ចិន​បង្ហាញ​តុលាការ​ឌីជីថល​ជាមួយ​ចៅក្រម AI

1117
ចែករម្លែក

​ចិន​បានដាក់​បង្ហាញ​ប្រព័ន្ធយុត្តិធម៌​ឌីជីថល​ថ្មី​ជាមួយ​ចៅក្រម​បញ្ញា​សិប្បនិម្មិត (AI) តុលាការ​តាម​អ៊ី​ន​ធឺ​ណេ​ត និង សាលក្រម​គឺ​ប្រកាស​តាម​កម្មវិធី​ជជែក​នៅលើ​ទូរស័ព្ទ​។​

​តុលាការ​កំពូល​ប្រជាជន​ចិន​និយាយ​នៅក្នុង​ឯកសារ​គោលនយោបាយ​មួយ​ថា ប្រទេស​ចិន​កំពុង​លើកទឹកចិត្ត​ដល់​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​ដើម្បី​ដោះស្រាយ​រឿងក្តី​នៅក្នុង​ប្រព័ន្ធតុលាការ​ដ៏​ធំ​សម្បើម​របស់ខ្លួន ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​ព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេ​ត​និង​បច្ចេកវិជ្ជា​ផ្សេងទៀត​ដូចជា Blockchain និង Cloud Computing​។​

​យោងតាម​តុលាការ​កំពូល​ប្រជាជន​ចិន កិច្ចប្រឹងប្រែង​ទាំងនោះ​រួមបញ្ចូល​ទាំង “​តុលាការ​តាម​ទូរស័ព្ទ​” ដែល​បាន​ផ្តល់ជូន​នៅលើ​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព WeChat ដែល​បាន​ដោះស្រាយ​រឿងក្តី​ផ្លូវច្បាប់​ឬ​នីតិវិធីតុលាការ​ផ្សេងទៀត​ជាង​បី​លាន​ករណី ចាប់តាំងពី​ការចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមីនា​។​

​ឯកសារ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ខណៈ​អាជ្ញាធរ​យុត្តិធម៌​បានឱ្យ​អ្នកសារព័ត៌មាន​នៅ​សប្តាហ៍​នេះ​មើលឃើញ​នៅ​ខាងក្នុង “​តុលាការ​អ៊ី​ន​ធឺ​ណេ​ត​” ជា​តុលាការ​ដំបូងបង្អស់​របស់​ប្រទេស​នេះ ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៧ នៅ​ទីក្រុង​ហាង​ចូ​វ ភាគ​ខាងកើត​ដើម្បី​ដោះស្រាយ​ជម្លោះ​ផ្លូវច្បាប់ ដែលមាន​លក្ខណៈ​ឌីជីថល​។​

​នៅក្នុង​ការបង្ហាញ​ជាក់ស្តែង អាជ្ញាធរ​បានបង្ហាញ​ពី​របៀប​ដែល​តុលាការ​អ៊ី​ន​ធឺ​ណេ​ត​ហាង​ចូ​វ​ធ្វើ​ប្រតិបត្តិការ ដោយមាន​អេក្រង់​អន​ឡាញ​មួយ​ជាមួយ​ជនជាប់ចោទ​លេចមុខ​តាម​វីដេអូ​ឆាត ខណៈ​ចៅក្រម AI ធ្វើការ​វិនិច្ឆ័យ​នៅលើ​អេក្រង់​មួយទៀត​។​

​រឿងក្តី​ដោះស្រាយ​នៅ​តុលាការ​ហាង​ចូ​វ​រួមមាន​ជម្លោះ​ពាណិជ្ជកម្ម​អន​ឡាញ ករណី​រំលោភ​កម្មសិទ្ធិបញ្ញា និង បណ្តឹង​ទាក់ទង​បំណុល​ផលិតផល​តាម​អន​ឡាញ​៕ ដោយ៖កញ្ញាដាលីស

តុលាការ​អ៊ី​ន​ធឺ​ណេ​ត​ហាង​ចូ​វ