រថយន្ដបុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៨​នាក់​

427
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត​ម៉ាក​ម៉ាស់​ស្ដារ ពាក់​ផ្លាកលេខ រដ្ឋ 20 2-8789 បាន​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់ កាលពី​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

​យោងតាម​សំដី​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ពួកគាត់​មាន​គ្នា​៨​នាក់​ធ្វើដំណើរ​រួមគ្នា​ដោយ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង បាន​ដឹក​វាំងនន​ចេញពី​កម្មវិធី​មួយកន្លែង​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្បែរ​ក្រុមហ៊ុន​រថយន្ត​មែរ​សឺ​ដេស ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក ម៉ាស់​ស្ដារ ពណ៌​ស ពាក់​ផ្លាកលេខ រដ្ឋ 20 2-8789 បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់​(​ប្រុស​) ទិសដៅ​ស្របគ្នា​បាន​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន ហើយ​បាន​រេ​ចង្កូត​ជ្រុល​មក​បុក​រ៉ឺម៉ក​កង់​បី​គាត់​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់​៦​នាក់ និង​ស្រាល​២​នាក់​(​ប្រុស​ទាំងអស់​)​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បានគេច​ខ្លួន​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ ​ជនរងគ្រោះត្រូវ​ថៅកែ​របស់ខ្លួន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​រថយន្ត​និង​រ៉ឺម៉ក​កង​បី ត្រូវ​សមត្ថកិច្ច​ចរាចរ​ជំនាញ​វាស់វែងនិង​ស្ទួ​ច​​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម