កូរ៉េខាងជើងនិយាយថា ការរំសាយ​នុយគ្លេអ៊ែរ លែង​ស្ថិតនៅលើ​តុ​ចរចា​ទៀតហើយ​

333
ចែករម្លែក

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ បាន​និយាយថា កិច្ចពិភាក្សាស្តីពីការរំសាយ​ចោល​នុយគ្លេអ៊ែ​រ​«​បាន​រសាត់​ចេញពី​តុ​ចរចា​»​រួចជាស្រេច​ទៅហើយ និង​ថាវា​មិនចាំបាច់​ពិភាក្សា​វែងឆ្ងាយ​ជាមួយ​អា​ម៉េ​​រិកទផតទេ នៅពេល​កាលកំណត់​ចុងឆ្នាំ​ដែល​កំណត់​ដោយ​មេដឹកនាំ គីម ជុង​អ៊ុន ដើម្បី​អោយ​អាម៉េរិក​ធ្វើ​សម្បទាន​នោះ​ខិតជិតចូល​មកដល់​។​

​សេចក្តីថ្លែងការណ៍​មួយ​បញ្ចេញ​ដោយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក​គីម សុង បាន​ចោទប្រកាន់​រដ្ឋការ​ត្រាំ​ថា បន្ត​អនុវត្ត​«​គោលនយោបាយ​អរិ​​ភាព​»​ចំពោះ​ប្រទេស​លោក ក្នុង​ការប៉ុនប៉ង​«​មួល​ក​ខ្ទប់​ដង្ហើម​កូរ៉េខាងជើង​»​។​

​លោក​ក៏​បាន​និយាយថា ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ថា​ខ្លួន​ពាក់ព័ន្ធ​នៅក្នុង​ការចរចា​ជាប្រចាំ​និង​ធំដុំ​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ គឺ​ដើម្បី​​របៀបវារៈ​នយោបាយ​ក្នុងស្រុក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​«​ឥឡូវ​យើង​មិន​ត្រូវការ​កិច្ចពិភាក្សា​វែងឆ្ងាយ​ទៀត​ទេ​ជាមួយ​អាម៉េរិក ហើយ​ការរំសាយ​ចោល​នុយគ្លេអ៊ែរ បាន​ចេញ​ផុត​ពី​តុ​ច​រ​​ចា​ហើយ​»​។​

​សេចក្តីថ្លែងការណ៍​របស់​សុង​ជា​ការឆ្លើយតប​ទៅ​នឹង​ការ​ថ្កោលទោស​របស់​ប្រទេស​អឺរ៉ុប​ចំនួន​៦​កាលពី​ថ្ងៃ​ពុធអំពី​ការបាញ់​សាកល្បង​កាំជ្រួច​និង​ទម្រ​បាញ់​រ៉ុក្កែត​របស់​កូរ៉េខាងជើង​​ចាប់តាំងពី​ខែ​ឧសភា​មក​។​

​លោ​ក​ចោទប្រកាន់​ពួក​អឺរ៉ុប​ទាំង​នេះ រួម​មាន​បារាំង អាឡឺម៉ង់ អង់គ្លេស បែ​ល​ហ្សិ​ច ប៉ូឡូញ​និង​អេ​ស្តូ​នី ថា​ដើរតួ​ជា​«​ឆ្កែ​ចិញ្ចឹម​របស់​អាម៉េរិក​នៅ​ប៉ុន្មាន​ខែ​មកនេះ​»​។​លោក​បាន​​ហៅ​សេចក្តីថ្លែងការណ៍​របស់​គេ​ថា​ជា​«​ការបង្ក​រឿង​ធ្ងន់ធ្ងរ​មួយទៀត​»​ប្រឆាំង​«​វិធានការ​ស្របច្បាប់​របស់​កូរ៉េខាងជើង​ក្នុង​ការពង្រឹង​សមត្ថភាព​ការពារជាតិ​។​យើ​ង​ចាត់ទុក​​អាកប្បកិរិយា​របស់គេ​គ្មានអ្វី​ក្រៅពីការ​បញ្ជោលើកជើង​អាម៉េរិក​»​។​

​សេចក្តីថ្លែងការណ៍​របស់​លោក​បាន​កើតឡើង​ក្រោយពី​កូរ៉េខាងជើង​ចេញ​សេចក្តី​ថ្លែង​ការ​ជា​បន្តបន្ទាប់​ដែល​បង្ហាញ​ថា លទ្ធភាព​បន្ត​ការចរចា​អំពី​ការរំសាយ​នុយគ្លេអ៊ែរ​របស់​​កូរ៉េខាងជើង​កាន់តែ​អស់​ទៅ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង បាន​ចេញ​ការព្រមាន​មួយ​ដោយ​គំរាម​បន្ត​ជេរប្រមាថ​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ និង​គិត​ថា​លោក​ជា​​មនុស្ស​«​មនុស្ស​ចាស់​ភ្លីភ្លើ​» បើ​គាត់​នៅតែ​បន្ត​ប្រើ​សម្តី​បង្ករឿង ដូច​ជា​ហៅ​មេដឹកនាំ​កូរ៉េខាងជើង​ថា​ជា​«​បុរស​រ៉ុក្កែត​»​ជាដើម​៕​ដោយ​៖​វាសនា​