អ៊ីស្រាអែល​ព្រមាន​ថា ស៊ី​រីនឹង​ក្លាយជា “​វៀតណាម​” របស់​អ៊ីរ៉ង់​

844
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​តែ​ល​អាល់​វីវ​បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តង​ទៀតថា​របប​ក្រុងតេ​អេរ៉ង់​បានដាក់​ពង្រាយ​កងទ័ព​និង​អាវុធ​របស់ខ្លួន​នៅក្នុង​ប្រទេសជិតខាង​ស៊ី​រី​ក្នុង​គោលបំណង​វាយប្រហារ​អ៊ីស្រាអែល​។ រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​ទទូចថា​ខ្លួន​គ្រាន់តែ​បញ្ជូន​ទីប្រឹក្សាយោធា​ទៅ​ជួយ​ដល់​របប​ក្រុង​ដា​ម៉ាស​ប៉ុណ្ណោះ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល​លោក ណា​ហ្វ​តា​លី បិ​ន​ណេ​ត បាន​ព្រមាន​អ៊ីរ៉ង់​ថា ប្រទេស​ស៊ី​រី​អាច​នឹង​ក្លាយជាទីតាំងសង្គ្រាម​ត្រាំត្រែង​យូរអង្វែង ដែល​អ៊ីរ៉ង់​មិនអាច​ឈ្នះ​បានឡើយ ដោយ​ប្រៀបធៀប​សង្គ្រាម​នេះ​ទៅនឹង​សង្គ្រាម​វៀតណាម​ដែល​អាម៉េរិក​បាន​ចូលរួម​ក្នុងអំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី ២០ និង ទីបំផុត​ត្រូវ​ចាញ់​។​

​លោ​កបិន​ណេ​ត​និយាយថា “​យើង​សូម​ប្រាប់​ទៅ​អ៊ីរ៉ង់​ថា ស៊ី​រីនឹង​ក្លាយជា​វៀតណាម​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​ចាកចេញ​ទេ អ្នកនឹង​ចាក់ឫស ហើយ​អ្នកនឹង​ហូរឈាម ពីព្រោះ​យើង​នឹង​ប្រឹងប្រែង​ដោយ​មិន​ស្ទាក់ស្ទើរ​ដើម្បី​កម្ចាត់​កម្លាំង​ឈ្លានពាន​ចេញពី​ស៊ី​រី​”​។​

​ការព្រមាន​របស់លោក​បិ​ន​ណេ​ត​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីថ្លែងការណ៍​ពី​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក​ខាត់​ស៍ (Katz) ដែល​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អ៊ីតាលី Corriere Della Sera បាន​និយាយថា អ៊ីស្រាអែល​មិនបាន​ទាត់ចោល​ការរៀបចំ​ផែនការ​វាយប្រហារ​លើ​អ៊ីរ៉ង់​នោះឡើយ ប្រសិនបើ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​។​

​លោក​ខាត់​ស៍​និយាយថា “​វា​ជា​ជម្រើស​។ យើង​នឹងមិន​អនុញ្ញាតឱ្យ​អ៊ីរ៉ង់​ផលិត​ឬ​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​ទេ​។ ប្រសិនបើ​ជម្រើស​តែមួយគត់​ដែល​នៅ​សេសសល់​សម្រាប់​យើង​គឺ​ជម្រើស​យោធា យើង​នឹងធ្វើ​សកម្មភាព​យោធា​។ ការ​គំរាម​ដាក់ទណ្ឌកម្ម​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ការរារាំង​តែមួយគត់​ដែល​អាចធ្វើ​បាន​គឺ​គំរាម​ខាង​យោធា​ប្រឆាំងនឹង​របប​អ៊ីរ៉ង់​”​។​

​ពីមុនៗ​មក អ៊ីស្រាអែល​ធ្លាប់​វាយប្រហារ​ប្រទេសជិតខាង​ក្រោម​ការអះអាង​ថា​ទប់ស្កាត់​ពួកគេ​ពី​ការទទួលបាន​អាវុធ​នុយក្លេអ៊ែរ​។ នៅ​ខែមិថុនា​ឆ្នាំ ១៩៨១ ក្នុង​ប្រតិបត្តិការ​អូ​ប៉េ​រ៉ា​យន្តហោះ​អ៊ីស្រាអែល​មួយគ្រឿង​បាន​បំផ្លាញ​រោងចក្រ​រ៉េ​អា​កទ័រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ាក់ ដែល​កំពុង​សាងសង់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​បា​កដាដ​។ របប​ក្រុង​តែ​ល​អាល់​វីវ​បាន​អះអាងថា​ធ្វើបែបនេះ​ដើម្បី​ការពារ​ខ្លួន ដោយ​លើកឡើងថា​រោងចក្រ​រ៉េ​អា​ក់ទ័រ​នេះ​នឹងត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​សា​ដាម ហ៊ូ​សេន​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​៕ ដោយ៖ កញ្ញាដាលីស

អ៊ីស្រាអែល​មានតែ​ជម្រើស​យោធា ប្រសិនបើ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង