អូស្ត្រាលី​ប្រឈម​ការឡើង​កំដៅ​នៅពេល​ភ្លើងព្រៃ​ជាង​១០០​កន្លែង​កំពុង​ឆេះ​

522
ចែករម្លែក

​ភ្លើងព្រៃ​មិន​អាច​គ្រប់គ្រង​បាន​រាប់​សិប​កន្លែង​បាន​បង្ខំ​អោយ​អ្នកស្រុក​នៅ​អូស្ត្រាលី​ខាងកើត ភៀសខ្លួន​ចេញពី​ផ្ទះ​របស់​គេ​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ នៅ​ពេល​ផ្នែក​ផ្សេង​ទៀត​នៃ​​ប្រទេស​នេះ ប្រឈម​រលក​កំដៅ​។​

​ភ្លើងព្រៃ​កើតមាន​ជាធម្មតា​នៅក្នុង​ប្រទេស​នេះ តែ​អ្នកវិទ្យាសាស្ត្រ​និយាយថា រដូវក្តៅ​ឆ្នាំនេះ​ចូលមក​ដល់​លឿន​ហើយ​ទំនង​ជា​បង្ក​កំដៅ​កាន់តែខ្លាំង​ដោយសារ​តែ​ភាពរាំងស្ងួត​​អូសបន្លាយ​ពេល​និង​ស្ថានភាព​អាកាសធាតុ​បង្ក​ឡើង​ពី​ការឡើង​កំដៅ​ផែនដី​។​

​សីតុណ្ហភាព​ក្តៅហែង​បាន​ហ​ក់​លើ​៤០​អង្សា​សេ​នៅ​តំបន់​ជិតៗ​កន្លែង​មាន​ភ្លើងព្រៃ​ឆេះ​នៅ​ជាយក្រុង​ប្រ៊ី​ស​ប៊ែន​នៅក្នុងរ​ដ្ឋ ក្វីន​លែ​ន នៅពេល​អ្នកស្រុក​នៅ​សង្កាត់​ជាយក្រុង​ចំនួន​​បី​ត្រូវ​បាន​ប្រាប់​អោយ​ចាក​ចេញ​ជា​បន្ទាន់​។​

​អាជ្ញាធរ​រដ្ឋ​ក្វីន​លែ​ន បាន​ព្រមាន​ថា «​ស្ថានភាព​ឥឡូវនេះ​គ្រោះថ្នាក់​និង​អ្នក​ពន្លត់ភ្លើង​អាច​លែង​អាច​គ្រប់គ្រង​ឬ​ទប់ស្កាត់​ការ​រាល​នៃ​ភ្លើង​។​ភ្លើង​អាច​បង្ក​ការ​គំរាម​ដល់​ជីវិត​​ទាំងអស់​នៅតាម​ផ្លូវ​របស់​វា​»​។​

​មាន​ភ្លើងព្រៃ​ជាង​១០០​កំពុង​ឆេះ​នៅ​ទូទាំង​ភាគ​ខាងកើត​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍ រួមមាន​«​អគ្គិភ័យ​ធំ​»​មួយ​ដែល​កំពុង​ឆេះ​នៅ​ខាងជើង​ក្រុង​ស៊ីដ​នី​។​

​ក្នុងពេល​ជាមួយគ្នា ទីក្រុង​ស៊ីដនី កំពុង​ស្ថិត​ក្នុង​ផ្សែង​ពុល​អស់​ពេល​រាប់​សប្តាហ៍​មក​ហើយ និង​ពេលខ្លះ​នៅ​លាយ​លំ​ជាមួយនឹង​ផ្កា​ភ្លើង ដូចជា​ព្រិល​ធ្លាក់​។​

​អាជ្ញាធរ​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ ថា​ស្ថានភាព​អគ្គិភ័យ ផ្សែង​អ័ព្ទ រួម​ទាំង​អាកាសធាតុ​អាច​កាន់តែ​អាក្រក់​នៅ​សប្តាហ៍​នេះ​នៅពេល​សីតុណ្ហភាព​នៅ​ផ្នែក​នៃ​រដ្ឋ​ក្វី​លែ​ន​​អាច​ឡើង​ហួស​៤០​អង្សា​សេ​។​

​ការរាំងស្ងួត​ក៏​បណ្តាល​អោយ​អូស្ត្រាលី​ខាងកើត​ស្ងួត​ងាយ​នឹង​ឆេះ និង​អគ្គិភ័យ​កើត​មាន​រៀងរាល់ថ្ងៃ​នៅ​រយៈពេល​៣​ខែ​មកនេះ​។​ផ្ទះ​ជាង​៦០០​ត្រូវបាន​បំផ្លាញ​និង​មនុស្ស​៦​នាក់​បាន​ស្លាប់​ចា​បើ​តាំង​ពី​វិបត្តិ​រាំងស្ងួត​និង​ភ្លើងព្រៃ​បាន​ចាប់ផ្តើម​កាលពី​ខែ​កញ្ញា​៕​ដោយៈ​វាសនា​

តាម​ការប៉ាន់ស្មាន ដីព្រៃ​ប្រមាណ​២​លាន​ហិច​តា​ត្រូវ​ភ្លើង​បំផ្លាញ នៅ​ទូទាំង​តំបន់​មួយ​ដែល​លាតសន្ធឹង​លើដី​រាប់រយ​គីឡូម៉ែត្រ​