នា​រដូវប្រាំង​នេះ​ក្រុង​សិរីសោភ័ណ ក៏​ដូច​ទូទាំង​ខេត្តបន្ទាយមានជ័យ​ថា នឹងមិន​ឲ្យ​ខ្វះ​ទឹក​ផឹក​និង​ទឹក​ប្រើប្រាស់​ឡើយ​

320
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: សង្កាត់​ទាំង​៧​នៃ​ក្រុង​សិរីសោភ័ណ ក៏​ដូច​ឃុំ​សង្កាត់​ទាំង​៦៥ នៃ​ស្រុក​ក្រុង​ទាំង​៩ ទូទាំង​ខេត្តបន្ទាយមានជ័យ​ថា នឹង​បាន​ចាត់វិធានការ​បន្តបន្ទាប់ ហើយ​អះអាងថា នឹងមិន​អោយ​ខ្វះ​ទឹក​ផឹក​និង​ទឹក​ប្រើប្រាស់​ឡើយ ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩-២០២០ នេះ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​៨​ខែធ្នូ​ថា​៖ អាជ្ញាធរ​និង​ជំនាញ​មាន​សមត្ថកិច្ច ក៏​ដូច​អ្នកពាក់ព័ន្ធ​បាន​នឹង​កំពុង​ចាត់វិធានការ​ថែ​ទឹក​ទុក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​បរិភោគ និង​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩ -២០២០​នេះ​។ លោក​បាន​បន្តថា​៖ មកទល់ពេលនេះ បរិមាណ​ធារទឹក​ក្នុង​ពោះ​ស្ទឹង​សិរីសោភ័ណ​ដែលជា​ប្រភពទឹក​សំខាន់ គឺ​នៅ​ពេញ​។ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ទប់ទឹក​ស្ទឹង​នេះ​ជា​របាំង​៣​កន្លែង ទី​១ នៅត្រង់​គម្រោង​ស្ពានថ្ម​ថ្មី​ក្នុង​សង្កាត់​អូរ​អំបិល​។​ទី​២​និង​ទី​៣ -​នៅ​ស្ពានថ្ម​និង​ចំណុច​តា​ទុង​ក្នុង​សង្កាត់​ព្រះ​ពន្លា​។ ជាងនេះទៅទៀត ប្រភពទឹក​ក្នុង​អាង​និង​បឹង​រណប​នៃ​ស្ទឹង​សិរីសោភ័ណ ពិសេស​អាង​កណ្តោល​ដែល​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៦ អាជ្ញាធរ​និង​ជំនាញ​ធនធាន​ទឹកបាន​បូមទឹក​នោះមក​បរិភោគ​និង​ប្រើប្រាស​គ្រាអាសន្ន​នោះ ក៏​នៅ​រក្សាទុក​បានល្អ​។ ពោលគឺ​វិធានការ​នោះ ជាការ​អនុវត្ត​ផងដែរ​នូវ​សារាចរ​ណែនាំ​លេខ​១១ ការចាត់វិធានការ​ថែ​ទឹក​ទុក​របស់​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់ បញ្ជៀ​ស​កុំ​ឲ្យ​ដាន​ដ៏​អាក្រក់​ដែល​ខេត្ត ក៏​ដូច​ក្រុង​នេះ​ជួបប្រទះ​ការខ្វះ​ទឹក​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងប្រទេស​ដូច​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥-១៦​កន្លង​មកទៀត​។​

​ដោយឡែក​សម្រាប់​ទឹក​ស្រោចស្រព​វិញ លោក ហ៊ឹ​ល រ៉ា​យ៉ា ប្រាប់ថា​៖ ដំណាំ​ស្រូវ​រដូវវស្សា​និង​ស្រូវប្រាំង​មួយចំនួន នៅ​ផ្នែក​ខាងត្បូង​សង្កាត់​អូរ​អំបិល និង​សង្កាត់​ទឹកថ្លា អាជ្ញាធរ​និង​ជំនាញ​បាន​អនុញ្ញាតិ​អោយ​កសិករ​បូមទឹក​ផ្នែក​មួយទៀត នៃ​អាង​កណ្តោល​សម្រាប់​សង្គ្រោះ​។​

​លោក ឈួន បុណ្យ កសិករ​និង​ជា​ចាស់ព្រឹទ្ធាចារ្យ​នៅ​សង្កាត់​អូរ​អំបិល ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​៨​ខែធ្នូ​ថា​៖ ចំពោះមុខ​នេះ បងប្អូន​កសិករ​ក្នុងភូមិ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​អនុញ្ញាតិ​ឲ្យ​ពួកគាត់​បង្ហូរ និង​បូមទឹក​ពី​ប្រព័ន្ធធារាសាស្ត្រ​អង​កណ្តោល​ដើ​ម្បិ​ស្រោចស្រព​ស្រូវប្រាំង​លើ​ផ្ទៃដី​ប្រមាណ​២០០​ហិកតា​។ ក្នុងនោះ​មាន​ស្រូវវស្សា​តិចតួច និង​ស្រូវប្រាំង​ដែល​ខ្លះ​ធ្វើបាន​១​ខែ ខ្លះ​១​ខែ​កន្លះ​។ កសិករ​បន្តថា វា​មានទឹក​កន្លែង​ផ្សេង​ដែល​បូម​ស្រោចស្រព​ស្រូវ​នេះ​។ ឯ​ទឹក​បម្រុង​ទុក​សម្រាប់​បរិភោគ​និង​ប្រើប្រាស់​នា​រដូវប្រាំង​នេះ​នៅ​ពេញ មិន​ខ្វះ​ទេ​។ គឺ​ទឹកស្ទឹង​សិរីសោភ័ណ​។​

​សូម​រំលឹកថា ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​១១ របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ស្តីពី​ចាត់វិធានការ​ថែ​ទឹក​ទុក​ឲ​។​រាជរដ្ឋាភិបាល​សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ១-​ការងារ​បង្ក បង្កើន​ផល​ស្រូវប្រាំង​ក្នុង​២០១៩​ដល់​ឆ្នាំ​២០២០ គឺអាច​ធ្វើ​បានតែ​១​ដង មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី​២​បាន​បន្ត​ទៀតឡើយ​។ គួរ​គប្បី​រក្សា​ទឹក​ទុក​ទាំងនេះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​។ ២- ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ធ្វើ​កាត​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​មនុស្ស សត្វ​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​៖ ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ប្រទេស​កម្ពុជា​និង​ខេត្ត​នេះ​នា​ឆ្នាំ​២០១៩ -២០២០ នេះ​ក៏បាន​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​បាតុភូត​អែល​នី​ណូ (El Nino) ដែល​បាន​នឹង​កំពុង​បង្ក​ផល​អវិជ្ជមាន​ដូចជា ធាតុអាកាស​ធាតុ​ក្តៅ​ហួតហែង​ខ្លាំង , រដូវវស្សា​មកដល់​យឺតយ៉ាវ​ឬ​រដូវប្រាំង​វែង ,​របាយ​ទឹកភ្លៀង​មិន​ស្មើ ហើយ​រអាក់រអួល , របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ស្រក​ខ្លាំង​ជាដើម​។​

​ដោយឡែក​សម្រាប់​ខេត្តបន្ទាយមានជ័យ មាន​គ្រោះរាំងស្ងួត​កាលពីដើម និង​កណ្តាល​ឆ្នាំ តែ​ដល់​ចុងឆ្នាំ​មានទឹក​បរិបូរណ៍​វិញ ដែលជា​បច្ច័យ​ល្អ​។ ហើយ​ខេត្ត​ព្យាករណ៍​ថា ខេត្ត​នេះ​នឹងមិន​មាន​ដាន​អាក្រក់​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ​ជាងគេ ក្នុងប្រទេស​ដូច​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥ -២០១៦ កើតឡើង​ទៀត​ទេ​។ ក្នុងនោះ​ប្រភពទឹក​ស្ទឹង​មង្គល​បូរី ស្ទឹង​សិរីសោភ័ណ ស្ទឹង​ក្រឡាញ់ ស្ទឹង​រំ​ដូ​ល ស្ទឹង​ស្វាយចេក អាងទឹក​នានា ពិសេស​អាង​អូរ​ខៃ​ដន​នៅ​ក្រុង​ប៉ោយប៉ែត​ក៏ត្រូវ​បាន​រក្សា​ទឹក​ទុក​។ បន្ថែម​លើ​នោះ ប្រភពទឹក​ផ្សេងទៀត​មាន​បឹង ត្រពាំង ស្រះ អណ្តូង​និង​បណ្តាញ​ទឹកស្អាត​ទីក្រុង​និង​ជនបទ​ក៏ត្រូវ​បាន​រក្សា ហើយ​ធានា​ការ​បម្រុង​ទុក​ដែរ​។​

​សូម​រំលឹកថា កាល​រដូវប្រាំង​ឆ្នាំ​២០១៥ -១៦ នៅ​ខេត្តបន្ទាយមានជ័យ​ជួប​គ្រោះ​ទុ​រ្ភឹ​ក្ស​ធ្ងន់ធ្ងរ​ជាងគេ​។ ពលរដ្ឋ​ជាង​៥​ម៉ឺនគ្រួសា​រ​បាន​ជួប​បញ្ហា​ខ្វះ​។​ប៉ុន្តែ​រាជរដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច និង​សប្បុរសជន​ផ្នែក​ឯកជន​បាន ក៏​ដូច​ដៃគូ​អភិវឌ្ឍន៍​បាន​បើក​យុទ្ធនា​ការដឹក​ទឹក​ចែក​។ ក្នុងនោះ​នៅ​ស្រុក​ស្វាយចេក មង្គល​បូរី អូរជ្រៅ ថ្មពួក ក្រុង​សិរីសោភ័ណ​ខ្វះខាត​ទឹក​ជាងគេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម