ក្រសួង​នឹង​ពង្រាយ​ឆ្មប​ឱ្យបាន​គ្រប់​មណ្ឌល​សុខភាព​ដើម្បី​កាត់បន្ថយ​អត្រា​មរណ​:​មាតា​និង​ទារក​

472
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួងសុខាភិបាល​នឹងដាក់​ពង្រាយ​គ្រូពេទ្យ​ជា​ឆ្មប​ឱ្យបាន​គ្រប់​មណ្ឌល​សុខភាព​ទូទាំងប្រទេស គឺ​ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​របស់​មាតា និង​ទារក​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធិភាព​។​ខណ​:​បច្ចុប្បន្ន​មាន​ត្រឹម​ឆ្មប​មធ្យម​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​នៅតាម​បណ្តាល​មណ្ឌល​សុខភាព​នីមួយៗ​។​

នេះ​ជាការ​លើកឡើង​របស់លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក្នុង​ឱកាសលោក​ចូលរួម​សម្ពោធ​អគារ​ផ្នែក​សម្ភព និង​សង្គ្រោះបន្ទាន់​ជា​ជំនួយ​របស់​ប្រទេស​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ដោយមាន​ការចូលរួម​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម លោកស្រី​YOONSANGLEE​នាយិកា​ប្រតិបត្តិ​អង្គការ​NANUMINTERNATIONAL​របស់​ប្រទេស​កូរ៉េ​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​កាលពី​ព្រឹក​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ​២០១៩​។​

លោក​ម៉ម​ប៊ុនហេង​បាន​មានប្រសាសន៍ថា​ក្នុងនាម​ក្រសួងសុខាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​កូរ៉េ​តាមរយ​:​អង្គការ​NANUMINTERNATIONAL​ដែល​បាន​ផ្តល់ជំនួយ​នូវ​អគារ​ផ្នែក​សម្ភព​និង​សង្គ្រោះបន្ទាន់​ដ៏​ថ្មីស្រឡាង​ដល់​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹង​ត្រង់នេះ​។​
លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​គឺ​បាន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស​។​ក្នុងនោះ​វិស័យ​សុខាភិបាល​បាន​រីកដុះដាល​តាំងពី​ថ្នាក់កណ្តាល​ដល់ទី​ប្រជុំជន​ធំៗ​រហូតដល់​ជនបទ​ដាច់ស្រយាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​សេវា​មួយ​នេះ​គ្រប់ទិសទី​។​

លោក​បាន​បន្ថែមថា​ដើម្បី​ជំរុញ​ការលើកកម្ពស់​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នោះ​។​ជាពិសេស​ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​របស់​មាតា​និង​ទារក​ឱ្យបាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធិភាព​ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​គោលការណ៍​ពង្រាយ​គ្រូពេទ្យ​ឆ្មប​ឱ្យបាន​គ្រប់​មណ្ឌល​សុខភាព​នៅ​ទូទាំងប្រទេស​។​ដោយ​បច្ចុប្បន្ន​នៅតាម​មណ្ឌល​សុខភាព​យើង​មាន​ឆ្មប​មធ្យម​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម