ក្រុម​ជំនាញ​ចុះ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ទំនើប​ខួង​លូ​ក្រោម​ដី​ស្រូបយក​ទឹក​កខ្វក់​មិនឱ្យ​ហូរ​ចូលទៅក្នុង​ទន្លេ​

440
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុម​ជំនាញការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មួយក្រុម​កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ចុះ​សិក្សា​ស្វែងយល់​អំពី​បច្ចេកវិទ្យា​សាងសង់​លូ​ក្នុង​ទីធ្លា​តូចចង្អៀត “Pipe Jacking Technology”​នៃ​គម្រោង​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​លូ​ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​គម្រោង​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នៅមុខ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ (​ផ្លូវ​លេខ​៤៧) ។​

​ក្រុមបច្ចេកទេស​និង​វិស្វករ​ជប៉ុន​បានឱ្យដឹងថា​ការសាងសង់​លូ​ក្នុង​ទីធ្លា​តូចចង្អៀត​ប្រើ​បច្ចេកវិទ្យា​ទំនើប (Pipe Jacking Technology) វា​មាន​សមត្ថភាព​អាច​ស្រូបយក​ទឹក​កខ្វក់ ទឹកភ្លៀង មិនឱ្យ​ហូរ​ចូលទៅ ក្នុង​ទឹកទន្លេ​។​ក្នុងនោះ​អាច​ការពារ​បរិស្ថាន​ស្អាត​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​និង​អាច​ការពារ​ទីក្រុង​ភ្នំពេញ​ពី​ការ​លិច​ទឹក​នៅពេល​មាន​ភ្លៀង​ធ្លា​ក់មក​ខ្លាំង​ផងដែរ​។​

​ជាងនេះទៅទៀត​បច្ចេកវិទ្យា​ម៉ាស៊ីន​ខួង​លូ​ក្រោម​ដី​ដោយ​ស្វ័យប្រវត្តិ​នេះ​វា​មាន​អត្ថប្រយោជន៍​អាច​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​អាចជួយ​លំអ​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​បាន​ផងដែរ​។

​ក្រុម​ជំនាញការ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ជប៉ុន​ជាពិសេស​ទីភ្នាក់ងារ​JICA​និង​ក្រុមហ៊ុន​ToaCorporation​ដែល​បាន​នាំយក​បច្ចេកវិទ្យា​ទំនើប​នេះ​មកជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម