B-52​ពីរ​គ្រឿង​ហោះ​លើ​សមុទ្រ​ចិន​ខាងកើត​

452
ចែករម្លែក

​យ៉ាងហោច​ណាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​B-52 Stratofortress ពីរ​គ្រឿង​ដែល​គេ​ជឿ​ថា​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​នៅ​កោះ​ហ្កាំ បាន​ហោះ​លើ​សមុទ្រ​​ចិន​ខាងកើត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ នេះ​បើ​តាម​កាសែត​តៃវ៉ាន់​។​

​យោងតាម​របាយការណ៍ យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​បាន​ហោះ​កាត់​ច្រក​សមុទ្រ​មី​យ៉ាកូ ស្ត្រេ​ត ជា​ផ្លូវទឹក​រវាង​កោះ​មី​យ៉ាកូ និង​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន​មុន​វា​ហោះ​ពី​លើ​ផ្នែក​​នៃ​សមុទ្រ​ចិន​ខាងកើត​នៅ​ជិត​ដែនទឹក​កោះ​តៃវ៉ាន់​និង​តំបន់​ដែល​អះអាង​ដោយ​ចិន​ប៉េកាំង​។​

​កាលពី​ខែ​មីនា យន្តហោះ​B-52H Stratofortress​ពីរ​គ្រឿង​ក៏​បាន​ហោះ​លើ​សមុទ្រ​ចិន​ខាងកើត​សំរាប់​បេសកកម្ម​ហ្វឹកហាត់​មួយ​រវាង​កងទ័ពជើងទឹក​អាម៉េរិក​និង​កង​ស្វ័យ​ការ​​ពារ​ជប៉ុន​។​មួយ​ខែ​ក្រោយ យន្តហោះ​ប្រភេទ​នេះ​២​គ្រឿង​ទៀត​បាន​ហោះ​នៅ​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ខេត្ត​ក្វាង​ចូ​វ ដែល​ជា​ខេត្ត​ភាគ​អាគ្នេយ៍​របស់​ចិន​និង​បាន​ហោះ​​ក្រឡឹង​ប្រជុំ​កោះ​ប្រា​តា​ស ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ មុន​វិល​ទៅ​កាន់​កោះ​ហ្កាំ​។​

​យោងតាម​របាយការណ៍ កងកម្លាំង​អាកាស​អាម៉េរិក បាន​ហើយ​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​B-52​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​ចិន​ខាងកើត​និង​ខាងត្បូង តាម​កាលវិភាគ​ដូរ​​វេន​គ្នា​ចាប់តាំងពី​ខែ​មករា​ឆ្នាំ​២០១៨​មក​។​

​សមុទ្រ​ចិន​ខាងត្បូង មាន​កោះ តំបន់​ថ្ម​និង​ខ្សាច់​ប៉ប្រះ​ទឹក ដែល​ភាគច្រើន​គ្រប់គ្រង​កាន់កាប់​ដោយ​ចិន តែ​ក៏​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ប្រទេសជិតខាង​មួយ​ចំនួន​រួម​ទាំង​​កោះ​តៃវ៉ាន់​។​ក្រៅ​ពី​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់ វា​ក៏​ផ្ទុក​កំណប់​រ៉ែ​មហាសាល ដូចជា​ហ្គាស និង​ប្រេង​៕​ដោយ​៖​វាសនា​

B-52 Stratofortress ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អាម៉េរិក ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​Boeing​និង​ប្រើ​ដោយ​កងទ័ពអាកាស​អាម៉េរិក​ចាប់​តាំងពី​ទសវត្សរ៍​១៩៥០​

ទីតាំងផ្សាយពាណិជ្ជកម្ម