ធនាគារ​មេ​យ​ប៊ែ​ង សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ថ្មី​មួយទៀត​នៅ​កម្ពុជា​

350
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​មេ​យ​ប៊ែ​ង​បានធ្វើការ​ពង្រីក​នូ​វក​ម្ម​វិធី​ស្ត្រី​និង​តម្បាញ​ក្នុងប្រទេស​កម្ពុជា​តាមរ​យៈ​ការសាងសង់​បន្ថែម​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ដ៏​ថ្មី​មួយទៀត នៅ​ខេត្តសៀមរាប​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​បន្ទាយស្រី ដែលជា​ការផ្តួចផ្តើម​ថ្នាក់​តំបន់​របស់​ធនាគារ​មេ​យ​ប៊ែ​ង​ដើម្បី​ផ្តល់នូវ​ឱកាស​អាជីវកម្ម​និង​ការលើកកម្ពស់​ឯករាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច ជូន​ដល់​ស្ត្រី​តម្បាញ និង​កសិករ​ដាំ​មន​។​

មជ្ឈមណ្ឌល​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី​៣​ក្នុង​ឆ្នាំ​២០២០​។​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​វេទិកា​សម្រាប់​ស្ត្រី​ក្នុង​សហគមន៍​ដើម្បី​ទទួលបាន​ជំនាញ​តម្បាញ​តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ឱកាស​សហគ្រិនភាព​។​ជាពិសេស​វា​នឹង​ផ្តល់នូវ​គុណប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​វ័យក្មេង​ដែលមាន​ជីវភាព​ខ្វះខាត​ហើយ​កំពុងតែ​មានបំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ឬ​ក្រៅប្រទេស ដែល​មិនមាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​។

​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​កាលពី​ទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​ចូលរួម​ជា​គណៈ​ធិបតី​ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ដា​តុ ម៉ូ​ហៃ​យ៉ា​នី សាម​សូ​ឌី​ន (Datuk Mohaiyani Shamsudin) និង​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារ មេ​យ​ប៊ែ​ង ប្រទេស​កម្ពុជា លោក អា​តូ​នី ប្រ៊េ​ន អេ​ឡា​ម (Anthony Brent Elam) និង​មានការ​ចូលរួម​ពី លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ។​

​នៅក្នុង​កម្មវិធី​នេះដែរ ក៏មាន​ការចូលរួម​ពី​លោក ដា​តុ ហា​នី​វ​ស៊ូ​អា​ឌី (Dato’ Mohd Hanif Suadi) នាយក​ប្រតិបត្តិ​នៃ​ធនាគារ មេ​យ​ប៊ែ​ង ប្រចាំ​ប្រទេស​កម្ពុជា លោក​សា​រៀល អា​ស៊ូ​ជី​មីន (Shahril Azuar Jimin)​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង​និង​លោកស្រី​ង​ន​វ៉ាន់​ថា​ស្ថាបនិក​នៃ​អង្គការ​សូត្រ​ពណ៌​កម្ពុជា​។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ធនាគារ​មេ​យ​ប៊ែ​ង​ដា​តុ​ម៉ូ​ហៃ​យ៉ា​នី​សាម​សូ​ឌី​ន​បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តម្បាញ​សូត្រ​ថ្មី​នេះ គឺជា​ការសម្រេចបាន​នូវ​ជោគជ័យ​ថ្មី​មួយទៀត នៃ​កម្មវិធី​ស្ត្រី​និង​តម្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​យើង​ក្នុងការ​លើកកម្ពស់​ឯក​រាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច​និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​តម្បាញ​ក៏ដូចជា​រួមចំណែក​ក្នុងការ​អភិរក្ស​នូវ​កេរ្តិ៍តំណែល​តម្បាញ​របស់​ប្រទេសជាតិ​។

​ដា​តុ​ម៉ូ​ហៃ​យ៉ា​នី​សាម​សូ​ឌី​ន​បាន​លើកឡើងថា​៖“​ពួកយើង​មាន​មោទនភាព​ដែល​បាន​បង្កើត​ឲ្យ​មាននូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ត​ម្បា​ញ​សូត្រ​ទី​២​នៅក្នុង​ខេត្តសៀមរាប​នេះ​បន្ទាប់ពី​ការបានទទួល​ភាពជោគជ័យ​នៃ​មជ្ឈមណ្ឌល​ទី​១​ដែល​ស្ថិតនៅក្នុង​ខេត្តតាកែវ​កាលពី​ឆ្នាំ​២០១៦​កន្លងមក​។​

បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​អស់​រយៈពេល​៤​ឆ្នាំ​មជ្ឈមណ្ឌល​ខេត្តតាកែវ​បាន​បណ្តុះបណ្តាល​ស្ត្រី​តម្បាញ​ប្រមាណ​ជា​១៥១​នាក់​ដែល​បានបញ្ចប់​ការបណ្តុះបណ្តាល​ដោយ​ជោគជ័យ​ហើយ​ពួកគាត់​អាច​ទទួលបាន​ប្រាក់ចំណូល​ជាង​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​នាពេល​បច្ចុប្បន្ននេះ​សិក្ខាកាម​ចំនួន​២៧​នាក់​ទៀត​កំពុងតែ​ទទួល​នូវ​ការបណ្តុះបណ្តាល​ហើយ​កសិក​រ​ចំនួន​៣៦០​គ្រួសារ​ក៏បាន​ទទួល​ការគាំទ្រ​ក្នុង​ការដាំ​ដើម​មន​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ផ្គត់ផ្គង់​ការផលិត​នូវ​សូត្រ​ឆៅ​សម្រាប់​ផ្គត់ផ្គង់​មជ្ឈមណ្ឌល​តម្បាញ ខេត្តតាកែវ​។

​លោក​ដា​តុ បាន​បន្ត​ឱ្យដឹងថា​៖“​នៅ​កម្រិត​ថ្នាក់​តំបន់ កម្មវិធី​ស្ត្រី និង​តម្បាញ របស់​ធនាគារ មេ​យ​ប៊ែ​ង កំពុងតែបន្ត​ផ្លាស់ប្តូរ​កម្រិតជីវភាព​របស់​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​ឡាវ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​។​កម្មវិធី​នេះ​គឺធ្វើឡើង​ដើម្បី​បំពេញ​នូវ​គោលបំណង​និង​សេចក្តីត្រូវការ​នៅតាម​ប្រទេស​នីមួយៗ ដែល​រួមមាន​៖​ការបណ្តុះបណ្តាល​ដល់​ស្ត្រី​តម្បាញ​ការជួយ​គាំ​កសិកម្ម​ដើម​មន​និង​ផ្តល់នូវ​ឥណទាន​ខ្នាតតូច​ដើម្បី​ជួយ​ដល់​សហគមន៍​។​មកដល់​សព្វថ្ងៃនេះ​កម្មវិធី​នេះ​បាន​ផ្តល់នូវ​លទ្ធផល​វិជ្ជមាន​ដល់​ប្រជាជន​ជាង​២.៥០០​នាក់​ដែល​អាច​បញ្ជាក់​ឃើញ​ឲ្យ​កាន់តែច្បាស់​នូវ​ការសម្រេច​នូវ​បេសកកម្ម​របស់​ពួកយើង “​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព នៅក្នុង​តំបន់​អាស៊ាន​”​។​

​នៅក្នុង​ឱកាស​នេះដែរ​លោក​សា​រៀល​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង​បាន​មានប្រសាសន៍ថា​ការបង្កើត​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ត​ម្បា​ញ​សូត្រ​ថ្មី​នៅក្នុង​ខេត្តសៀមរាប​នេះ​គឺ​រំពឹងថា​នឹង​គ្រោង​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០២០​។ “​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​វេទិកា សម្រាប់​ស្ត្រី ក្នុង​សហគមន៍​ដើម្បី​ទទួលបាន​ជំនាញ​តម្បាញ តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឱកាស​សហគ្រិនភាព​។​

​ជាពិសេស​វា​នឹង​ផ្តល់នូវ​គុណប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​វ័យក្មេង​ដែលមាន​ជីវភាព​ខ្វះខាត ហើយ​កំពុងតែ​មានបំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ឬ​ក្រៅប្រទេស​ដែល​មិនមាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​។​វគ្គ​នេះ​នឹង​ទទួល​សិក្ខាកាម​ចំនួន​២៥​នាក់​ក្នុង​មួយ​វគ្គ​ដោយ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​៥​ខែ​ដែល​បង្រៀន​ដោយ​សិប្បករ​ជំនាញ​។​បន្ទាប់​ព​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ស្ត្រី​តម្បាញ​របស់​យើង នឹង​ទទួលបាន​កី​តម្បាញ​ត្រលប់​ទៅផ្ទះ ដើម្បី​បន្ត​ត្បាញ​”​។​

​សូមជម្រាបថា​៖​កម្មវិធី ស្ត្រី និង​តម្បាញ របស់​ធនាគារ​មេ​យ​ប៊ែ​ង​គឺជា​កម្មវិធី​ស្នូល​របស់​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​ការកែច្នៃ​និង​ការលើកតម្កើង​ការ​តម្បាញ​វាយនភ័ណ្ឌ​ប្រកបដោយ​និរន្ត​ភាព​ដល់​សហគមន៍​ក៏ដូចជា​ជួយ​ដល់​ស្ត្រី​ដែលមាន​ជីវភាព​ក្រីក្រ​ឲ្យ​ទទួលបាន​នូវ​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​។​កម្មវិធី​នេះ​មាន​គោលដៅ​ផ្តោតទៅលើ​ស្ត្រី​តម្បាញ​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​សហគមន៍​ងាយ​រងគ្រោះ​។​

​កម្មវិធី​នេះ​ទទួលបាន​ការគាំទ្រ​ដោយ​លេខាធិការដ្ឋាន​អាស៊ាន​ដោយ​កម្មវិធី​នេះ​មាន​បេសកកម្ម​រួម​ក្នុងការ​អភិរក្ស​នូវ​កេរ្តិ៍ដំណែល​វប្បធម៌​ក្នុង​តំបន់​បង្កើត​នូវ​កា​រលើ​កម្ពស់​សេដ្ឋកិច្ច​ដល់​ស្ត្រី​ជា​អាទិភាព​និង​រួមចំណែក​ឆ្ពោះទៅកាន់​ការកសាង​នូវ​អត្តសញ្ញាណ​របស់​អាស៊ាន​។​បច្ចុប្បន្ននេះ​កម្មវិធី​នេះ​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន​៤​ដូចជា​កម្ពុជា​ឥណ្ឌូនេស៊ី ឡាវ និង​ម៉ាឡេស៊ី​។​

​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង​គឺជា​សេនាធិការ​ផ្នែក​ទំនួល​ខុសត្រូវ​នៃ​សម្ព័ន្ធ​ធនាគារ​មេ​យ​ប៊ែ​ង​ដែល​តែងតែ​ផ្តល់ជូន​នូវ​គុណ​តម្លៃ​វិជ្ជមាន​ជូន​ដល់​សហគមន៍​នៃ​ក្នុង​ទីផ្សា​ដែល​ធនាគារ​មេ​យ​ប៊ែ​ង​កំពុងមាន​ប្រតិបត្តិការ​។​កម្មវិធី​នៃ​មូលនិធិ​នេះ​ត្រូវបាន​ផ្តោតទៅលើ​សសរស្តម្ភ​ទាំង​៦​នោះ​គឺ​ការអប់រំ​ការផ្តល់​ភាព​អង់អាច​ដល់​សហគមន៍ ការរស់នៅ​ប្រកបដោយ​សុខមាលភាព សិល្បៈ និង វប្បធម៌​និង​បរិស្ថាន​ចម្រុះ​៕S/

​ចំណងជើង​រូបថត​៖​ធនាគារ​មេ​យ​ប៊ែ​ង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ថ្មី​មួយទៀត​នៅ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម