​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​សម្រេចបាន​ជាង​៧​ភាគរយ​

472
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ប្រវែង​ប្រមាណ​១៩០,០៣៥ គីឡូម៉ែត្រ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាម៉េរិក​នោះ សាងសង់​សម្រេចបាន​៧,៣០​ភាគរយ ​គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​។​នេះ​បើតាម​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​សូមជម្រាបថា ​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ។​ផ្លូវ​នេះ​ត​ភ្ជាប់​ពី ភូមិ ១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ​។​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​។​

​ផ្លូវ​នេះ​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​MINCONSULTSDN.BHD.​គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាម៉េរិក ​ប្រើ​រយៈពេល​សាងសង់​៤៨​ខែ​។​ផ្លូវ​នេះ​មាន​គន្លង​ចំនួន​៤​គន្លង​ ទទឹង​២៤,៥​ម៉ែត្រ​មាន​ផ្លូវបំបែក​ទិស​៧​កន្លែង​,​កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង​,​ចំណតរថយន្ត​១​កន្លង​,​មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លង ​ស្ពាន​ធំ​និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង​។​

ស្ពាន​តូច​ចំនួន​៥​កន្លែង​ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ​៨,៣​គីឡូម៉ែត្រ​និង​ខេត្ត​ចំនួន​៤​ទៀត​។​ក្នុងនោះ​រួមមាន​ខេត្តកណ្តាល​ប្រវែង​ប្រមាណ​៩,១​គីឡូម៉ែត្រ​,​ខេត្តកំពង់ស្ពឺ​ប្រវែង​ប្រមាណ​៨០,៨​គីឡូម៉ែត្រ​,​ខេត្តកោះកុង​ប្រវែង​ប្រមាណ​១,៩២​គីឡូម៉ែត្រ​,​និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ប្រមាណ​៨៩,៨៩​គីឡូម៉ែត្រ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញ​ក្តី​រំពឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ពីរ​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​ជាពិសេស​ការដឹក​ទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ក៏ដូចជា​ការដឹក​ទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ទៅ​តំបន់​ទៅ​តំបន់​ដទៃទៀត​៕S/Ha

​ចំណងជើង​រូបថត​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​