ការរំពឹងទុក៖ ភ្ញៀវទេសចរប្រមាណ​​៥០ម៉ឺននាក់នឹងចូលរួមក្នុងពិធី​បុណ្យសមុទ្រនៅខេត្តកំពត

368
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំពឹងទុកថានាឱកាសនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ខេត្តកំពតនឹងទួលភ្ញៀវចូលមកកម្សាន្តប្រមាណជិត៥០ម៉ឺននាក់។ គិតមកដល់ថ្ងៃនេះ ការរៀបចំគ្រប់យ៉ាងដើម្បីត្រៀមដំណើរការសម្រាប់ពិធីដ៏អធឹកអធមនោះសម្រេចបាន៩៥ភាគរយហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោយកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាការត្រៀមលក្ខណៈដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ សម្រេចបានប្រមាណ៩៥ភាគរយហើយ។ អ្វីដែលនៅសេសសល់គឺការសម្រិតសម្រាំងបន្ថែមឱ្យកាន់តែល្អប៉ុណ្ណោះដោយមិនមានបញ្ហា ណាមួយត្រូវព្រួយប្រារម្ភទេ។

រីឯបញ្ហាផ្លូវធ្វើដំណើរមកកាន់ខេត្តកំពត លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈការរួចរាល់ដែរដោយឯកឧត្តមស៊ុន ចាន់ថុលបញ្ជាក់ថានឹងជួយជំរុញពន្លឿនធ្វើយ៉ាងណាឱ្យមានភាពប្រសើរឡើងមុនថ្ងៃបុណ្យសមុទ្រមកដល់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ចាក់ថា ក្រៅពីកម្មវិធីដែលធ្លាប់មានដូចក្នុងឱកាសបុណ្យសមុទ្រនាពេលកន្លងទៅ សម្រាប់ជុំទី២នៅខេត្តកំពតនេះនឹងមានកម្មវិធីប្លែកៗជាច្រើនទៀត ដូចជា វិថីម្ហូបអាហារអមដោយការប្រគុំតន្ត្រីរាំលេងកម្សាន្តជាដើម។ ការបញ្ចូលអ្វីដែលថ្មីគឺក្នុងបំណងជួយជំរុញដល់សកត្តានុពលម្ហូបអាហារខ្មែរ ឬផលិតផលក្នុងស្រុកឱ្យកាន់តែខ្លាំងក្លាឡើង។

ជាមួយនោះក៏មានការរៀបចំអាហារដ្ឋានលើទឹកតាមបណ្តោយដងព្រែក និងការលេងកីឡាប្លែកៗជាសមិទ្ធផលថ្មីនៅមណ្ឌលកម្សាន្ត និងកន្លែងជាច្រើនទៀតដែលនឹងដាក់ផ្សាយតាមស្ព័តរបស់ក្រសួង។ លោកថោង ខុន បានមានប្រសាសន៍ទៀតថាអ្វីដែលពិសេសនោះគឹទូរថភ្លើងលំដាប់អន្តរជាតិដឹកជញ្ជូនអ្នកដំណើរពីខេត្តព្រះសីហនុមកកំពតនឹងបើកបម្រើភ្ញៀវដើម្បីឱ្យប្លែកអារម្មណ៍។ ផ្អែកលើការរីកចម្រើនទូទាំងប្រទេសកើតចេញពីកត្តាសុខសន្តិភាព ក៏ដូចជាការរៀបចំបានល្អរបស់មន្ត្រីជំនាញ និងរដ្ឋបាលខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋផងនោះ លោករំពឹងថាពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះទេសចរនឹងមកកម្សាន្តប្រមាណជិត៥០ម៉ឺននាក់ ខណៈដែលឆ្នាំ២០១៥ មានតែជាង៣៥ម៉ឺននាក់ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ដែរថាការរៀបចំសេវាហូបចុកនៅខេត្តកំពតមិនខ្វះទេ ឯការស្នាក់នៅអាចនឹងមានបញ្ហាព្រោះសេវានេះនៅមានកម្រិត។ ប៉ុន្តែរដ្ឋបាលខេត្តបានចុះជួបជាមួយប្រជាពលរដ្ឋ ដ៏ដូចជាជំរុញដល់មន្ត្រីរាជការដែលមានផ្ទះធំទូលាយគួររៀបចំទុកទទួលភ្ញៀវស្នាក់ ព្រោះបច្ចុប្បន្ន វិស័យទេសចរណ៍គឺជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

នាឱកាសនេះដែរ លោកថោង ខុន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវជិតឆ្ងាយទាំងអស់ សូមអញ្ជើញមកចូលរួមកម្សាន្តសប្បាយក្នុងពិធីបុណ្យសមុទ្រឱ្យបានកុះករ។ ពិសេសត្រូវជួយថែរក្សា និងសម្អាតអនាម័យបរិស្ថាន ដោយចេះវេចខ្ចប់កាកសំណល់រួចទុកដាក់ឱ្យបានត្រឹមត្រូវ។ ចំណែកអ្នកផ្តល់សេវាទេសចរណ៍ត្រូវបង្កើនគុណភាពរបស់ខ្លួន ពោលគឺរក្សាតម្លៃនៅដដែល ឬអាចលើសបន្តិចបន្តួចក្នុងន័យចូលរួមទាំងអស់គ្នាដើម្បីកម្ពុជា ក៏ដូចជាខេត្តកំពតមានភាពថ្លៃថ្នូរ និងរីកចម្រើន៕B/