​ក្រសួងសុខាភិបាល​៖ ឱសថ Testosterone Booster ជា​ឱសថ​គ្មាន​ច្បាប់​

320
ចែករម្លែក

ដោយៈ មេសា
​ភ្នំពេញៈ
ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ជូនដំណឹង ដល់​សាធារណជន ឱ្យបាន​ជ្រាបថា ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ Testosterone Booster ដែល​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អ្នកជំនាញ​ខាង​បុរស គឺជា​ឱសថ គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​ផ្សព្វផ្សាយ ភូតកុហក បោកប្រាស បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា ធំ វែង រឹង រួមភេទ​បានយូរ និង ជួយ​ព្យាបាល​ខ្សោយបេះដូង ក្រលៀន ទឹកនោមផ្អែម លើសឈាម តម្រងនោម ក្រពេញ​ប្រូ​ស្តា​ត ក្រពះ ពោះវៀន ។​

​ក្រសួងសុខាភិបាល បាន​បន្ថែមថា សូមឱ្យ​សាធារណជន ឈប់​ជឿ​ការឃោសនា ភូតកុហក បោកប្រាស តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ត្រឹមត្រូវ​របស់ គណនី​ខាងលើ ហើយ​ឈប់​ប្រើប្រាស់ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ Testosterone Booster គ្មាន​ចុះ​បញ្ជិកា នេះ​បន្តទៀត ហើយ​ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​គណនី ខាងលើ បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ Testosterone Booster ជាបន្ទាន់ ហើយ​ថា ក្រសួង នឹងមាន​វិធានការ តាមផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​គណនី ដែល​ផ្សព្វផ្សាយ​ក់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ Testosterone Booster គ្មាន​បញ្ជិកា​នេះ តាមច្បាប់​ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ ផលិតផល ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤៕v