ចង់បាន​ឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ពី​ខេត្ត​-​ទីក្រុង​ផ្សេងៗ​របស់​ជប៉ុន​មកកាន់​កម្ពុជា​បន្ថែមទៀត​

431
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​ជប៉ុន​មកកាន់​រាជធានី​ភ្នំពេញ​ ព្រមទាំង​មកកាន់​ខេត្តសៀមរាប​ ​ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដើម្បី​ជំរុញឱ្យមាន​កំណើន​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំងពីរ និង​ភ្ញៀវ​នៃ​ប្រទេស​ទី​៣ បន្ថែមទៀត​។​

​ការជំរុញ​ពី​លោក​រដ្ឋមន្ត្រី យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន (Japan Travel Fair) លើក​ទី​៣ ជាមួយ​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក Eigo Onuma អគ្គនាយក​នៃ​អង្គការ​ទេសចរណ៍​ជប៉ុន ប្រចាំ​ទីក្រុង​បាងកក នៅ​ផ្សារ​ទំនើប AEON សែន​សុខ នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​

​លោក ថោង ​ខុន​បាន​បន្ថែមថា ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​តូ​ក្យូ​-​ភ្នំពេញ​-​ភ្នំពេញ​តូ​ក្យូ​ដោយ​ក្រុមហ៊ុន ANA​បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំកន្លងមក​នេះ ​គឺ​មិន​ត្រឹមតែ​ផ្តល់នូវ​ជម្រើស​ដ៏​ល្អ​និង​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ​ជប៉ុន​និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ថែមទាំង​បាន​ចូលរួម​ពង្រឹង​ទំនាក់ទំនង រវាង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

លោក​បាន​ថ្លែងថា​ ទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា ​តួយ៉ាង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​នៅ​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​៧​ក្នុងចំណោម​ទីផ្សារ​សំខាន់ៗ​ទាំង​១០​របស់​កម្ពុជា​។ ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​ជប៉ុន ជាង​២១​ម៉ឺន​នាក់​ កើនឡើង ៣,៥% ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប​ជាង ៦​លាន​នាក់​។

​នៅ​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០១៩​នេះ​ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាជាង​៤,៨​លាន​នាក់​កើនឡើង​១០ភាគរយ​ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ជិត ១៥​ម៉ឺន​នាក់ ជាមួយនឹង​កំណើន ២,៨ភាគរយធៀប​នឹង​ឆ្នាំ​២០១៨​។ ដោយឡែក​នៅ​ឆ្នាំ​២០១៨​មាន​ទេសចរ​កម្ពុជា​ប្រមាណ​២​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដ៏​ស្រស់ស្អាត​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ ការសម្រេចបាន​នូវ​កំណើន​ប្រចាំឆ្នាំ​ដ៏​ល្អ​នៃ​ការមកដល់​របស់​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ពិសេស​ទេសចរ​ជប៉ុន​គឺ​អាស្រ័យ​ដោយមាន​មូលដ្ឋាន​កំណត់​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចជា​ការអនុវត្ត​ន៍គោលនយោបាយ​បើកចំហ​ជើងមេឃ​។

​ការសម្រួល​ការធ្វើដំណើរ​រវាង​ប្រភព​ទីផ្សារ​សំខាន់ៗ ពិសេស​រវាង​កម្ពុជា​-​ជប៉ុន ដូចជា​ការផ្តល់​ទិ​ដ្ឋ​ការ On Arrival, E-Visa,MultipleVisa​ចូល​ច្រើនដង​សម្រាប់​រយៈពេល​១​ឆ្នាំ​-២​ឆ្នាំ​និង​៣​ឆ្នាំ​(​ចាប់​អនុវត្ត​តាំងពី​២០១៣)​។​ខណៈដែល​នៅ​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី​៦៦​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​។

​ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី​៣​នេះ​គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​និង​ជំរុញ​ទេសចរណ៍​រវាង​កម្ពុជា​និង​ជប៉ុន​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេស​មិត្ត​ទាំងពីរ​ដែលមាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដ៏​យូរលង់​ហើយ​បន្ត​មកទល់​បច្ចុប្បន្ននេះ​លើ​គ្រប់​វិស័យ ក្នុងនាម​ជា​ដៃគូ​ផ្លាស់ប្តូរ​ខាង​ផ្នែក​វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​។​ល​។​

​ទន្ទឹមនឹងនេះ លោក ថោង ខុន​បាន​បញ្ជាក់ថា​ កម្ពុជា​ក៏បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែលមាន​ស្រាប់​តាមរយៈ​ការរៀបចំ​ផែនការមេ​នៅ​តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ ដូចជា​សៀមរាប​-​អង្គរ តំបន់ឆ្នេរ​ខេត្ត​កែប និង​តំបន់​អេកូ​ទេសចរណ៍ ខេត្តមណ្ឌលគិរី រួមជាមួយ​នឹង​ការ​កៀរគរ​ឱ្យមាន​ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​។ពិសេស​គម្រោង​បង្កើតឱ្យមាន​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ដែល​ក្នុងនោះ​មានការ​អភិវឌ្ឍ​ន៍ទេសចរណ៍​ផ្ទះ​ទី​២(SecondHomeTourism)​ទេសចរណ៍​វ័យ​ចំណាស់​ សហគមន៍​ទេសចរណ៍​ ផ្ទះ​ស្នាក់​ទេសចរណ៍​។​ល​។​

​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ តាមរយៈ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី​៣​កម្ពុជា​-​ជប៉ុន ​នឹង​អាច​ផ្សព្វ​ផ្សាយបាន​កាន់តែ​ទូលាយ​អំពី​សក្តានុពល​ទេសចរណ៍​ក៏ដូចជា​វប្បធម៌​ប្រពៃណី​របស់​ជប៉ុន ​ហើយក៏​ជាការ​ចូលរួម​ដល់​ការពង្រឹង​ចំណងមិត្តភាព​។​

កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ពាណិជ្ជកម្ម​និង​ការផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា​-​ជប៉ុន​ពិសេស​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ជា​អាទិភាព​យ៉ាងសំខាន់​នៃ​ប្រភព​ទីផ្សារ​កម្ពុជា​សម្រាប់​វិស័យ​ទេសចរណ៍​ជប៉ុន​ហើយ​ជាពិសេស​ក៏​ជំរុញ​លំហូរ​ទេសចរ​កម្ពុជា​ទៅ​ជប៉ុន​កាន់តែច្រើន​ផងដែរ​។​

​ជាមួយគ្នានេះដែរ​ លោក​ថោង ​ខុន​បាន​ប្រាប់​ទៅ​លោក​MikamiMasahiro​ឱ្យដឹងថា ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ដើម្បី​ជួយ​លក់​សំបុត្រ​ដែល​ប្រទេស​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០២០​ ដែល​អាច​នឹងមាន​រៀបចំ​ជា​ស្តង់​លក់​សំបុត្រ​នៅ NOCC ផងដែរ​៕S/​Ha