ព្រះមហាក្សត្រ​ តែងតាំង​សម្តេច​ស៊ីសុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស​ ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ

945
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យ​តែងតាំង សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​បន្ត​ក្នុង​អាណត្តិ​ពីស​ម្តេច​រាជបុត្រី​ព្រះរាម នរោត្តម បុប្ផា​ទេវី​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា​ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន​១​រូប ​គឺ​លោក​អ៊ឹម​ឈុនលឹម​ និង​សមាជិក​ចំនួន​៨​រូប រួមមាន​: លោក​អ៊ឹម សួស្តី​, លោក​កែវ ពុធ​រស្មី , លោក​អ៊ុក ឈន ,​លោក​ហ៊ី សោភា ,​លោកស្រី លី វួ​ច​ឡេង , សម្តេច​នរោត្តម ចក្រពង្ស​,​សម្តេច​នរោត្តម​បុប្ផា​ទេវី​(​សោយ​ទិវ​ង្គ​ត)​និង​លោក​សំ​ ព្រហ្មនា​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមា​ជិ​ល​ទាំងអស់​ចំនួន​៩​រូប​។ ស្ថាប័ន​មានអំណាច​តែងតាំង និង​ជ្រើសតាំង គឺ​ព្រះមហាក្សត្រ​តែងតាំង​៣​រូប​តាម​ព្រះរាជក្រឹត្យ​។​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បោះឆ្នោត​ជ្រើសតាំង ៣​រូប ដែល​បន្ទាប់មក ត្រូវបានតែងតាំងដោយ​ព្រះរាជក្រឹត្យ​។ រដ្ឋសភាបោះឆ្នោត​ជ្រើសតាំង ៣​រូប ដែល​បន្ទាប់មក​ត្រូវបានតែងតាំង​ដោយព្រះរាជក្រឹត្យ​។​

​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​: ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវបាន​ជ្រើសតាំង​ទ្បើង​តាម​ការបោះឆ្នោត ដោយ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​រៀងរាល់​៣​ឆ្នាំ​ម្ដង​ តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​ទាំងមូល​បន្ទាប់​ពី​សមាជិក​ថ្មី​៣​រូប​ចូលកាន់​តំណែង​។​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ចាស់​អាច​ត្រូវបាន​ជ្រើសតាំង​ជាថ្មី​បាន​៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម