ត្រាំ ៖ បើ​អ្នកឯង​ចង់​ចោទប្រកាន់​ខ្ញុំ “​ធ្វើ​វា​ឥឡូវ​ឱ្យ​លឿន​”

359
ចែករម្លែក

បន្ទាប់ពី​ការ​តទល់​រាប់​ខែ​ចំពោះ​ការស៊ើបអង្កេត​ចោទប្រកាន់​ដកតំណែង​ពី​សំណាក់​សភា ដោយ​រារាំង​សាក្សី​និង​មិន​អើពើ​នឹង​ដីកា​កោះហៅ​នោះ ឥឡូវ​សេត​វិមាន​កំពុង​ឱបក្រសោប​យក​យុទ្ធសាស្ត្រ​មួយ​ជា​សាធារណៈ ដែល​ខ្លួន​បានបង្ហាញ​តម្រុយ​ជា​លក្ខណៈ​ឯកជន​អស់​ជាច្រើន​សប្តាហ៍ នោះ​គឺ ខ្លួន​នឹង​ទទួលយក​ការពិត​ថា​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ទំនងជា​នឹងត្រូវ​ចោទប្រកាន់​ដោយ​សភា​ហើយនឹង​ផ្តោតលើ​ការកាត់ក្តី​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​កន្លែង​រួសរាយ​ជាង​នេះ​នៅក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​ថា ពួក​ប្រជាធិបតេយ្យ “​ឆ្កួត​អស់ហើយ​។ ដូច្នេះ​ខ្ញុំ​សូម​និយាយថា ប្រសិនបើ​អ្នកនឹង​ចោទប្រកាន់​ខ្ញុំ ធ្វើ​វា​ឥឡូវនេះ​ឱ្យ​លឿន ដូច្នេះ​យើង​អាចមាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​…​នៅក្នុង​ព្រឹទ្ធសភា ហើយ​ដូច្នេះ​ប្រទេស​របស់​យើង​នឹង​អាច​ត្រឡប់​ទៅរក​សភាព​ដើម​ធម្មតា​ឡើងវិញ​”​។​

​វា​ជា​សារ​មួយ​ដែល​បាន​កើតឡើង​មុន​ពេលដែល​ប្រធានសភា​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ឈរ​នៅ​ចំពោះមុខ​កាមេរ៉ា​ហើយ​ប្រកាសថា​គណៈកម្មាធិការ​ស​ភា​នឹង​ព្រាង​មាត្រា​នៃ​ការចោទប្រកាន់​។ គណៈកម្មាធិការ​ទាំងនោះ​ប្រាកដជា​ចោទប្រកាន់​ប្រមុខ​ដឹកនាំ​បក្ស​សាធារណរដ្ឋ​រូបនេះ​ពីបទ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​អំណាច​ប្រធានាធិបតី និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​គាបសង្កត់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដើម្បីឱ្យ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​មួយរូប ខណៈ​សេត​វិមាន​កំពុង​ដកហូត​ជំនួយ​សន្តិសុខ​សំខាន់ៗ​ពី​អ៊ុយ​ក្រែ​ន​។​

​លោកស្រី​បាន​និយាយថា “​ប្រធានាធិបតី​មិនបាន​ទុក​ជម្រើស​អ្វី​ឱ្យ​ពួកយើង ក្រៅតែពី​ធ្វើ​សកម្មភាព​នោះទេ​”​។​

​យុទ្ធនាការ​បោះឆ្នោត​រប​ស់លោក​ត្រាំ​និង​សេត​វិមាន​ឆ្លើយតប​ជាមួយនឹង​ការលាលែង​ពី​តំណែង គឺជា​ការទទួលស្គាល់​ជា​សាធារណៈ​លើកដំបូង​ថា​លោក​ត្រាំ​ទំនងជា​ក្លាយជា​ប្រធានាធិបតី​ទី ៣ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​សភាតំណាងរាស្ត្រ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ស្តេ​ហ្វា​នី ហ្គ្រី​សហា​ម បាន​សរសេរ​លើ Twitter ថា “​យើង​ទន្ទឹងរង់ចាំ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​ព្រឹទ្ធសភា​”​។​

​ខណៈ​លោក​ត្រាំ​ចង់​ចៀសវាង​ជា​យូរ​មកហើយ​នូវ​ការចោទប្រកាន់​ប្រឡាក់​ប្រឡូក​នឹង​កេរ្តិ៍តំណែល​របស់លោក លោក​និង​ពួក​ជំនួយការ​ក៏​មើលឃើញ​អំពី​លទ្ធភាព​វាយបក​ឈ្នះ​វិញ​ខាង​នយោបាយ​នៅក្នុង​ការប៉ុនប៉ង​រប​ស់​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ដក​គាត់​ចេញពី​តំណែង ទោះបី​ជាមាន​ហានិភ័យ​ច្រើន​ក៏ដោយ​។​

​ជាមួយ​ឱកាស​តិចតួច​ដែល​សមាជិក​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ព្រឹទ្ធសភា​អាច​នឹង​បោះឆ្នោត​ដើម្បី​ផ្តន្ទាទោស​គាត់​និង​ដក​គាត់​ចេញពី​តំណែង​នោះ ឥឡូវនេះ​លោក​ត្រាំ​កំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ការកាត់ក្តី​នៅ​ព្រឹទ្ធសភា​ដូច​រឿង​ភាគ​ទូរទស្សន៍​និយាយ​អំពី​ត្រាំ​យ៉ាង​អ៊ីចឹង កន្លែង​ដែល​មេធាវី​និង​សម្ព័ន្ធមិត្ត​របស់​បក្ស​សាធារណរដ្ឋ​នឹង​ការពារ​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការប្រព្រឹត្ត​របស់គាត់ ខណៈ​រុញ​គុណវិបត្តិ​ទៅរក​ខាង​ប្រជាធិបតេយ្យ​វិញ​ជាពិសេស​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ភា គឺ​លោក អាដាម ស៊ី​ហ្វ​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​យើង​នឹងមាន​លោក​ស៊ី​ហ្វ ក្រុម​លោក​បាយ​ដិ​ន លោកស្រី​ផេ​ឡូ​ស៊ី និង​មនុស្ស​ជាច្រើន​ទៀត​ធ្វើ​សក្ខីកម្ម ហើយនឹង​លាតត្រដាង​ជា​លើកដំបូង​ថា​តើ​ប្រព័ន្ធ​របស់​យើង​ពុករលួយ​ដល់​កម្រិតណា​”៕ ដោយ៖កញ្ញាដាលីស

លោក​ត្រាំ​រំអុកឱ្យ​សភា​ចោទប្រកាន់​ដកតំណែង​គាត់​ឱ្យបាន​លឿន

ទីតាំងផ្សាយពាណិជ្ជកម្ម