បុរស​មាន​បំផុត​នៅ​ថៃ​អំពាវនាវ​ឱ្យធ្វើ​បដិវត្តន៍​ប្រព័ន្ធ​អប់រំ​ដើម្បី​តាម​ទាន់​ទីផ្សារការងារ​សម័យ​ទំនើប

534
ចែករម្លែក

ប្រធាន​ក្រុមហ៊ុន Charoen Pokphand Group លោក ដា​នី​ន ជា​រ៉ា​វ៉ា​ណុន បាន​បញ្ចេញ​គំនិត​ថ្មី​ប្លែក​របស់គាត់​អំពី​វិស័យ​អប់រំ​សាធារណៈ​នៅ​វេទិកា​អប់រំ​ពិភពលោក​ក្នុង​ទីក្រុង​ប៉ារីស​សប្តាហ៍​នេះ​។

​ក្រុមហ៊ុន​ពហុ​ផលិតផល​ធំ​បំផុត​ដែលមាន​ចំណូល ៦៣ ពាន់​លាន​ដុល្លារ​មួយ​នេះ គឺជា​អ្នក​ផលិត​និង​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ក្រុមហ៊ុន​នេះ​ក៏មាន​ចំណែក​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ចិន​និង​ជប៉ុន ក៏ដូចជា​ភាគហ៊ុន​ជាច្រើន​ទៀត​នៅក្នុង​ក្រុមហ៊ុន​បណ្តាញ​លក់រាយ 7/Eleven ផងដែរ ដោយ​ធ្វើឱ្យ​ក្រុមហ៊ុន​របស់គាត់់​ក្លាយជា​ក្រុមហ៊ុន​លក់រាយ​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ក្រុមហ៊ុន​របស់គាត់​ក៏​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍ True Corporation ផងដែរ​។

​បុរស​មាន​បំផុត​របស់​ថៃ​និង​ជា​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​មួយ​លើ​ពិភពលោក​ដែល​ជួល​បុគ្គលិក​ជាង​៣០​ម៉ឺន​នាក់ បាន​គាំទ្រ​ការធ្វើ​បដិវត្តន៍​ប្រព័ន្ធ​អប់រំ​ថៃ និង វិធីសាស្ត្រ​ថ្មី​ដើម្បីឱ្យ​មនុស្ស​វ័យក្មេង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ថ្មី​។

​លោក ដា​នី​ន ជា​រ៉ា​វ៉ា​ណុន និយាយថា ប្រជាជន​ថៃ​ក្មេងៗ​គួរតែ​ចំណាយពេល​តិច​នៅ​សាលារៀន និង​អំពាវនាវ​ឱ្យធ្វើ​បដិវត្តន៍​លើ​ប្រព័ន្ធ​អប់រំ​ថៃ​។

​អ្នកជំនួញ​អាយុ​៨០​ឆ្នាំ​រូបនេះ​បាន​កំពុងនិយាយ​នៅ​វេទិកា​អប់រំ​ពិភពលោក​ក្នុង​ទីក្រុង​ប៉ារីស​។

​លោក​និយាយថា និស្សិត​សាកលវិទ្យាល័យ​គួរ​ត្រៀមខ្លួន​ធ្វើការ​នៅ​អាយុ ១៨ ឆ្នាំ ដោយ​ចំណាយពេល​តិច​បាន​ហើយ​នៅ​សាលា​។​

​លោក ដា​នី​ន ជា​រ៉ា​វ៉ា​ណុន អំពាវនាវ​ឱ្យ​និស្សិត​ត្រៀមខ្លួន​ចូលប្រឡូក​ក្នុង​កម្លាំង​ការងារ​នៅ​អាយុ ១៨ ឆ្នាំ និង ណែ​នាំឱ្យ​ប្រទេស​ថៃ​លុបចោល​កម្មវិធីសិក្សា​ហួស​សម័យ ដែល​ផលិត​កម្មករនិយោជិត ដែល​មិន​សម​នឹង​កន្លែងធ្វើការ​នា​សម័យ​ទំនើប​នេះ​។

​សព្វថ្ងៃ​ក្នុងប្រទេស​ថៃ សិស្ស​ភាគច្រើន ដែល​ចូលរៀន​សាកលវិទ្យាល័យ​ឬ​សូម្បី​ចូលរៀន​តាម​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស មិនបាន​ចាប់ផ្តើម​ស្វែងរក​ការងារ​ធ្វើ​ទេ​រហូតដល់​អាយុ​ខ្ទង់​២០​ប្លាយ​។

​បច្ចេកវិជ្ជា AI និង​បច្ចេកវិជ្ជា​ថ្មីៗ​ដទៃទៀត​បាន​ផ្លាស់ប្តូរ​កន្លែងធ្វើការ​អស់ហើយ ហើយ​ជំនាញ​គឺ​ត្រូវការ​ចាំបាច់​ខ្លាំងណាស់​នាពេល​សព្វថ្ងៃ​។

​លោក​ដា​វីន​បាន​ទទូចថា បដិវត្តន៍​បាន​កំពុង​កើតឡើង​នៅតាម​កន្លែងធ្វើការ​តាមរយៈ​ការប្រើ​បច្ចេកវិជ្ជា AI និង​មនុស្ស​យន្ត​។

​លោក​ដា​វីន​បាន​ស្នើឱ្យ​កាត់បន្ថយ​ឆ្នាំ​សិក្សា​នៅ​សលា​បឋមសិក្សា​ពី​៦​ឆ្នាំ​មក​នៅត្រឹម​៤​ឆ្នាំ ហើយ​វិទ្យាល័យ​គួរតែមាន​រយៈពេល​ត្រឹម​២​ឆ្នាំ និង​សាកលវិទ្យាល័យ​នានា​ត្រូវតែ​ត្រៀម​និស្សិត​ខ្លួន​ឱ្យ​ប្រឡូក​ការងារ​នៅ​អាយុ ១៨ ឆ្នាំ​។

​ជាការ​ពិត លោក​ដា​វីន​សង្កត់ធ្ងន់​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​និស្សិត​ត្រូវ​ចូលប្រឡូក​ការងារ​ដើម្បី​អភិវឌ្ឍ​ជំនាញ​ជាជាង​ទទួលបាន​ជំនាញ​ដោយ​គ្មាន​បទពិសោធន៍​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ក្រុមហ៊ុន Charoen Pokphand Group លោក ដា​នី​ន ជា​រ៉ា​វ៉ា​ណុន