អាជ្ញាធរស្រុកខ្សាច់កណ្ដាលបដិ​សេធ​ថា មិនបានក្បត់ជាតិប្លន់ដីរាស្ត្រដូចការចោទប្រកាន់នោះទេ

290
ចែករម្លែក

ដោយ:ចាន់ ថន/កណ្ដាល ៖ អាជ្ញាធរឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានចេញមុខបកស្រាយបំភ្លឺ ឆ្លើយតបចំពោះការចោទប្រកាន់ពីសំណាក់បុគ្គល ២គ្រួសារដែលបានហៅអ្នកសារព័ត៌មានមកផ្សាយ ឡាយវីដេអូ ហ្វេកប៊ុក ជាបន្តបន្ទាប់ដោយ ចោទប្រកាន់ មកលើពលរដ្ឋ និងលោក មេឃុំស្វាយរមៀតថា (ជាជនក្បត់ជាតិ ប្លន់ដីរាស្ត្រ លក់ដីរដ្ឋ)។

ជាមួយគ្នានោះលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកមេឃុំ មេភូមិនិងពលរដ្ឋ សាម៉ីខ្លួនពាក់ព័ន្ធប្រមាណជា៣០នាក់។ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ថ្លែងប្រាប់ រស្មីកម្ពុជា ថា បុគ្គល១គ្រួសារមករំលោភយកដីបឹងសាធារណៈរបស់រដ្ឋ ហើយបង្កទំនាស់ឈ្លោះជាមួយបុគ្គល១គ្រួសារទៀត។

លុះពេលគេជំទាស់មិនឲ្យរំលោភយកដីបឹងនោះ បែរជាស្រែកថា៖ មេឃុំជាជនក្បត់ជាតិ ប្លន់ដីរាស្ត្រ លក់ដីរដ្ឋទៅវិញ។ ខណៈលោកមេឃុំមិនបានចុះហត្ថលេខាប្រគល់ដីបឹងនោះឲ្យនរណាម្នាក់ឡើយ ពោលគឺអាជ្ញាធរសម្របសម្រួលរហូត ប៉ុន្តែមិនទាន់ត្រូវគ្នា រីឯអ្នកស្រែកថា គេប្លន់ដី គឺជាអ្នករំលោភយកដីបឹងនោះហើយ។

ជុំវិញរឿងនេះ លោក ស៊្រីន រស់ អាយុ៤៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្នុង ឃុំព្រែកតា​មាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បានអះអាងប្រាប់ រស្មីកម្ពុជា ថា ដើមចមដំបូងដីកម្មសិទ្ធរបស់លោកទំហំ៨០អា ស្ថិតនៅចំណុចទួលគគី ក្រោយភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ដែលឪពុករបស់លោក ឈ្មោះ យ៉ាំ ស៊្រីន បានកាន់កាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះដោយអាស្រ័យផលពីឪពុកមកកូន។

លុះដល់កំឡុងឆ្នាំ២០១១ បានជួលដីនោះឲ្យឈ្មោះ ស សាន នៅភូមិកណ្ដាលឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល។ ក្នុង១ឆ្នាំ១,៦០០គីឡូក្រាម ដោយឈ្មោះ ស សាន បានដឹកស្រូវឲ្យដល់ផ្ទះរាល់ឆ្នាំជាថ្នូរនឹងឈ្នួលដី!។

មិនដូច្នេះអីឈ្មោះ ស សាន ធ្វើយូៗទៅស្រាប់តែឈ្មោះ ឈីវ ខន មានទីលំនៅភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ត្រូវជាប្អូនថ្លៃ របស់ឈ្មោះ ស សាន។ ឃើញឱកាសល្អម្ចាស់ដីនៅឆ្ងាយ កាលពីថ្ងៃទី២០,០៦,២០១៩បានដាក់គ្រឿងចក្រ ឈូសឆាយរំលោភ​យកដីបឹងទំហំក្បាល៥៤ម៉ែត្រ ជម្រៅទៅក្នុងបឹងប្រហែល៤០ម៉ែត្រ នៅខាងជើងជាប់នឹងកន្ទុយដីរបស់លោក ។វដីបឹងនេះចំណុះឲ្យដីកម្មសិទ្ធ៨០អាខាងលើ ព្រោះជាកន្លែងសម្រាប់អាស្រ័យផល។ ដាក់ម៉ាស៊ីនបូបទឹក ស្រោចស្រព្វផលកសិកម្ម របស់លោក នឹងអ្នកនៅជុំវិញជារៀងរាល់ឆ្នាំ។

លោក ស៊្រីន រស់ បញ្ជាក់ថា នៅពេលឈូសឆាយដីបឹងនោះ លោកបានទៅឃាត់ទើបកើតជារឿងតែម្ដង។ ខណៈឈ្មោះ ឈីវ ខន មិនមានដីនៅទីនោះឬជាប់នោះឡើយ និយាយរួម សំអាងលើឈ្មោះ ស សាន ជួលដីលោកនៅជាប់នោះ ទើបឈ្មោះ ឈីវ ខន ហ៊ានរំលោភ​យក​​ដីបឹងទាំងកម្រោលបែបនេះ។ ករណីនេះក្រុមគ្រួសារលោកមិនព្រមជាដាច់ខាត ព្រោះជាទីតាំងសម្រាប់អាស្រ័យផល ស្រោចស្រព្វស្រូវរាល់ឆ្នាំ។

លោក លឹម ជាង មេឃុំស្វាយរមៀត បានបញ្ជាក់ប្រាប់ រស្មីកម្ពុជា ថាឈ្មោះ ឈីវ ខន ដែលមានទំនាស់ជាមួយឈ្មោះ ស៊្រីន រស់ គឺពុំមានដីនៅទីនោះឬជាប់នោះឡើយ។
លោកថាទាំងអាជ្ញាធរសម័យមុននឹងបច្ចុប្បន្ន គឺមិនបានចែកដីប្រាំង ដីរបបក្រុមណាមួយ នៅម្ដុំនោះឲ្យទៅឈ្មោះ ឈីវ ខន ឡើយ។

លោកមេឃុំបន្ថែមថាដីដែលឈ្មោះ ឈីវ ខន កាន់កាប់ឈូសឆាយរំលោភយក ទំហំក្បាល៥៤ម៉ែត្រ ជម្រៅទៅក្នុងបឹងប្រហែល៤០ម៉ែត្រនោះ គឺពិតជាដីបឹងសាធារណៈប្រាកដមែន ដែលជាប់កន្ទុយដីឈ្មោះ ស៊្រីន រស់ ។

ទន្ទឹមនឹងនោះលោកមេឃុំ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង រាល់ការផ្សាយព័ត៌មានឡាយវីដេអូ តាមហ្វេកប៊ុក នាពេលថ្មីៗនេះ ព្រោះរាល់ការផ្សាយទាំងនោះ ពុំបានសួរនាំស្រាវជ្រាវរកខុសត្រូវ ឬធ្វើបទសម្ភាសន៍ជាមួយមន្ត្រីមូលដ្ឋាននិងភាគីពាក់ព័ន្ធឡើយ។

យោងតាមក្រុមប្រឹក្សាឃុំ និងពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាមូលហេតុនៃទំនាស់មួយនេះ គឺផ្ដើមមកពីការជួលដីឲ្យបងថ្លៃ។ ស្រាប់តែប្អូនថ្លៃមករំលោភយកដីបឹងសាធារណៈ ខណៈអាជ្ញាធរឃុំសម្រួល២លើកហើយមិនត្រូវគ្នា។ ទាំងដែលឈ្មោះ ស៊្រីន រស់ សុខចិត្តចែកដីនោះម្នាក់ពាក់កណ្ដាល ក៍នៅតែឈ្មោះ ឈីវ ខន មិនព្រម។

បច្ចុប្បន្នទំនាស់មួយនេះអាជ្ញាធរស្រុកខ្សាច់កណ្ដាល កំពុងធ្វើការដោះស្រាយមិនទាន់ចប់៕B/