តារា​តូច ឈូ​ឈូ បញ្ចេញ​បទ​ថ្មី ទទួលបាន​ការគាំទ្រ​ច្រើន​

800
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ក្មេងស្រី ឈូ​ឈូ បាន​បញ្ចេញ​បទ​ថ្មី​ទៀតហើយ ជាមួយ​តារាចម្រៀង លោក សុគន្ធ ដេវីត មាន​ចំណងជើង​ថា “​ពិបាកចិត្ត​” បានតែ​ប៉ុន្មាន​ថ្ងៃ​សោះ​ទទួល​ការគាំទ្រ​ខ្លាំង​គ្រាន់បើ​។​

​កុមារី ឈូ​ឈូ ដែល​ពូកែ​សម្តែង និង​ពូកែ​លេង​តួ​កំសត់​រូបនេះ ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​ថា នាង​ពិតជា​សប្បាយចិត្ត ដែល​បានបង្ហាញ​សំនៀង​ជាថ្មី​ទៀតហើយ​សម្រាប់ ផលិតកម្ម ហ្គូ​ល ច្រៀង​ជា​គូ ជាមួយ​លោក សុគន្ធ ដេវីត ក្នុង​បទ “​ពិបាកចិត្ត​” បង្ហោះ​លើ​បណ្តាញ សង្គម និង Youtube តាំងពី​ថ្ងៃទី​១ ខែ​ធូ ឆ្នាំ​២០១៩​។ មកដល់ពេលនេះ ជិត​មួយ​សប្តាហ៍​សោះ មានការ​គាំទ្រ​ច្រើន​គួរសម និង​មាន​មនុស្ស​ស្តាប់​លើ Youtube ជាង ២២ សែន​នាក់​ហើយ​។

​កុមារី ឈូ​ឈូ បាន​និយាយថា នាង​សូម​អគុណ ដល់​ទស្សនិកជន និង​អ្នកគាំទ្រ​ដែល​ពេញចិត្ត ចំពោះ​បទ​ថ្មី​នេះ​។ បទ​នេះ ជា​បទ​កំសត់​ថ្មី​មួយទៀត សម្រាប់​នាង និង​លោក សុគន្ធ ដេវីត ក្នុង​ផលិតកម្ម​ហ្គូ​ល​។ នាង​ក៏​សូមឱ្យ​ទស្សនិកជន បន្ត​ការគាំទ្រ ចំពោះ​បទ​ថ្មីៗ​ទៀត នាពេល ខាងមុខ ហើយក៏​សូម​អភ័យទោស នូវ​ប្រការ​ណាមួយ ចំពោះ​ការ​ច្រៀង និង​ទាំង​សម្តែង​ផងដែរ​។

​សូមបញ្ជាក់ថា ពេលនេះ កុមារី ឈូ​ឈូ វ័យ​១៤​ឆ្នាំ ឈ្មោះ​ពិត អាង សុជាតា ត្រូវបាន​មហាជន សរសើរ ដែល​ចេះ​ចេញមុខ ជួយ​លក់​សាប៊ូកក់​របស់​ម្តាយ (​សឿង​ផាន់​ផា​ភួង​) ដែល​យកមក​ដុំ បន្ទាប់ពី​នាង ចេះ​សម្តែង​ក្លាយជា​តារា​។​
​ ​
​ទើប​វ័យ​១៤​ឆ្នាំ​ប៉ុណ្ណោះ កុមារី អាង សុជាតា ត្រូវបាន​ម្ចាស់​សំអាងការ​មួយ ហៅ​ថតរូប និង​ដាក់ ផ្សាយ​ប្រចាំ​ហាង ដោយ​គ្រង​ឈុត​ប្រពៃណី ដែល​ធ្វើឱ្យ​នាង​ស្រស់ស្អាត ដូច​ម្តាយ​កាលពី នៅ​ក្មេង ហើយក៏​ធ្វើឱ្យ​មហាជន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក មើល​ស្ទើរ​មិន​ចង់​ស្គាល់​ឡើយ​ស្មានតែ មនុស្ស​ផ្សេង មិនមែន​កុមារី ព្រោះ​ដូច​មនុស្សពេញវ័យ​។ រូបថត​បីសន្លឹក​ប៉ុណ្ណោះ​បានធ្វើឱ្យ ភ្ញាក់ផ្អើល និង​មានការ​សរសើរ​តារា​ក្មេង​រូបនេះ ពេញ​សារព័ត៌មាន និង​បណ្តាញ​សង្គម​ខណៈ កុមារី ឈូ​ឈូ កំពុង​តែមាន​ប្រជាប្រិយ​ខ្លាំង​។

​សូម​រំលឹក​ផងដែរ​ថា កុមារី ឈូ​ឈូ តាំងពី​ដើមឆ្នាំ​២០១៩​នេះ​មក​ទទួលបាន​ការថត​ខ្សែភាពយន្ត ជាច្រើន ជា​ហូរហែរ ទាំង​រឿង​ភាគ និង​រឿង​ដុំ ហើយ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៩​នាង​បាន លេចមុខ​សម្តែង ក្នុង​រឿង​ដុំ​របស់​ផលិតកម្ម Clips Media រឿង “​ក្មេង​ទី​៦” ។ កាលពី​ថ្មីៗ​នេះ នាង​ទើបតែ​ទទួលបាន​ការងារ​ធំ ក្លាយ​តារា​តំណាង​ការផ្សព្វផ្សាយ​ប្រចាំ​ផលិតផល​ថែរក្សា សម្រស់ ជី​ប៊ី ផងដែរ​។​

​កុមារី អាង សុជាតា ជា​ក្មេងស្រី​ស្រឡាញ់​អាណិតម្តាយ ចេញ​ថត ចេញ​សម្តែង​ជួយ​ម្តាយ​តាំង ពី​អាយុ​១២​ឆ្នាំ ហើយ​ជា​កូនសិស្ស​ម្នាក់ រៀន​ពូកែ ក្នុង​សាលា​ប៊ែ​ល​ធី ខណៈ​មិត្ត​ភ័ក្ត្រ​ជាច្រើន ស្រឡាញ់​រាប់អាន​នាង ក្រោម​ហេតុផល គឺ​កុមារី ឈូ​ឈូ ជា​មនុស្ស​ចិត្តល្អ ចេះ​យក​ឧស្សាហ៍​គេ មិន​ប្រកាន់វណ្ណៈ មើលងាយ​គេ​៕ ដោយ​៖ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម