រថយន្តឡើងជែងនឹងរថយន្តមួយ​ទៀតជ្រុលទៅបុកម៉ូតូធ្លាក់ស្នាម​​ភ្លោះ៖ អ្នកបើកម៉ូតូស្លាប់

279
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ រថយន្តបើកឡើងជែងនឹងរថយន្តមួយទៀតជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងពេញទំហឹងបង្កធ្លាក់ស្នាមភ្លោះ ហើយបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។

ឧបទ្ទហេតុកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុច ចន្លោះបង្គោលខ្សែភ្លើងលើបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប៉ូលីសចរាចរណ៍ស្រុកព្រះនេត្រព្រះឲ្យដឹងថា មុនពេលកើតហេតុនោះមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2.X1418 អ្នកបើកមិនស្គាល់អត្តសញ្ញាណ បើកពីលិច ទៅកើតក្នុងល្បឿនលឿនក្នុងស្ថានភាពងងិតពិបាកមើលផ្លូវ ។ លុះមកដល់ចំណុចកើតហេតុក៏បើកឡើងជែងនឹងរថយន្តមួយទៀតដែលកំពុង​បើកនៅខាងមុខបណ្តាលឲ្យជ្រុលចង្កូតមកខាងឆ្វេងដៃ ទៅបុកពេញទំហឹងនឹងម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីមC125ពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1G4829 បើកពីកើតទៅលិច ក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង បណ្តាលឲ្យទាំងរថយន្ត និងម៉ូតូធ្លាក់ចូលស្នាមភ្លោះ អ្នកបើកម៉ូតូស្លាប់នៅលើថ្នល់ជាតិ។ ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់។ អ្នកបើកមានឈ្មោះថា យ៉ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្នោត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្រោយពេលកើតហេតុហើយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយបានធ្វើកំណត់ហេតុ ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារ ៕B/