នរណា ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

461
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion សម្រាប់​ថ្ងៃទី​៨ ធ្នូ​នេះ បាន​ឈានដល់​វគ្គ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។​

​នេះ​ជាវ​គ្គ​ដ៏​សំខាន់​មួយ ដែល​ពួកគេ​ទាំង ៤ រូប ត្រូវការ​ឈ្នះ ដើម្បី​ប្រជែង​យក​កៅអី វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​រង្វាន់​អម ចំនួន ៤.០០០ ដុល្លារ ។ នេះ​ជាការ​ប្រកួត ក្នុង​រូបមន្ដ​ចម្លែក​មួយ ដែល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ យក​លេខ​១ ពូ​ល A ជួប​លេខ ២ ពូ​ល A ជាមួយគ្នា និង​យក​លេខ ១ ពូ​ល B ជួប​លេខ​២ ពូ​ល B ហើយ​អ្នកឈ្នះ នឹង​ឡើង​ប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រ ចំពោះ​អ្នកចាញ់ ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ។​

ផេ​ត អ៊ូ​ប៊ុន និង ឈូក ឆៃ​

​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ជួប​ជាមួយ​អ្នក​ប្រដាល់ រួម​ជាតិ​របស់គេ គឺ ឈូក ឆៃ (Chhuok Chhai) ។​

​ផេ​ត អ៊ូ​ប៊ុន គេ​បាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល B គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៥៨​ដង ចាញ់​១៣​ដង ។ កាល​ប្រកួត ក្នុង​ពូ​ល ៤​ប្រកួត​របស់គេ ឈ្នះ​បាន​២​ប្រកួត និង​ចាញ់​២​ប្រកួត ។ ចំពោះ ឈូក ឆៃ វិញ គេ​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពូ​ល B អ្នក​ប្រដាល់​រូបនេះ ៤​ប្រកួត​របស់គេ ក៏​ឈ្នះ​២​ប្រកួត និង​ចាញ​២​ប្រកួត​ដែរ ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនដឹងថា នរណា ឈ្នះ នរណា ចាញ់​នោះទេ ។​

វង្ស វិឆ័យ និង នី សុ​ភី​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​បាន​លេខ​១ ពូ​ល A ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​រួម​ជាតិ នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ដែល​បាន​លេខ​២ ពូ​ល A ដែរនោះ ។​

​វិឆ័យ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៥៤​ដង ចាញ់​៦​ដងនោះ កាល​ប្រកួត​វិលជុំ ក្នុង​ពូ​ល ៤​ប្រកួត​របស់គេ ឈ្នះ​ទាំង​៤​ប្រកួត ។ ចំពោះ នី សុ​ភី ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​១៧២​ដង ឈ្នះ​១៣១​ដង ចាញ់​២៩​ដង និង​ស្មើ​ពិន្ទុ​១២​ដងនោះ កាល​ប្រកួត​វិលជុំ ក្នុង​ពូ​ល ៤​ប្រកួត​របស់គេ ឈ្នះ​បាន ៣​ប្រកួត និង​ចាញ់ ៣​ប្រកួត ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទោះបី​ការ​វ៉ៃ​ចេញ​របស់ សុ​ភី ច្បាស់​ជាង ក៏ពិតមែន តែ វិឆ័យ មួយរយៈ​នេះ ការបរាជ័យ ហាក់​នៅ​ឆ្ងាយ​ពី​ខ្លួនគេ​ណាស់ ។ នរណា ឈ្នះ នរណា ចាញ់ ពិតជា​ពុំ​អាច​ទាយ បាន​មុន​ឡើយ ។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ខ្សែក្រវាត់​នោះ ឡុ​ក ប៊ុន​សំណាង សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ អេ​លី​ត ផានិត ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ នឹម នន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ស៊ូ សុខ ក្លិប​យុវ​វាល​ស្បូវ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សុង ប៊ុន​រ៉ុង ក្លិប​ឃ្លាំងមឿង​កីឡា គឺ​ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម