ឆ្លៀត​ប្រើ​យានយន្ត ដែលមាន​ផ្លាកលេខ​ក្លែងក្លាយ​នោះ ទៅ​ប្រព្រឹត្ត​បទល្មើស ដើម្បី​គេច​ពី​សំណាញ់​ច្បាប់ ក៏មាន​។​

​សរុបមក​ផែនការ​របស់​រដ្ឋមន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​ក្នុងការ​លុបបំបាត់​យានដ្ឋាន​ជួសជុល​និង​ដំឡើង​យានយន្ត​ខុសច្បាប់​រួមទាំង​ការលុបបំបាត់​ផ្លាកលេខ​ក្លែងក្លាយ អាច​សម្រេច​ទៅបាន នៅក្នុង​ឆ្នាំ​២០១៩ នេះ លុះត្រាតែ​ក្រសួង មាន​យន្តការ​តាមដាន​ការអនុវត្ត​ផែនការ​នោះ​ដោយ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ពិសេស​មន្ត្រី​នៅ​មូលដ្ឋាន ភូមិ​ឃុំ​សង្កាត់ ព្រោះថា កន្លងមក និង​មកដល់​សព្វថ្ងៃនេះ មិន​មានរឿង​ណាមួយ អាថ៌កំបាំង និង​លាក់​ការណ៍​ពី​ភ្នែក​ពី​ត្រចៀក​របស់​អាជ្ញាធរ​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​នៅ​ភូមិ​ឃុំ​សង្កាត់​បាន នោះឡើយ​៕ ដោយៈ ម៉េង​ឆៃ​